(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ គោលដៅទី៥ នៅបរិវេណវត្តសិលាចារ្យ​បន្ទាយស្រី ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្រោមវត្តមានរបស់លោក តោ គឹមស៊ាន ប្រធានក្រុមប្រឹក្សាខេត្តស្តីទី និងលោក សុខ ថុល អភិបាលរងខេត្ត ព្រមទាំងសមាជិក សមាជិកា ប្រមាណជា ៤០០នាក់ចូលរួមផងដែរ។

ក្នុងឱកាសនោះលោក តោ គឹមស៊ាន បានលើកឡើងថា ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ មានបាវចនាចំនួន៥ និងមានអាទិភាពគន្លឹះចំនួន៥ មាន(មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា) របស់រាជរដ្ឋាភិបាលកម្ពុជា បានឆ្លុះបញ្ចាំងជាចម្បង តាមរយៈបញ្ចកោណយុទ្ធសាស្ត្រនៅក្នុងរចនាសម្ព័ន្ធនៃយុទ្ធសាស្ត្រទាំងមូល ក្នុងការបន្តអនុវត្តនូវកម្មវិធីកែទម្រង់សំខាន់ៗ លើគ្រប់វិស័យ ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ ឆ្លើយតបទៅនឹងសំណូមពរ និងសេចក្តីតម្រូវការរបស់ប្រជាពលរដ្ឋ។

លោកបន្តថា អង្គវេទិកានេះគឺផ្តល់ឱកាសដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ដែលមកចូលរួមនៅទីនេះ ស្វែងយល់ពីស្ថានភាពទូទៅនៃការអភិវឌ្ឍខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងបញ្ហាប្រឈមនានា ព្រមទាំងបើកឱកាសដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ក្នុងការបញ្ចេញមតិរបស់ខ្លួន ដែលពាក់ព័ន្ធនឹងក្តីកង្វល់ សំណូមពរ តម្រូវការជាក់ស្តែងក្នុងមូលដ្ឋាន។

លោក តោ គឹមស៊ាន បានបន្តថា ការអភិវឌ្ឍប្រទេសជាតិ និងការអភិវឌ្ឍមូលដ្ឋាន មានលទ្ធផលវិជ្ជមាន ទៅបានដរាបណាមានការចូលរួមជាធនធានថវិកា ការថែទាំ និងមតិយោបល់ពីប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល វិស័យឯកជន អ្នកពាក់ព័ន្ឋផ្សេងៗទៀត និងត្រូវដឹងឲ្យបានច្បាស់អំពីតម្រូវការរបស់ពួកគាត់ ទើបយើងអាចធ្វើការអភិវឌ្ឍបានចំទិសដៅ និងស្របតាមតម្រូវការរបស់ពួកគាត់។

លោកបន្ថែមថា ត្រូវស្វែងយល់ពីតម្រូវការដែលទទួលបានលទ្ធផលល្អប្រសើរ លុះត្រាតែអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ចុះទៅផ្ទាល់ជាមួយប្រជាពលរដ្ឋ ដើម្បីរកដំណោះស្រាយឲ្យបានសមស្របទាន់ពេលវេលា និងត្រូវរាយការណ៍ពីបញ្ហាប្រឈមនានា ដែលមិនអាចដោះស្រាយបានក្នុងដែនសមត្ថកិច្ចរបស់ខ្លួនជូនថ្នាក់លើ ដើម្បីជួយដោះស្រាយបញ្ហាជូនដល់ពួកគាត់ ហើយប្រជាពលរដ្ឋក៏មានតួនាទីសំខាន់ផងដែរ ក្នុងការចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន តាមរយៈការរាយការណ៍ពីបញ្ហាប្រឈមនានា ដែលបានជួបប្រទះ និងមិនអាចដោះស្រាយបានក្នុងមូលដ្ឋានរបស់ខ្លួន។

លោក សុខ ថុល បានថ្លែងនូវការកោតសរសើរចំពោះប្រជាពលរដ្ឋក្នុងស្រុកបន្ទាយស្រី ដែលបានលើកឡើងនូវសំណើ និងសំណូមពរយ៉ាងផុសផុលដែលនេះសបញ្ជាក់ឲ្យឃើញថា ប្រជាពលរដ្ឋមានជំនឿទុកចិត្ត ជាមួយរដ្ឋបាលគ្រប់ជាន់ថ្នាក់ ក្នុងការដោះស្រាយនូវបញ្ហាប្រឈម និងសំណូមពររបស់ពួកគាត់។

លោក សុខ ថុល ក៏បានសង្កត់ធ្ងន់ដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យតាមដាន និងដោះស្រាយរាល់សំណើ និងសំណូមពររបស់ប្រជាពលរដ្ឋ ដែលជាបញ្ហាប្រឈមចាំបាច់ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ និងជម្រុញដល់មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរឃុំ ស្រុក សហការគ្នាធ្វើការដោះស្រាយ នូវរាល់បញ្ហាដែល បងប្អូនបានលើកឡើង ឲ្យទទួលបានលទ្ធផលជាផ្លែផ្កាជូនប្រជាពលរដ្ឋ។

អង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប ជាមួយប្រជាពលរដ្ឋនៅស្រុកបន្ទាយស្រី បានលើកឡើងអំពីបញ្ហា អគ្គិសនី ,ផ្លូវ ថ្នល់ , បញ្ហាព្រំប្រទល់សហគមន៍, ការសុំចេញប័ណ្ណ​កម្មសិទ្ធដីធ្លី, ការរំលោភដីបូរាណដ្ឋាន(ត្រពាំងបូរាណ) តម្លៃកសិផល និងការងារសន្តិសុខ។ ក្នុងអង្គវេទិកានេះដែរ សមាជិក សមាជិកា ក៏បានលើកជាសំណួរ និងសំណូមពរ ផ្ទាល់មាត់ ចំនួន១២ និងជាលាយល័ក្ខណ៍អក្សរ ចំនួន៩។ ឆ្លើយតបទៅនឹងសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋ ប្រធានក្រុមប្រឹក្សាខេត្តស្តីទី និងលោកអភិបាលរងខេត្ត ព្រមទាំងមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន បានធ្វើការដោះស្រាយបំភ្លឺ នូវសំណួរ និងសំណូមពរ ដែលប្រជាពលរដ្ឋលើកជាក់ស្ដែង។

ចំពោះសំណួរសំណូមពរជាលាយលក្ខ័ណ៍អក្សរចំនួន៩ នៅមិនទាន់បានឆ្លើយបំភ្លឺ ក្រុមប្រឹក្សាខេត្ត នឹងប្រមូលយកសំណួរ និងសំណូមពរទាំងនេះ ទៅពិនិត្យ ពិភាក្សាក្នុងក្របខណ្ឌក្រុមប្រឹក្សាខេត្ត ហើយនឹងធ្វើការឆ្លើយតប និងជម្រាបជូនដំណឹងជាលាយលក្ខណ៍អក្សរតាមអាជ្ញាធរមូលដ្ឋាន។ ជាមួយគ្នានេះ វាគ្មិន ដែលជាប្រធាន ឬតំណាងមន្ទីរ-អង្គភាព អាជ្ញាធរមូលដ្ឋាន បានធ្វើការបកស្រាយបំភ្លឺ​នូវសំណួរ-សំណូមពរ ដែលប្រជាពលរដ្ឋបានលើកឡើង បានសមស្រប ទៅតាមគោលបំណង នៃសាមីសំណួរ-សំណូមពរ បងប្អូនចង់បានផងដែរ៕