(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ លោកវេជ្ជបណ្ឌិត វីលៀម ហៅស្វឺត ប្រធានក្រុមប្រឹក្សាភិបាល មណ្ឌលថែទាំសុខភាពកុមារចេនឡា និងក្រុមការងារចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួង។

គោលបំណងនៃជំនួប គឺ ដើម្បីធ្វើរបាយការណ៍អំពីសមិទ្ធផលការងាររបស់អង្គការ ក្រោមកិច្ចសហការជាមួយ មន្ទីរពេទ្យខេត្តក្រចេះ ខេត្តមណ្ឌលគិរី និងខេត្តស្ទឹងត្រែង ក្នុងការអនុវត្តគម្រោងមណ្ឌលថែទាំសុខភាពកុមារចេនឡា យ៉ាងរលូននាពេលកន្លងមក ផ្នែកសង្គ្រោះបន្ទាន់ទារកទើបនឹងកើត ផ្នែកសង្គ្រោះបន្ទាន់កុមារ ការថែទាំទារកទូទៅ និងការបណ្តុះបណ្តាលជាប់ជាប្រចាំជូនគ្រូពេទ្យ និងបុគ្គលិកមន្ទីរពេទ្យដែលទទួលបន្ទុកការងារពិនិត្យ ព្យាបាល និងថែទាំនេះ ព្រមទាំងស្នើសុំអនុសាសន៍ណែនាំពីលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្តស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្ត្រសុខាភិបាល។

លោកក្នុងឳកាសនោះ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្ដែងក្ដីសោមនស្សរីករាយស្វាគមន៍គណៈប្រតិភូ ដឹកនាំដោយ លោកវេជ្ជបណ្ឌិត វីលៀម ហៅស្វឺត ស្ថាបនិកអង្គការមណ្ឌលថែទាំសុខភាពកុមារចេនឡា ដែលបានបង្កើតអង្គការនៅក្នុងព្រះរាជាណាចក្រកម្ពុជានាឆ្នាំ២០១៦មក។ អង្គការបានចូលរួមចំណែកសហការ និងគាំទ្រអភិវឌ្ឍវិស័យសុខាភិបាលកម្ពុជា ជាពិសេសការថែទាំសុខភាពកុមារ និងទារក ក្នុងខេត្តគោលដៅ ទទួលបានសមិទ្ធិផលជាច្រើននាពេលកន្លងមក។

ទន្ទឹមនឹងនេះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា «យើងមានក្តីប្រាថ្នាតែមួយ គឺស្មារតីនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ រក្សាបាននូវស្ថេរភាព ភាពត្រឹមត្រូវ ផ្តល់ភាពរីកចម្រើន និងក្តីសង្ឃឹមសម្រាប់សុខភាពកុមារ»

ឆ្លើយតបនឹងសំណួររបស់ លោកវេជ្ជបណ្ឌិត ចំពោះតម្រូវការរបស់ក្រសួងសុខាភិបាល លោលសាស្ត្រចារ្យរដ្ឋមន្រ្តី បានលើកទឹកចិត្តអង្គការ បន្ត និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយអង្គភាពពាក់ព័ន្ធនៃក្រសួងសុខាភិបាល ក្នុងការបណ្តុះបណ្តាលគ្រូពេទ្យ បុគ្គលិកសុខាភិបាលនៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពផ្សេងៗទៀត លើជំនាញផ្នែកទារក និងកុមារ ដើម្បីទទួលបានលទ្ធផលធំធេងជាងមុន ជាមួយនឹងការចំណាយទាប ព្រមទាំងធ្វើការពិចារណាក្នុងការពង្រីកកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយផ្នែកសម្ភព ក្នុងការត្រៀមលក្ខណៈសង្គ្រោះគ្រប់ករណីសម្រាលទាំងអស់។

ទន្ទឹមនឹងនេះ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានគាំទ្រការពង្រីកគម្រោងបន្ថែមទៅខេត្តរតនគិរី និងបណ្តាខេត្តដាច់ស្រយ៉ាលដ៏ទៃទៀត ជាពិសេសខេត្តតាមបណ្តោយព្រំដែន។

ជាមួយគ្នានេះលោកសាស្ត្រាចារ្យរដ្ឋមន្រ្តី បានស្នើលោកវេជ្ជបណ្ឌិត វីលៀម ហៅស្វឺត ចែករំលែកបទពិសោធន៍ជោគជ័យរបស់ចេនឡា ក្នុងការអនុវត្តគម្រោងប្រកបដោយនវានុវត្តន៍៕