(ភ្នំពេញ)៖ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ មានក្មេងទំនើងមួយក្រុមគ្នាប្រហែល២០នាក់ បានធ្វើសកម្មភាពចូលទៅកាន់ម៉ូតូប្លន់យកផ្លាកលេខ ដល់ក្នុងផ្ទះជនរងគ្រោះ២នាក់ នៅបុរី HP ស្ថិតក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានបង្កឲ្យមានការភ្ញាក់ផ្អើល និងចែកចាយវីដេអូនៃការធ្វើសកម្មភាពពេញបណ្ដាញសង្គម។
រំលងបានប៉ុន្មានថ្ងៃ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួនបានជនសង្ស័យចំនួន៧នាក់ជាបន្ដបន្ទាប់ ក្នុងចំណោមបក្ខពួកប្រមាណជាង២០នាក់ ដែលធ្វើសកម្មភាពនៅថ្ងៃកើតហេតុ។
របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ជនសង្ស័យទាំង៧នាក់ត្រូវបានចាប់ខ្លួននៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចផ្ទះជួលមួយកន្លែងស្ថិតក្នុងភមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ ហើយបានបង្ហាញមុខសាធារណៈ មុនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។
ជនសង្ស័យទាំង៧នាក់នោះ រួមមាន ទី១៖ឈ្មោះ មុត រតនា អាយុ១៨ឆ្នាំ, ទី២៖ឈ្មោះ យ៉ុម តុលា ហៅតឿ អាយុ១៨ឆ្នាំ, ទី៣៖ឈ្មោះ វណ្ណា សំណាង អាយុ១៨ឆ្នាំ, ទី៤៖ឈ្មោះ ថៃ សីហា អាយុ១៨ឆ្នាំ, ទី៥៖ឈ្មោះ អាត ជីងហ៊ត អាយុ១៨ឆ្នាំ, ទី៦៖ឈ្មោះ វ៉ុន តូណុន អាយុ១៨ឆ្នាំ និងទី៧៖ឈ្មោះ ឈុន សុខគ្រី អាយុ២២ឆ្នាំ។ វត្ថុតាងចាប់យក ម៉ូតូចំនួន៣គ្រឿង, កន្ទុយម៉ូតូជាប់ផ្លាកលេខម៉ូតូចំនួន១ និងកាំបិតប៉័ងតោដងឈើប្រវែង៣៤សង់ទីម៉ែត្រ ចំនួន១។
ក្រោយបញ្ចប់ការសួរនាំ ជនសង្ស័យទាំង៧នាក់ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមច្បាប់ ខណៈកម្លាំងសមត្ថកិច្ចជំនាញកំពុងបន្ដស្រាវជ្រាវស្វែងរកបក្ខពួកផ្សេងទៀត ដែលនៅសេសល់៕