(ភ្នំពេញ)៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលជាស្ថាប័នគាំទ្រហិរញ្ញវត្ថុលើកិច្ចអភិវឌ្ឍន៍ដ៏ធំមួយនៅលើពិភពលោក បានប្រកាសបន្តចូលរួមរក្សាភាពរឹងមាំផ្នែកហិរញ្ញវត្ថុ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។
ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងជំនួបរវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយលោក Krishna Srinivasan នាយកតំបន់អាស៊ី និងប៉ាស៊ីហ្វិក របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ នៅវិមានសន្តិភាព។
ក្នុងជំនួបនេះ នាយកប្រចាំតំបន់នៃមូលនិធិរូបិយវត្ថុអន្តរជាតិ បានវាយតម្លៃខ្ពស់ចំពោះការរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ របស់កម្ពុជាប្រកបដោយភាពធន់។
លោកនាយក ក៏បានសម្ដែងការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន IMF ជាមួយក្រសួង-ស្ថាប័ននានារបស់រាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក ព្រមទាំងបានបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់ស្ថាប័ន IMF ក្នុងការបន្តផ្សារភ្ជាប់ទំនាក់ទំនង និងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមរក្សាភាពរឹងមាំផ្នែកហិរញ្ញវត្ថុ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។
សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏មានសារៈសំខាន់របស់ស្ថាប័ន IMF ក្នុងការគាំទ្រ និងចូលរួមចំណែកដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជារហូតមកដល់បច្ចុប្បន្ននេះ។ សម្ដេចមហាបវរធិបតី ក៏បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងស្វាគមន៍ចំពោះការប្ដេជ្ញាចិត្តរបស់ស្ថាប័ន IMF នៅក្នុងការបន្តផ្សារភ្ជាប់ទំនាក់ទំនង ក៏ដូចជាការពង្រឹង និងពង្រីកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយរាជរដ្ឋាភិបាលកម្ពុជា។
ទន្ទឹមនឹងនេះ សម្ដេចមហាបវរធិបតី ក៏បានគូសបញ្ជាក់អំពីការដាក់ចេញយន្តការ និងការកែទម្រង់ចាំបាច់នានារបស់រាជរដ្ឋាភិបាល សំដៅជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការដាក់ចេញនូវគោលនយោបាយជាច្រើន ដើម្បីធានាបរិយាកាសប្រកួតប្រជែង, ភាពធន់នៃខ្សែច្រវាក់ផ្តត់ផ្គង់ក្នុងស្រុក, ការបណ្ដុះបណ្ដាលកម្លាំងពលកម្មប្រកបដោយជំនាញវិជ្ជាជីវៈផ្នែកបច្ចេកវិទ្យា, យានយន្ត និងបច្ចេកទេសខ្ពស់ ក្នុងន័យតម្រង់ទិសដើម្បីឆ្លើយតបទៅនឹងទីផ្សារក្នុង និងក្រៅប្រទេស។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវគោលនយោបាយ, វិធានការ និងកញ្ចប់លើកទឹកចិត្តចាំបាច់ ដើម្បីធានាក្នុងការផ្ដល់ភាពជោគជ័យរបស់វិនិយោគិននៅកម្ពុជា តាមរយៈការធានាឱ្យបាននូវបរិយាកាសវិនិយោគ និងភាពប្រកួតប្រជែងខ្ពស់។
សម្ដេចមហាបវរធិបតី និងលោកនាយកតំបន់ ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាអំពីស្ថានភាពទូទៅនៃសេដ្ឋកិច្ចក្នុងតំបន់ និងសកលលោក ចំពោះមុខនៃស្ថានភាពដែលសកលលោកកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជា នាពេលបច្ចុប្បន្ន និងអនាគត៕