(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានទទួល​យក​សំណើរបស់ប្រធានាធិបតី និងប្រធានសភាអ៊ុយក្រែន អញ្ជើញទៅ​បំពេញទស្សនកិច្ចនៅអ៊ុយក្រែន ក្នុងពេលវេលាសមស្រប​ណាមួយ​នាពេល​ខាង​មុខ។ សម្តេចតេជោ ធ្លាប់បានទស្សនកិច្ចនៅទីក្រុងគៀវរួចម្តង​មក​ហើយកាលពីឆ្នាំ១៩៨១។

នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន បាន​អនុញ្ញាតឱ្យលោក អូឡេកសាន់ឌឺ ហ្កាម៉ាន ឯកអគ្គរដ្ឋទូតប្រទេសអ៊ុយ​ក្រែន ចូល​ជួប​សម្ដែង​ការគួរសមនៅ​វិមាន​ព្រឹទ្ធសភា រាជធានីភ្នំពេញ។

ក្នុងជំនួបនេះ សម្តេចតេជោប្រធានព្រឹទ្ធសភាកម្ពុជា បានសម្តែងការ​សោក​​ស្តាយចំពោះសោកនាដកម្ម និងការបំផ្លិចបំផ្លាញដោយ​សារសង្គ្រាម​នៅអ៊ុយ​ក្រែន រយៈពេល៣ឆ្នាំកន្លងទៅនេះ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជាស្គាល់ច្បាស់ពីផល​លំបាក ទុក្ខវេទនា និង​រសជាតិសង្គ្រាម ហើយសម្តេច ដឹងយ៉ាងប្រាកដថា «មិនអាចយកសង្គ្រាមបញ្ចប់សង្គ្រាមបានទេ»។

សម្តេចតេជោ ក៏បានលើកឡើងពីការសម្រេចចិត្តចុះចេញពីអំណាច​ជានាយក​រដ្ឋមន្ត្រី។ សម្តេចតេជោ បានបញ្ជាក់ថា ការចុះចេញពីអំណាច ​ពេលនៅមាន​កម្លាំង និងមានប្រជាប្រិយភាពខ្ពស់បំផុត ដើម្បីប្តូរនឹងសុខ​សន្តិ​ភាព និងស្ថិរភាពរយៈពេលវែងសម្រាប់កម្ពុជា។

លោក អូឡេកសាន់ឌឺ ហ្កាម៉ាន បានថ្លែងអំណរគុណ សម្តេចតេជោ និង​សម្តែង​នូវក្តីរីករាយដែលបានជួបសម្តេចតេជោជាថ្មី បន្ទាប់ពីជំនួបនៅក្នុង​អំឡុងកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២២។

លោកឯកអគ្គរដ្ឋទូតអ៊ុយក្រែន បានថ្លែងអំណរគុណសម្តេចតេជោ ដែល​កន្លង​មក មានគោលជំហរជ្រើសយកច្បាប់អន្តរជាតិប្រឆាំង​ការឈ្លាន​ពាន​របស់រុស្ស៊ី និងសមានចិត្តចំពោះប្រទេសអ៊ុយក្រែន តាមរយៈការគាំទ្រនានា​ជា​បន្តបន្ទាប់។ លោកឯកអគ្គរដ្ឋទូត ក៏បានជម្រាបសម្តេចតេជោ អំពីកិច្ច​ប្រជុំ​​កំពូលលើកទី១ស្តីពីសន្តិភាពនៅអ៊ុយក្រែន នៅប្រទេសស្វីស កាលពី​ខែ​មិថុនា ឆ្នាំ២០២៤ និងបច្ចុប្បន្នភាពនៃស្ថានភាពដ៏លំបាក​លំបិន ដែល​អ៊ុយក្រែនកំពុងជួបប្រទះផងដែរ។

លោក អូឡេកសាន់ឌឺ ហ្កាម៉ាន បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅ​ចំពោះកម្ពុជា ដែលបានជួយបណ្តុះ​បណ្តាលអ្នកដោះមីនអ៊ុយក្រែន​ជាច្រើន​លើក។ លោក បានបញ្ជាក់ថា អ៊ុយក្រែនអាចនឹងប្រើពេលប្រមាណ ១០០​ឆ្នាំ ក្នុងការបោស​សម្អាត​មីនទូទាំងប្រទេស ប្រសិនបើគ្មានការចូលរួមគាំទ្រ​ពី​សហគមន៍​អន្តរជាតិ រួមទាំងកម្ពុជា។

