(ពោធិ៍សាត់)៖ លោក បណ្ឌិត កែន សម្បត្តិ អគ្គនាយករង នៃអគ្គនាយដ្ឋានពន្ធដារ តំណាងលោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក គិត សុផា អភិបាលរងខេត្ត តំណាងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រកាសផ្ទេរកិច្ច និងតែងតាំងប្រធានសាខាពន្ធដារថ្មី ខេត្តពោធិ៍សាត់ ព្រមទាំងថ្នាក់ដឹកនាំ ចំនួន០៤រូបទៀត។

ពិធីនេះត្រូវបានធ្វើឡើងសាលប្រជុំ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ដោយបានការចូលរួមពី តំណាងអយ្យការអមសាលាដំបូងខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ ថ្នាក់ដឹកនាំមន្ទីរអង្គភាព រដ្ឋបាលក្រុងស្រុក និងមន្ត្រីសាខាពន្ធដារ ខេត្តពោធិ៍សាត់ជាច្រើនទៀត។

យោងប្រកាសលេខ ៨០៤ សហវ.ប្រក.អពដ ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ ស្តីពីការកែសម្រួលភារកិច្ច និងតែងតាំងមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបានផ្ទេរភារកិច្ច លោក ម៉ា សំអាត ឱ្យទទួលភារកិច្ចថ្មី នៅអគ្គនាយកដ្ឋានពន្ធដារ និងតែងតាំងមន្ត្រីរាជការ នៃសាខាពន្ធដារ ខេត្តពោធិ៍សាត់ ចំនួន០៥រូប៖

*ទី១៖ លោក ផាន ភក្តី ជាប្រធានសាខាថ្មី
*ទី២៖ លោក ម៉ម ប៊ុនផាត ជាអនុប្រធានសាខា
*ទី៣៖ លោកស្រី ម៉ើ សុធារិទ្ធ ជាប្រធានការិយាល័យសេវាអ្នកជាប់ពន្ធ
*ទី៤៖ លោក ឈឺន ចន្ទ្រា ជាអនុប្រធានការិយាល័យសេវាអ្នកជាប់ពន្ធ
*ទី៥៖ លោកស្រី កែ ម៉ាឡៃ ជាអនុប្រធានការិយាល័យសេវាអ្នកជាប់ពន្ធ។

លោក ផាន ភក្តី ដែលត្រូវតែងតាំង ជាប្រធានសាខាពន្ធដារថ្មី ខេត្តពោធិ៍សាត់ រួមទាំងថ្នាក់ដឹកនាំ ចំនួន០៤រូបផ្សេងទៀត បានធ្វើការប្តេជ្ញាចិត្ត៖ ខិតខំយកចិត្តទុកដាក់ អនុវត្តរាល់អនុសាសន៍ណែនាំ ឱ្យអស់ពីកម្លាំងកាយចិត្ត និងទទួលខុសត្រូវខ្ពស់ ដើម្បីចូលរួម ប្រមូលចំណូលពន្ធ ឆ្នាំ២០២៥ និងបណ្តាឆ្នាំខាងមុខ ឱ្យសម្រេចបានគ្រប់ និងលើសផែនការ ដែលថ្នាក់លើបានកំណត់។ គោរព និងអនុវត្តតាមអភិក្រមការងារ របស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានពន្ធដា។ ខិតខំបន្តបង្កើនសមត្ថភាពជំនាញវិជ្ជាជីវៈនិងសហការសាមគ្គីផ្ទៃក្នុងឱ្យបានល្អប្រសើរ។

មានប្រសាសន៍ នាឱកាសនោះ លោក គិត សុផា អភិបាលរងខេត្តពោធិ៍សាត់ និងលោក បណ្ឌិត កែន សម្បត្តិ អគ្គនាយករង នៃអគ្គនាយដ្ឋានពន្ធដារ បានថ្លែងអបអរសាទរ ចំពោះលោក ផាន ភក្តី ដែលត្រូវតែងតាំង ជាប្រធានសាខាពន្ធដារថ្មី ខេត្តពោធិ៍សាត់ រួមនឹងថ្នាក់នាំ ចំនួន០៤រូបផ្សេងទៀត។ ថ្នាក់ដឹកនាំទាំង២ បានធ្វើការវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផល និងស្មាដៃ ដែលលោក ម៉ា សំអាត អតីតប្រធានសាខាពន្ធដារ ខេត្តពោធិ៍សាត់ បានបន្យល់ទុករយៈពេលកន្លងមក ទទួលបានលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ។

