(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោកស្រី ប្រៃហ្គេត អែលវ៉កឃឺរ (Bridgette L. Walker) ភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ សម្តេចតេជោ និងភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានពិភាក្សាគ្នាលើកិច្ចការងារមួយចំនួន នៃទំនាក់ទំនងកម្ពុជា-អាមេរិក។
លោកស្រី ប្រៃហ្គេត អែលវ៉កឃឺរ បានចែករំលែកនូវការព្រួយបារម្ភ អំពីបទល្មើសឆបោកអនឡាញ ដែលជះឥទ្ធិពលមិនល្អដល់បរិយាកាសវិនិយោគ និងសេដ្ឋកិច្ចនៅកម្ពុជា និងនៅក្នុងតំបន់។
ឆ្លើយតបនឹងការព្រួយបារម្ភនេះ សម្តេចតេជោ ហ៊ុន សែន បានជម្រាបជូនដល់លោកស្រីថា បទល្មើសអនឡាញមានទម្រង់ និងលក្ខណៈស្មុគស្មាញ និងបំលាស់ទីពីប្រទេសមួយទៅប្រទេសមួយ ដែលនេះ ទាមទារការយកចិត្តទុកដាក់ និងកិច្ចសហប្រតិបត្តិការតំបន់ ដើម្បីទប់ស្កាត់បទល្មើសនេះ។
សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានពង្រីកការយកចិត្តទុកដាក់វិសាលភាព និងពង្រឹងយន្តការទប់ស្កាត់បន្ថែមលើបទល្មើសអនឡាញនេះ៕