លោកឯកអគ្គរដ្ឋទូត ក៏បានសង្កត់ធ្ងន់ថា ជំនួបថ្នាក់ដឹកនាំរបស់អ៊ុយក្រែន និងថ្នាក់ដឹក​នាំកម្ពុជា ជាពិសេសជាមួយសម្តេចតេជោនាពេលកន្លងមក សបញ្ជាក់ឱ្យ​ឃើញ​អំពីទំនាក់ទំនងល្អនៃប្រទេសទាំងពីរ។

ឆ្លៀតក្នុងជំនួបនោះ លោកឯកអគ្គរដ្ឋទូត បានពាំនាំការអញ្ជើញ​សម្តេច​តេជោ ទៅ​បំពេញទស្សនកិច្ចនៅអ៊ុយក្រែន ពីសំណាក់ប្រធា​នា​​ធិបតី និង​ប្រធានរដ្ឋសភាអ៊ុយក្រែន។

សម្តេចតេជោ បានអរគុណឯកអគ្គរដ្ឋទូតអ៊ុយក្រែន ចំពោះការវាយតម្លៃ​អំពី​ស្ថានការណ៍បច្ចុប្បន្ននៅអ៊ុយក្រែន។ សម្តេចតេជោ បានមាន​ប្រសាសន៍​ថា កម្ពុជាយល់ច្បាស់ពីសង្គ្រាម ហើយវាមិនមែនជាការចៃដន្យនោះទេ ដែល​កម្ពុជា​ជ្រើសយកការគោរពតាមច្បាប់អន្តរជាតិ ដើម្បីរក្សាបានសុខសន្តិភាព ហើយជំហរនេះកម្ពុជានឹងមិនផ្លាស់ប្តូរនោះឡើយ។

សម្តេចតេជោ បានបញ្ជាក់ផងដែរថា កម្ពុជានឹងបន្តយន្តការគាំទ្រ និង​បណ្តុះ​បណ្តាលអ្នកដោះមីន ដោយសហការជាមួយប្រទេសជប៉ុន។ សម្តេចតេជោ បានរំលឹកថា សម្តេច បានឆ្លើយតបទៅនឹង ប្រធាន​សភា​អ៊ុយ​ក្រែនថា កម្ពុជាអាចបញ្ជូនកងកម្លាំងថែរក្សាសន្តិភាព (រួមទាំងអ្នកដោះមីន) ទៅក្រៅប្រទេស តែក្រោមឆ័ត្រអង្គការសហប្រជាជាតិប៉ុណ្ណោះ។

សម្តេចតេជោ បានរំលឹកផងដែរថា ក្នុងឋានៈជាមេដឹកនាំកម្ពុជា និងប្រធាន​អាស៊ាននាពេលកន្លងមក សម្តេច បានបន្តចែករំលែកនូវបទ​ពិ​សោធន៍ និងទស្សនៈរបស់សម្តេចតេជោ លើអភិក្រមយុទ្ធសាស្ត្រគ្រប់​គ្រង​ស្ថាន​ការណ៍​សង្គ្រាម និងយុទ្ធសាស្ត្រនៃកិច្ចការចរចា​ស្វែងរកសន្តិភាព​ជូន​កម្ពុជា ដោយគូសបញ្ជាក់ថា រាល់ការចរចាសន្តិភាព ដែលទទួលបាន​ជោគ​ជ័យ ត្រូវតែមានការចូលរួមពីភាគីជម្លោះពាក់ព័ន្ធ ហើយត្រូវចាប់ពីតូច​ទៅ​ធំ។

សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង​របស់​​អ៊ុយក្រែន ក្នុងការពង្រឹងទំនាក់ទំនងជាមួយកម្ពុជា។ សម្តេចតេជោ ក៏បាន​ទទួល​​យក​​ការអញ្ជើញទៅទស្សនកិច្ចនៅអ៊ុយក្រែន នាពេលវេលា​សមស្រប​ខាង​មុខ បន្ទាប់ពីទស្សនកិច្ចរបស់សម្តេច នៅទីក្រុងគៀវ នៅឆ្នាំ១៩៨១។

ជាថ្មីម្តងទៀត លោកឯកអគ្គរដ្ឋទូតអ៊ុយក្រែន បានថ្លែងអំណរគុណសម្តេច​តេជោ និងកម្ពុជា ចំពោះជំហរជាពេលកន្លងមក និងរង់ចាំទទួលទស្សនកិច្ច សម្តេចតេជោ នាពេលខាងមុខនៅអ៊ុយក្រែន៕