(ភ្នំពេញ)៖ ឆវ័ន្ន វិធារ៉ា ជាយុវជនមួយរូប ត្រូវបានសមត្ថកិច្ចចាប់ខ្លួនដាក់​ពន្ធ​នាគារ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ បន្ទាប់ពីរូបគេបានធ្វើ​សកម្ម​ភាពបំផុសឱ្យមានសកម្មភាពប្រឆាំងរាជរដ្ឋាភិបាលក្នុងសំណុំរឿងតំបន់អភិវឌ្ឍន៍ត្រីកោណ (CLV) តាមគ្រុបតេឡេក្រាម។

វិធារ៉ា ជាយុវជនដែលឃ្លាតឆ្ងាយពីផ្ទះនៅខេត្តព្រៃវែង ទៅរត់ម៉ូតូកង់៣ នៅ​ខេត្តព្រះសីហនុ។ មុនពេលសមត្ថកិច្ចចាប់ខ្លួន យុវជនរូបនេះ បានលង់ជឿ​តាមការ​ញុះ​ញង់របស់ក្រុមប្រឆាំង ជាពិសេសយុវជនរបស់ក្រុមប្រឆាំង​នៅឯ​ប្រទេស​​ជប៉ុន ហើយគេបានធ្វើចូលរួមបញ្ចេញមតិយោបល់នានានៅក្នុង​គ្រុប​​តេឡេក្រាម ក្នុងផែនការប្រឆាំងរាជរដ្ឋាភិបាលពាក់ព័ន្ធរឿងគម្រោង CLV ដែលពួកគេជឿតាមការញុះញង់របស់ក្រុមប្រឆាំងថា គម្រោងនេះ​នឹង​ធ្វើឱ្យបាត់​បង់​ទឹកដី និងអធិបតេយ្យជាតិនោះ។

ក្រោយពេលសមត្ថកិច្ចចាប់ និងឃុំខ្លួននៅពន្ធនាគារ យុវជន ឆវ័ន្ន វិធារ៉ា ដែលសូត្របានតិចការពិចារណាមិនបានច្រើននោះ កើតការនឹកស្តាយ​កំហុស​​របស់ខ្លួន។ កាន់តែស្តាយខ្លាំងនោះ នៅពេលរូបគេដឹងថា អ្នកញុះ​ញង់ឱ្យប្រព្រឹត្តទង្វើប្រឆាំង CLV បានចេញសារភាពកំហុស និងសុំអភ័យ​ទោសពីរាជរដ្ឋាភិបាល។

ការប្រព្រឹត្តកំហុសរហូតមានទោសទណ្ឌក្នុងវ័យត្រឹម១៦ឆ្នាំ របស់យុវជន ឆវ័ន្ន វិធារ៉ា បាននាំមកនូវក្តីកង្វល់ និងភាពសោកសៅជាខ្លាំងសម្រាប់ឪពុក​ម្តាយ។ លោក ឆិត ឆវ័ន្ន និងអ្នកស្រី ផាត អ៊ាច បានស្វះស្វែងគ្រប់ច្រកល្អក​រកក្តីសណ្តោសពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱ្យកូនប្រុសបានរួចពីពន្ធនាគារ។

ដោយក្តីអាណិតអាសូរចំពោះឪពុកម្តាយ និងបានមើលឃើញថា យុវជន ឆវ័ន្ន វិធារ៉ា ភ្ញាក់រលឹកទទួលស្គាល់កំហុសហើយនោះ សម្តេចមហាបវរធិបតី ហ៊ុន ​ម៉ាណែត បានជួយសម្របសម្រួលឈរលើស្មារតីមនុស្សធម៌ តុលាការ ក៏បានយល់ព្រមអនុញ្ញាតឱ្យយុវជន វិធារ៉ា រស់នៅក្រៅឃុំ ដើម្បីមាន​ឱកាស​កែខ្លួន។

