(កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំណាងនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្តាន់ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវ៣ខែ្ស មានប្រវែង៥១គីឡូម៉ែត្រ ដែលជាអំណោយដ៏ថ្លៃថ្លាសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ ពិធីនេះប្រព្រឹត្តទៅនៅតំបន់អូរឫស្សីជាប់ព្រំប្រទល់ឃុំសណ្តាន់ និងឃុំដងកាំបិត។

នាឱកាសនោះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមនាមការងាររបស់រាជរដ្ឋាភិបាលថ្នាក់ខេត្ត ចុះមូលដ្ឋានស្រុកសណ្តាន់ សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តាមរយៈឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្តាន់ ដែលជួយស្ថាបនាផ្លូវចំនួនបីខ្សែប្រវែងជាង៥១គីឡូម៉ែត្រ នៅពេលនេះដើម្បីបង្ក លក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋធ្វើដំណើរបានស្រួលក្នុងមូលដ្ឋានឃុំ ព្រមទាំងពីឃុំមួយ ទៅឃុំមួយ និងពីឃុំទៅកាន់ទីរួមស្រុក និងពីស្រុកទៅកាន់ទីប្រជុំជនខេត្តមានភាពងាយស្រួល ។

ឧត្តមសេនីយ៍ទោ បានថ្លែងអំណរគុណប្រជាពលរដ្ឋដែលបានសហការល្អក្នុងការបង្កលក្ខណៈងាយស្រួលជួយដោះស្រាយរាល់ផលប៉ះពាល់នៃការពង្រីកផ្លូវថ្ឱ្យមានភាពធំទូលាយ និងបានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ដែលប្រើប្រាស់ផ្លូវនេះ សូមមេត្តាជួយថែរក្សាកុំឱ្យខូចខាតដោយមិនត្រូវដឹកជញ្ជូនលើសទម្ងន់កំណត់ ដើម្បីឱ្យផ្លូវនេះប្រើប្រាស់បានយូរអង្វែងសម្រាប់កូនចៅយើងជំនាន់ក្រោយៗទៀតពិសេសផ្លូវនេះឆ្លងកាត់ឃុំចំនួនបី គឺឃុំក្លែង ឃុំសណ្តាន់ និងឃុំដងកាំបិត ស្រុកសណ្តាន់។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាគ្រឿងចក្រជានិមិត្តរូប ដើម្បីចាប់ផ្ដើមដំណើរការស្ថាបនាផ្លូវនេះសម្រាប់ទុកជូនដល់ប្រជាជនក្នុងការធ្វើដំណើរឆ្លងកាត់ប្រកបដោយភាពងាយស្រួល សុវត្ថិភាព និងបានសំណូមពរដល់ប្រជាជន ទាំងអស់ពេលបានផ្លូវល្អ កុំធ្វើដំណើរហួសល្បឿនកំណត់ ដែលនាំឱ្យមានគ្រោះថ្នាក់ចរាចរ ខូចខាតមធ្យោបាយធ្វើដំណើរ និងរងរបួសពិការ ឬស្លាប់ដោយសារការធ្វេសប្រហែស៕