(ត្បូងឃ្មុំ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញប្រារព្ធខួប១០០ឆ្នាំចម្ការកៅស៊ូចាស់ជាងគេនៅកម្ពុជា និងសម្ពោធ «ឧទ្យានបេតិកភណ្ឌកៅស៊ូ តេជោ- ធិបតី» ដើម្បីបន្តថែរក្សាមរតកចម្ការកៅស៊ូចាស់ជាងគេរបស់កម្ពជា ឱ្យនៅស្ថិតស្ថេរគង់វង្សជាសម្បត្តិបេតិកភណ្ឌបន្តពីមួយជំនាន់ទៅមួយជំនាន់។
លោក ឌិត ទីណា បានថ្លែងថា ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ប្រារព្ធឡើងក្នុងគោលបំណងបន្តថែរក្សាមរតកចម្ការកៅស៊ូចាស់ជាងគេចុងក្រោយរបស់កម្ពុជា ដែលមានចំនួនដើម៤៤៨ដើម ជាចំនួនច្រើនជាងគេបង្អស់នៅក្នុងពិភពលោក ឱ្យនៅស្ថិតស្ថេរគង់វង្សជាសម្បត្តិបេតិកភណ្ឌបន្តពីមួយជំនាន់ទៅមួយជំនាន់ ហើយដែលត្រូវបាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រសិទ្ធនាមឱ្យថា «ឧទ្យានបេតិកភណ្ឌកៅស៊ូតេជោ-ធិបតី»។ លោកសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចធិបតី ដែលបានប្រសិទ្ធនាមនេះ។
សូមបញ្ចាក់ថា កម្ពុជាមានប្រវត្តិដាំកៅស៊ូ កាលឆ្នាំ១៩១០ ពោលគឺ ១១៤ឆ្នាំមុន មានជនជាតិបារាំងម្នាក់ គឺលោក Bouillard បាននាំយកដំណាំ កៅស៊ូមកដាំជាលើកដំបូង ក្នុងប្រទេសកម្ពុជា លើផ្ទៃដីទំហំ១៥០ហិកតា នៅតំបន់វាលរេញ ស្រុកព្រៃនប់ ខេត្តកំពត (បច្ចុប្បន្នខេត្តព្រះសីហនុ)។ ប៉ុន្តែ ចម្ការកៅស៊ូទាំងនេះត្រូវបានបោះបង់ចោលទៅវិញ ដោយសារកត្តាអាកាសធាតុ (ខ្យល់និងភ្លៀងខ្លាំង) និងលក្ខណៈដីមិនអំណោយផល៕