(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញក្តីសង្ឃឹមថាការវិលត្រឡប់របស់លោក ដូណាល់ ត្រាំ ជាប្រធានាធិបតីអាមេរិក នឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាមេរិក ត្រូវបានពង្រឹង និងពង្រីកឱ្យកាន់តែល្អប្រសើរ។
ការរំពឹងរបស់សម្តេចតេជោ បានរំលេចឡើងនៅក្នុងជំនួបជាមួយលោកស្រី ប្រៃហ្គេត អែល វ៉កឃឺរ (Bridgette L. Walker) ភារធារីស្តីទីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា នៅថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ។
សម្តេចតេជោ ក៏បានគូសរំលេចផងដែរថា រឿងចាស់ទាំងឡាយ ក្នុងទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក គឺជាបទពិសោធន៍ក្នុងការរៀបចំឥរិយាបថសម្រាប់ទំនាក់ទំនងនាពេលអនាគតប្រទេសទាំងពីរ ជាពិសេសការកសាងទំនុកចិត្តរវាងប្រទេសទាំងពីរ និងការពិនិត្យចំណុចអាទិភាពនៃកិច្ចសហប្រតិបត្តិការផ្សេងៗទៀត រួមទាំងវិស័យសេដ្ឋកិច្ច និងការវិនិយោគផងដែរ។
លោកស្រីភារធារីស្តីទីទូតអាមេរិក ក៏បានសម្តែងក្តីសង្ឃឹមផងដែរថា កិច្ចសហការដោយស្មោះត្រង់រវាងគ្នា និងបើកចំហរវាងកម្ពុជា និងអាមេរិក នឹងឈានដល់ការស្វែងរកផ្លូវថ្មីៗបន្ថែមទៀត ដើម្បីបង្កើនវឌ្ឍនភាពសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។
លោកស្រី ក៏បានបង្ហាញបំណងចង់ឃើញទំនាក់ទំនងកម្ពុជា និងអាមេរិក កាន់តែល្អប្រសើរ ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមនានាដែលជួបប្រទះម្តងម្កាល និងការគ្រប់គ្រងសមរភូមិថ្មី តាមរយៈការសន្ទនាគ្នា ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃកិច្ចសហប្រតិបត្តិការទ្វេភាគី៕