កាលពីថ្ងៃទី១៤ ខែធ្នូ វិធារ៉ា បានចេញពីពន្ធនាគារជួបជុំឪពុកម្តាយ និងប្អូន​ប្រុស។ កាបានជួបជុំគ្នាវិញនេះ បាននាំមកនូវភាពសប្បាយរីករាយគ្មានអ្វី​ប្រៀបផ្ទឹមនោះឡើយ សម្រាប់គ្រួសារយុវជន វិធារ៉ា។

យុវជន ឆវន្ន័ វិធារ៉ា បានលំឱនកាយគោរពថ្លែងអំណរគុណសម្តេចតេជោ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត យ៉ាងជ្រាលជ្រៅបំផុត សម្រាប់​ការ​ផ្តល់ក្តី​មេត្តា​សណ្តោសប្រណីជួយសម្របសម្រួលឱ្យរូបគេ បាននៅក្រៅឃុំ​កសាង​ខ្លួន​ជាថ្មី។

វិធារ៉ា បានបង្ហាញការសោកស្តាយជាខ្លាំងចំពោះកំហុសខុសឆ្គង​ដ៏ធ្ងន់ធ្ងរ​ដែលគេបានធ្វើ។ វិធារ៉ា បានទទួលស្គាល់ថា ទង្វើផ្ទុយនឹងច្បាប់ដែលរូបគេ​បានធ្វើ ព្រោះ​តែខ្វះការពិចារណា ​លង់ជឿតាមការអូសទាញ និងញុះ​ញង់​របស់​ក្រុម​ប្រឆាំង។

យុវជនរូបនេះ ចាត់ទុកកំហុសឆ្គងនេះ ជាមេរៀនមួយសម្រាប់ជីវិតដ៏ជូរ​ចត់។ ឆ្លងតាមពិសោធន៍ជីវិតដ៏ជូរចត់នេះ យុវជន វិធារ៉ា ផ្តាំដល់យុវវ័យ​ទាំង​​អស់ មុននឹងធ្វើទង្វើអ្វីមួយពាក់ព័ន្ធនឹងបញ្ហាសង្គមជាតិ ត្រូវតែគិត​ពិចារណា ស្វែងយល់ហេតុ និងផលឱ្យបានច្បាស់លាស់។ ជាពិសេស​មិន​ត្រូវ​ជឿតាម​ការ​ញុះញង់ និងអូសទាញរបស់ក្រុមអ្នកនយោបាយប្រឆាំង​នោះ​ឡើយ។

«ដូច​ជា​ករណីខ្ញុំបាទ គេអូសទាញខ្ញុំឱ្យប្រព្រឹត្តទង្វើផ្ទុយនឹង​ច្បាប់ រុញឱ្យ​ខ្ញុំ​ជាប់ពន្ធ​នា​គារដោយមិនទទួលខុសត្រូវអ្វីទាំងអស់។ ទង្វើ​ក្រុម​ប្រឆាំងគេ​យក​យើងជា​ឈ្នាន់បម្រើប្រយោជន៍នយោបាយរបស់គេ ដោយមិនគិត​ពី​ផល​លំបាក និងការរងគ្រោះរបស់យើងនោះឡើយ គេហ៊ាន​បំផ្លាញយើង​ដើម្បីតែប្រយោជន៍របស់គេ។ ដូច្នេះ​ត្រូវតែពិចារណាឱ្យល្អិត​ល្អន់​បំផុត​​ចំពោះ​ពាក្យសម្តីរបស់ក្រុមប្រឆាំង ហើយត្រូវតែប្រឆាំងដាច់ខាត​ចំពោះរាល់​ការ​អំពាវ​នាវ​របស់ពួកគេឱ្យធ្វើសកម្មភាពផ្សេងៗ ដែលនឹងនាំឱ្យ​ជាតិ​យើង​មាន​បញ្ហា»។ នេះជាការលើកឡើងរបស់យុវជន វិធារ៉ា៕