(យូណាន)៖ បណ្ដាញព័ត៌មាន Fresh News ត្រូវបានអញ្ជើញឱ្យចូលរួមនៅក្នុងវេទិកាទំនាក់ទំនងអន្តរជាតិយូណានលើកទី៣ ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅតំបន់ស្វយ័ត Xishuangbanna Dai ខេត្ត Yunnan ភាគនិរតីនៃប្រទេសចិន។ កញ្ញា ថាន រស្មី អ្នកសម្របសម្រួលកម្មវិធីប្រតុមូលនយោបាយប្រចាំសប្ដាហ៍ Fresh Talk ត្រូវបាន Fresh News ចាត់ឱ្យធ្វើជាតំណាងចូលរួមវេទិការនេះ។

វេទិកាទំនាក់ទំនងអន្តរជាតិយូណានលើកទី៣ គឺជាវេទិកាដែលបង្កើតឡើងសម្រាប់ថ្នាក់ដឹកនាំមកពីបណ្តាញផ្សព្វផ្សាយធំៗជុំវិញពិភព និងប្រធានអ្នកថតរូប នៃទីភ្នាក់ងារថតរូបដ៏ល្បីល្បាញជុំវិញពិភពលោក ធនាគារខួរក្បាល និងអង្គការអន្តរជាតិជុំវិញពិភពលោកប្រមាណ៣០០នាក់ ដើម្បីមកចូលរួមបង្កើតចក្ខុវិស័យសម្រាប់កិច្ចសហប្រតិបត្តិការទំនាក់ទំនងអន្តរជាតិ និងការផ្លាស់ប្តូរ។

វេទិការនេះត្រូវបានបង្កើតឡើងលើកដំបូងនៅឆ្នាំ២០២១ នៅក្រោយពេលដែលមានដំរីអាស៊ីមួយហ្វូងនៅក្នុងខេត្តយូណានបានចេញ «ដំណើរដ៏អច្ឆរិយៈ» ទៅភាគខាងជើងនៃប្រទេសចិន។ បន្ទាប់ពីធ្វើដំណើរអស់រយៈពេល១១៦ថ្ងៃ ដំរីទាំងនោះក៏បានវិលត្រឡប់មកទីជម្រករបស់វាវិញដោយសុវត្ថិភាព។ រឿងនេះបានបង្កឱ្យមានភាពទាក់ទាញការចាប់អារម្មណ៍ជាសកល និងបានក្លាយជាការចាប់ផ្តើមសម្រាប់វេទិកាទំនាក់ទំនងអន្តរជាតិយូណានលើកទី១។

វេទិកានេះនឹងប្រមូលផ្តុំមេដឹកនាំនៃបណ្តាញផ្សព្វផ្សាយពិភពលោកធំៗ មន្ត្រីរដ្ឋាភិបាល ប្រធានអ្នកថតរូបនៃទីភ្នាក់ងារថតរូបដ៏ល្បីល្បាញជុំវិញពិភពលោក ដើម្បីចូលរួមកិច្ចពិភាក្សាស៊ីជម្រៅក្រោមប្រធានបទ «កិច្ចសហប្រតិបត្តិការ និងផ្លូវថ្មីសម្រាប់ទំនាក់ទំនងអន្តរជាតិនាពេលអនាគត»។

គោលបំណងដើម្បីឱ្យខេត្តយូណាន ប្រែក្លាយជាខេត្តដ៏ស្រស់ស្អាតបំផុត និងជាអាចត្រួសត្រាយផ្លូវក្នុងការកសាងអរិយធម៌អេកូឡូស៊ីនៅក្នុងប្រទេសចិន។ យូណានបានអភិវឌ្ឍយ៉ាងពេញលេញនូវការកសាងតំបន់បង្ហាញអរិយធម៌អេកូឡូស៊ី។ បន្ថែមពីលើការចូលរួមកិច្ចប្រជុំពេញអង្គ គណៈប្រតិភូនៃវេទិកាទំនាក់ទំនងអន្តរជាតិយូណានលើកទី៣ ក៏ត្រូវបានអញ្ជើញឱ្យឈ្វេងយល់ពី ការអភិរក្សសត្វព្រៃ ជាពិសេសសត្វដំរីព្រៃអាស៊ី ទេសភាពព្រៃត្រូពិច និងវប្បធម៌ចម្រុះនៅក្នុងតំបន់ស្វយ័ត Xishuangbanna ខេត្តយូណាន ប្រទេសចិន៕