(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសេចក្តីសម្រេច ស្តីពីការបង្កើតអនុគណៈកម្មាធិការទទួលបន្ទុកបរិវត្តកម្មឌីជីថល ក្នុងប្រព័ន្ធគាំពារសង្គម សរសេរអក្សរកាត់ (អ.ប.ប) ជាសេនាធិការរបស់គណៈកម្មាធិការប្រតិបត្តិ នៃក្រុមប្រឹក្សាជាតិគាំពារសង្គម។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ។

អនុគណៈកម្មាធិការទទួលបន្ទុកបរិវត្តកម្មឌីជីថល ក្នុងប្រព័ន្ធគាំពារសង្គមនេះ មានលោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រេសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធាន និងមានអនុប្រធាន ព្រមទាំងសមាជិកចំនួន១៦រូប។

អ.ប.ប. មានតួនាទី និងភារកិច្ចដូចខាងក្រោម៖

* រៀបចំ ពិនិត្យ និងអនុវត្តគោលនយោបាយ គម្រោង ផែនការសកម្មភាព និងបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងគាំពារសង្គមឌីជីថល ស្របតាមផែនការយុទ្ធសាស្ត្របរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម
* ដឹកនាំ សហការ និងសម្របសម្រួលការធ្វើសុខដុមនីយកម្ម និងបរិវត្តកម្មឌីជីថល ដែលមានការចូលរួមពីក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ
* រៀបចំ អភិវឌ្ឍ និងអនុវត្តប្រព័ន្ធបើកផ្តល់អត្ថប្រយោជន៍ពីរាជរដ្ឋាភិបាលទៅប្រជាជន ស្របតាម និម្មាបនកម្មរួម និងមានការចូលរួមពីក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ
* ដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍថ្នាលគាំពារសង្គមឌីជីថល និងមូលដ្ឋានទិន្នន័យចុះបញ្ជីគាំពារសង្គម គាំទ្រដល់ការអនុវត្តកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម
* រៀបចំ អនុវត្ត និងវាយតម្លៃបទដ្ឋាន និងស្តង់ដាបច្ចេកទេសរួម សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃការកំណត់អត្តសញ្ញាណ ការបើកផ្តល់អត្ថប្រយោជន៍ និងផ្តល់សេវាគាំពារសង្គម
* ដឹកនាំ សហការ និងសម្របសម្រួលជាមួយក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធរៀបចំ និងដាក់ឱ្យដំណើរការមូលដ្ឋានទិន្នន័យចុះបញ្ជីគាំពារសង្គម និងថ្នាលគាំពារសង្គមឌីជីថល
* រៀបចំ និងលើកកម្ពស់ការយល់ដឹង និងការកសាងសមត្ថភាពដល់ស្ថាប័ន និងភាគីពាក់ព័ន្ធ ដើម្បីអនុវត្តផែនការយុទ្ធសាស្ត្របរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម
* រៀបចំ អភិវឌ្ឍ និងអនុវត្តយន្តការដោះស្រាយវិវាទ និងបណ្តឹងនៃសេវាគាំពារសង្គមឌីជីថល
* រៀបចំរបាយការណ៍វឌ្ឍនភាពការអនុវត្តជូនគណៈកម្មាធិការប្រតិបត្តិ និងក្រុមប្រឹក្សាជាតិគាំពារសង្គម និងរាជរដ្ឋាភិបាល
* អនុវត្តភារកិច្ចផ្សេងទៀត តាមការចាត់តាំងរបស់ក្រុមប្រឹក្សាជាតិគាំពារសង្គម និងគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារស

អ.ប.ប. អាចអញ្ជើញតំណាងក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធនាគារជាតិនៃកម្ពុជា និងក្រសួង ស្ថាប័នពាក់ព័ន្ធផ្សេងទៀត សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដៃគូអភិវឌ្ឍន៍ តំណាងវិស័យឯកជន និងសង្គមស៊ីវិលពាក់ព័ន្ធ ចូលរួមប្រជុំដើម្បីជំរុញការអនុវត្តបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គមតាមការចាំបាច់៕

ខាងក្រោមនេះជាសេចក្តីសម្រេចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