(ភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារស្តីពីអាទិភាពអភិវឌ្ឍន៍ បញ្ហាប្រឈម និងការពង្រឹងកិច្ចសហប្រតិបត្តិការលើគម្រោងអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា ជាមួយលោកស្រី Tania Meyer ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា (WB) និងសហការី នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម។

ក្នុងកិច្ចជំនួប លោករដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរ និងស្វាគមន៍លោកស្រី Tania Meyer ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា (WB) និងគណៈប្រតិភូ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ព្រមទាំងបានបង្ហាញពីជំហរបន្តនូវកិច្ចសហប្រតិបត្តិការល្អ និងធ្វើការងារជាមួយគ្នាក្នុងការអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយម និងបានថ្លែងអំណរគុណចំពោះធនាគារពិភពលោកសម្រាប់ការគាំទ្រ និងកិច្ចសហការយ៉ាងរឹងមាំជាមួយរាជរដ្ឋាភិបាលកម្ពុជាលើគម្រោងអភិវឌ្ឍន៍ជាច្រើននាពេលកន្លងមក ជាពិសេសវិស័យធនធានទឹក និងឧតុនិយម តាមរយៈគម្រោងកែលម្អសន្តិសុខទឹកនៅកម្ពុជា (CAWSIP) និងគម្រោងធ្វើពិពិធកម្មវិស័យកសិកម្មកម្ពុជា (CASDP)។

លោករដ្ឋមន្ត្រីបានលើកឡើងថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានកំណត់យកទឹកជាវិស័យអាទិភាពមួយក្នុងចំណោមអាទិភាពគន្លឹះចំនួន៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ហើយក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាល ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងបន្តកសាងហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយម ដើម្បីបង្កើននូវសន្តិសុខទឹកឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុជាសកល។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ទោះបីជារាជរដ្ឋាភិបាល ក្រសួងធនធានទឹក និងឧតុនិយម និងភាគីពាក់ព័ន្ធដទៃទៀតខំប្រឹងយ៉ាងណាក៏ដោយ ក៏វិស័យធនធានទឹកនៅជួបប្រទះបញ្ហាប្រឈមមួយចំនួន ជាអាទិ៍កង្វះហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងធនធានទឹក សមត្ថភាពស្ថាប័ននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិមានកម្រិត ផលប៉ះពាល់នៃគ្រោះធម្មជាតិរួមមានទឹកជំនន់និងគ្រោះរាំងស្ងួត និងភាពងាយរងគ្រោះនៃអាងទន្លេសាប និងទន្លេមេគង្គពីការប្រែប្រួលអាកាសធាតុ។

ឆ្លៀតក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រីបានស្នើឱ្យធនាគារពិភពលោកបន្តជួយគាំទ្រ ទី១/ ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យធនធានទឹក និងធារាសាស្ត្រ (DPO), ទី២/ ការដោះស្រាយបញ្ហាប្រឈមរបស់អាងទន្លេសាប និងទន្លេមេគង្គ តាមរយៈយុទ្ធសាស្ត្រសន្តិសុខទឹក និងភាពធន់ (PASA), ទី៣/ ការអនុវត្តគម្រោងកែលម្អសន្តិសុខទឹកនៅកម្ពុជា (CASDP) និងទី៤/ ការផ្តល់ជំនួយបច្ចេកទេស និងការកសាងសមត្ថភាពដល់មន្ត្រីរាជការក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយម។

លោកស្រី Tania Meyer ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា (WB) បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អនាពេលកន្លងមកជាមួយក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិការ និងគាំទ្រការលើកកម្ពស់ភាពជាដៃគូរយៈពេលវែងជាមួយរដ្ឋាភិបាលកម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងធនធានទឹក ប្រព័ន្ធធារាសាស្ត្រ និងការផ្គត់ផ្គង់ទឹកក្នុងតំបន់ប្រកបដោយប្រសិទ្ធភាព ដើម្បីជំរុញដល់កំណើនសេដ្ឋកិច្ច និងពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ៕