(ភ្នំពេញ)៖ ជាងមួយឆ្នាំដើមអាណត្តិទី៧ នៃរដ្ឋសភាក្រសួងសុខាភិបាល ដឹកនាំដោយលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្រៅពីការងារអាទិភាពជាច្រើន ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ក៏ការងារច្រើនផ្សេងទៀត ដើម្បីកែទម្រង់វិស័យសុខាភិបាលសំដៅទៅការពង្រឹងគុណភាពវិស័យសុខាភិបាល បម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋកាន់តែប្រសើរ និងមានប្រសិទ្ធិភាពខ្ពស់ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានធ្វើបាកឋកថាជូនថ្នាក់ដឹកនាំ មន្ត្រី បុគ្គលក្រោមឳវាទជាង៤ពាន់នាក់ជារៀងរាល់ម៉ោង២រសៀលនៃថ្ងៃអង្គារ ទៅលើប្រធានបទផ្សេងៗ។
ជាក់ស្តែងនៅរសៀលថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ លោកសាស្ត្រាចារ្យ ឈាង រ៉ា គឺបានធ្វើបទបាឋកថាក្នុងវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៤,១៥៣ នាក់។
ជាកិច្ចចាប់ផ្តើម លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំណេះសំណាលជាមួយសិក្ខាកាម និងបានផ្តល់ជាការណែនាំសម្រាប់ការងារជ្រើសរើសមន្រ្តីបម្រើការងារតាមអង្គភាពក្នុងវិស័យសុខាភិបាល ឱ្យធ្វើការជ្រើសរើសដោយភាពត្រឹមត្រូវជានិច្ចជាកាល។
ជាកិច្ចបន្តលោកសាស្រ្តាចារ្យរដ្ឋមន្រ្តីបានធ្វើបទបាឋកថាលើប្រធានបទ «ការបង្កើនសមិទ្ធិផលការងារ (performance) របស់បុគ្គល/ក្រុមការងារក្នុងវិស័យសុខាភិបាល» ដោយសង្កត់ធ្ងន់ថា ដើម្បីបង្កើនប្រសិទ្ធិភាពការងារក្នុងវិស័យសុខាភិបាល បុគ្គលិកសុខាភិបាលគ្រប់រូបត្រូវធ្វើការឱ្យចេញជាសមិទ្ធិផល ហើយសមិទ្ធផលទាំងនេះនឹងត្រូវកើតឡើងជាបន្តរបន្ទាប់ មិនមែនគ្រាន់តែកើតឡើងដោយចៃដន្យ ឬម្តងម្កាលនោះទេ។ បន្ថែមពីលើនេះ អ្នកដឹកនាំក្នុងវិស័យសុខាភិបាល ក៏ត្រូវរៀបចំក្រុមការងារឱ្យមានប្រសិទ្ធិភាព សម្រាប់បំពេញការងារតាមអង្គភាពផងដែរ។
ដើម្បីដឹកនាំក្រុមការងាឲ្យមានប្រសិទ្ធិភាព អ្នកដឹកនាំត្រូវ៖
១៖ ចេះប្រែក្លាយការងារពីអតីតកាល ឲ្យក្លាយជាកម្លាំងវិជ្ជមាន និងបន្តរខិតខំកែរលំអរការងារកន្លងមក ឲ្យកាន់តែប្រសើរឡើង
២៖ ត្រូវផ្តល់ក្តីសង្ឍឹមដល់សមាជិកក្រុមការងារ និងយកចិត្តទុកដាក់ស្តាប់ ផ្តល់ការគិតគូរនិងជួយដល់បុគ្គលិកដោយក្តីសុច្ចរិត
៣៖ មានភាពបត់បែនក្នុងការងារដើម្បីធ្វើឲ្យក្រុមការងារឬអង្គភាពមានភាពរស់រវើក ឬ ភាពទាក់ទាញអោយមានការចូលរួមកាន់តែច្រើនពីបុគ្គលិកនិងភាគីពាក់ពន្ធ័
៤៖ បង្កើតបរិស្ថានការងារដែលរីកចម្រើន និងមាននិរន្តរភាពតាមរយៈការជួយគ្នាទៅវិញទៅមក និង
៥៖ ត្រូវជំរុញឲ្យមានការរក្សាបាននូវមនសិការវិជ្ជាជីវៈសុខាភិបាលនិងជំរុញអោយក្រុមការងារសម្រេចបានសមិទ្ធផលសម្រាប់វិស័យសុខាភិបាលទាំងមូល៕