(ព្រះសីហនុ)៖ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានថ្លែងថា «វេទិកាវិនិយោគនៅខេត្តព្រះសីហនុ» ផ្តល់កាលានុវត្តភាពពិសេសជូនដល់វិនិយោគិន ដែលមានការចាប់អារម្មណ៍លើធុរកិច្ចក្នុងវិស័យទាំង៥ នៅកម្ពុជា។
លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប លើកឡើងបែបនេះ ក្នុងឱកាសបើក «វេទិកាវិនិយោគក្នុងខេត្តព្រះសីហនុ» ដែលរៀបចំឡើងនៅថ្ងៃទិ១៧ ខែធ្នូ ឆ្នាំ២០២៤ ក្នុងសណ្ឋារគារសុខា ខេត្តព្រះសីហនុ ដែលមានការចូលរួមពីវិនិយោគិនជាតិ និងអន្តរជាតិជាច្រើនរូប។
លោក ហ៊ាន សាហ៊ីប បានឱ្យដឹងថា កម្មវិធីនេះស្ថិតនៅក្នុងក្របខណ្ឌនៃ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» ក្រោមគំនិតផ្ដួចផ្ដើមដ៏ប្រពៃរបស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សំដៅជំរុញសកម្មភាពសេដ្ឋកិច្ចនៅក្នុងខេត្តព្រះសីហនុ តាមរយៈការជំរុញការវិនិយោគ, ការអភិវឌ្ឍឧស្សាហកម្ម, ការស្តារកំណើនសេដ្ឋកិច្ច និងបំពេញបន្ថែមលើយុទ្ធសាស្រ្ត និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាល តាមរយៈការដាក់ចេញនូវវិធានការ និងយន្តការដែលមានលក្ខណៈជាកញ្ចប់, ប្រទាក់ប្រឡា, មុតស្រួច, និងសាមញ្ញ។
លោកបានបន្តថា ដូចដែលលោកអភិបាលខេត្តព្រះសីហនុ បានលើកឡើង ខេត្តព្រះសីហនុ ជាខេត្តមានសក្ដានុពលធំធេង ហើយនាពេលនេះ គឺជាឱកាសដ៏មានតម្លៃ សម្រាប់ស្វែងយល់ពីសក្ដានុពលវិនិយោគក្នុងខេត្តព្រះសីហនុ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយខេត្តព្រះសីហនុ ទៅជាមជ្ឈមណ្ឌលវិនិយោគ និងអភិវឌ្ឍដ៏រស់រវើកមួយក្នុងក្របខ័ណ្ឌអាស៊ាន។ ជាមួយនេះ ខេត្តព្រះសីហនុមានការរីកចម្រើនយ៉ាងឆាប់រហ័ស លើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យាជឿនលឿន ព្រមទាំងមានការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ការធ្វើអាជីវកម្ម និងការវិនិយោគ។
លោកបានបន្ថែមថា វេទិកាវិនិយោគនេះ ក៏ជាវេទិកាសម្រាប់ស្វែងរកកិច្ចសហការ ដែលត្រូវបានរៀបចំឡើងដោយសម្រួលដល់កិច្ចសន្ទនា ការពិភាក្សា និងការកសាងទំនាក់ទំនង សម្រាប់កិច្ចសហការវិនិយោគផ្សេងៗ។ វេទិកានេះក៏ចែករំលែក និងផ្តល់ព័ត៌មានអំពីអត្ថប្រយោជន៍ពិសេសនៃការវិនិយោគក្នុងខេត្តព្រះសីហនុ លើវិស័យយុទ្ធសាស្ត្រសំខាន់ៗ។
លើសពីនេះ លោក ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា «សម្រាប់របៀបវារៈនៃ «វេទិកាវិនិយោគនៅខេត្តព្រះសីហនុ» លើកនេះ បានផ្តល់អាទិភាពលើវិស័យចំនួន៥ រួមមាន៖ ការផលិត, ទេសចរណ៍ សណ្ឋាគារ និងបដិសណ្ឋារកិច្ច, ភស្ដុភារកម្ម និងដឹកជញ្ជូន, ហិរញ្ញវត្ថុ ធនាគារ និងអចលនទ្រព្យ, និងកសិកម្ម និងការកែច្នៃម្ហូបអាហារ»។
លោកថា សម្រាប់ថ្ងៃនេះ «វេទិកា វិនិយោគនៅខេត្តព្រះសីហនុ» បានផ្តល់កាលានុវត្តភាពពិសេសជូនដល់វិនិយោគិន ដែលមានការចាប់អារម្មណ៍លើធុរកិច្ចក្នុងវិស័យទាំង៥ តាមរយៈការស្វែងយល់ពីក្រុមហ៊ុនសំខាន់ៗ ដែលបាននិងកំពុងវិនិយោគ និងប្រកបអាជីវកម្មដោយផ្ទាល់ ព្រមទាំងបានការទទួលឱ្យទៅទស្សនកិច្ចសិក្សានៅទីតាំងផ្ទាល់ថែមទៀតផង។
លោកបានបន្តទៀតថា ក្នុងនាមក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ, ក្រោមការណែនាំដ៏ខ្ពង់ខ្ពស់របស់ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោកសូមលើកទឹកចិត្តឱ្យ វិនិយោគិនទាំងអស់ទាញយកអត្ថប្រយោជន៍ក្នុងការបង្កើតទំនាក់ទំនង នាថ្ងៃនេះ ដើម្បីស្វែងទាញយកឱកាសពីសក្កដសនុពលនៃខេត្តព្រះសីហនុ តាមលទ្ធភាពជាក់ស្តែង៕