(ភ្នំពេញ)៖ លោកស្រី ប្រៃហ្គេត អែល វ៉កឃឺរ (Bridgette L. Walker) ភារធារីស្តីទីស្ថានទូត​អា​មេរិក​ប្រចាំនៅកម្ពុជា បានស្នើសុំសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ចែករំលែកបទពិសោធន៍មួយចំនួនពាក់​ព័ន្ធ​ការ​ស្វែងរកសន្តិភាព និងការបញ្ចប់សង្គ្រាម។

សំណើរបស់លោកស្រីភារធារីស្តីទីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បាន​ធ្វើ​ឡើង​នៅក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃអង្គារ ទី១៧ ខែ​ធ្នូ ឆ្នាំ២០២៤នេះ។ នៅក្នុងជំនួបនេះ ក្រៅពីជជែកពាក់ព័ន្ធទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-អាមេរិកហើយនោះ សម្តេចតេជោ និងលោកស្រីភារធារីស្តីទីស្ថានទូតអាមេរិក ក៏បានជជែកលើបញ្ហាតំបន់ និង​ពិភពលោក ពាក់ព័ន្ធភាពប្រឈមនានារបស់ពិភពលោក ជាពិសេស​បញ្ហា​សង្គ្រាមនៅតាមបណ្តាប្រទេសនានា។

សម្តេចតេជោ ហ៊ុន សែន ត្រូវបានពលរដ្ឋកម្ពុជា និងមេដឹកនាំ​នៃបណ្តា​ប្រ​ទេស​លើពិភពលោកចាត់ទុកជាស្ថាបនិក និងជាតួអង្គដ៏សំខាន់ក្នុងការបញ្ចប់​ភ្លើងសង្គ្រាមនៅកម្ពុជាកាលពីអតីតកាលដ៏ជូរចត់។ នៅពេលថ្មីៗតាមរយៈ​យន្ត​ការបក្សនយោបាយ និងយន្តការសភាអន្តរជាតិ សម្តេចតេជោ ហ៊ុន សែន បានចែករំលែកនូវយុទ្ធសាស្ត្រជាច្រើន ដែលសម្តេចបាន​ប្រើដើម្បី​បញ្ចប់​ជម្លោះនៅកម្ពុជា។

តបទៅនឹងសំណើរបស់មន្ត្រីជាន់ខ្ពស់ស្ថានទូតអាមេរិកនៅកម្ពុជា សម្តេច​តេ​ជោ បានចែករំលែកបទពិសោធមួយចំនួន ដែលជាធាតុចូលសំខាន់​ក្នុងការ​ដោះស្រាយវិវាទតំបន់ដែលកំពុងកើតឡើង។ សម្តេចតេជោ បានបញ្ជាក់ផង​ដែរ​ថា ​ពាក់ព័ន្ធនឹងបញ្ហាជម្លោះរបស់ប្រទេសនានា កម្ពុជាតែងតែអនុវត្ត​គោល​ការណ៍​​ច្បាប់អន្តរជាតិ និង សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការ​សហ​ប្រជា​ជាតិ៕