(ភ្នំពេញ)៖ ក្នុងជំនួបតាមទូរស័ព្ទ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋមន្ត្រីការបរទេសកម្ពុជា-ថៃ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងថ្នាក់ដឹកនាំនៃ ប្រទេសទាំងពីរ ដែលបានពង្រឹងការជឿទុកចិត្តផ្នែកនយោបាយ និងកិច្ចសហប្រតិបត្តិការក្នុងការជំរុញភាពជាដៃគូយុទ្ធសាស្ត្រកម្ពុជា-ថៃ។

ប្រមុខការទូតប្រទេសទាំងពីរ ក៏បានធ្វើការកត់សម្គាល់ដោយការពេញចិត្តចំពោះកំណើននៃពាណិជ្ជកម្ម ទ្វេភាគី និងទេសចរណ៍ ព្រមទាំងបានថ្លែងសរសើរការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពរវាងភ្នាក់ងារ អនុវត្តច្បាប់នៃប្រទេសទាំងពីរក្នុងការដោះស្រាយបញ្ហាប្រឈមនៃឧក្រិដ្ឋកម្មឆ្លងដែនសម័យទំនើប។

ជំនួបតាមទូរស័ព្ទនេះ រវាង លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក Maris Sangiampongsa រដ្ឋមន្ត្រីការបរទេសថៃ បានធ្វើឡើង កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។

លោក ប្រាក់ សុខុន បានថ្លែងអំណរគុណចំពោះសមភាគីថៃ ដែលបានអបអរសាទរចំពោះ រូបលោកក្នុងការទទួលបានការតែងតាំងឡើងវិញជាប្រមុខការទូតរបស់កម្ពុជា និងបានឆ្លើយតបពីការ ប្តេជ្ញាចិត្តក្នុងការពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាលើ វិស័យសំខាន់ៗ ដើម្បីជាផលប្រយោជន៍របស់ប្រទេសទាំងពីរ។

លោក ប្រាក់ សុខុន និងសមភាគីថៃ ក៏បានពិភាក្សាលើការរៀបចំសកម្មភាពរួមគ្នាដើម្បីរំលឹកខួបលើកទី៧៥ នៃទំនាក់ទំនងការទូត ហើយនឹងទន្ទឹងរង់ចាំកិច្ចប្រជុំលើកទី១២ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងថៃ ដែលនឹងរៀបចំឡើងនៅប្រទេសថៃនៅឆ្នាំ២០២៥ ដើម្បីស្វែងរកមធ្យោបាយ និងវិធីក្នុងការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងធានាថា ប្រជាជាតិទាំងពីរកាន់តែទទួលបានវិបុលភាពរួមគ្នា និងភាពជាអ្នកជិតខាងល្អសម្រាប់ឆ្នាំខាងមុខ៕