លោក គិត សុផា និងលោក បណ្ឌិត កែន សម្បត្តិ បានបន្តថា សមិទ្ធផលទាំងអស់នេះ គឺកើតចេញពីកិច្ចសហប្រតិបត្តិការ និងការគាំទ្រ ពីគណៈអភិបាលខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ក្នុងការកៀគរប្រភពចំណូល ដែលជាធាតុចូល របស់អង្គភាពពន្ធដារខេត្តពោធិ៍សាត់ ធ្វើឱ្យចំណូលមានកំណើនកើនឡើង ជាបន្តបន្ទាប់ ទាំងថវិកាថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ជាការពិតរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ បានខិតខំកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា នៅទូទាំងប្រទេស ដែរនេះអាចធ្វើទៅបាន អាស្រ័យដោយប្រជាពលរដ្ឋចូលរួមបំពេញកាតព្វកិច្ចបង់ពន្ធជូនរដ្ឋ បានគ្រប់គ្នា និងគ្រប់ពេលវេលា។

លោក បណ្ឌិត កែន សម្បត្តិ បានបន្ថែមថា ការប្រមូលពន្ធ របស់អគ្គនាយកដ្ឋានពន្ធដារ ចាប់ពីឆ្នាំ២០១២ រហូតមកដល់បច្ចុប្បន្ន មានការកើនឡើងជារៀងរាល់ឆ្នាំ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ការឆ្នៃប្រឌិត ដែលយើងទទួលបានលើសផែនការ ធ្វើឱ្យរាជរដ្ឋាភិបាលមានប្រាក់សន្សំ ក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ នាពេលបច្ចុប្បន្ន។

លោក បណ្ឌិត បានបញ្ជាក់ថា សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់ បង្កើតកម្មវិធីលើកទឹកចិត្ត ដល់អ្នកវិនិយោគក្នុងស្រុក និងក្រៅស្រុក ដើម្បីបង្កើនការងារជូនប្រជាពលរដ្ឋ នៅទូទាំងប្រទេសឱ្យមានប្រាក់ចំណូល កាន់តែល្អប្រសើឡើងបន្ថែមទៀត។ ដោយឡែកចំពោះអគ្គនាយកដ្ឋានពន្ធដារ បានធ្វើការកែទម្រង់ស៊ីជម្រៅ ស្របតាមគោលនយោបាយបញ្ចកោណ ដំណាក់កាលទី១ នៃរដ្ឋសភា ធ្វើឱ្យការចុះបញ្ជីនៅពន្ធដារ កាន់តែមានភាពងាយស្រួល ទាំងការដាក់លិខិតប្រកាសពន្ធ និងការបំរើសេវាសាធារណៈ ដោយទទួលបានការគាំទ្រច្រើនពីប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ លោក បណ្ឌិត កែន សម្បត្តិ បានធ្វើការណែនាំ ដល់លោកប្រធានសាខាពន្ធដារថ្មី ខេត្តពោធិ៍សាត់ រួមទាំងថ្នាក់ដឹកនាំ ចំនួន០៤រូបផ្សេងទៀត ត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ ជាមួយមន្ត្រីរាជការ និងបុគ្គលិកក្រោមឱវាទ ព្រមទាំងមានទំនាក់ទំនងល្អ ជាមួយអាជ្ញាធរខេត្ត ក្រុង ស្រុក មន្ទីរអង្គភាព អាជីវករ ពាណិជ្ជករ និងអ្នកវិនិយោគិនក្នុងខេត្ត និងក្រៅខេត្ត ក្នុងការកៀគរប្រភពចំណូលពន្ធ ឱ្យបានលើសផែនការកំណត់៕