(ពោធិ៍សាត់)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់, លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ របស់គណៈកម្មការថ្នាក់ខេត្ត ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។ ពិធីនេះមានការអញ្ជើញចូលរួមពីក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត និងមន្ត្រីពាក់ព័ន្ធយ៉ាងច្រើនកុះករ។

លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានរាយការណ៍ថា យុទ្ធនាការចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ បានចែកចេញជា០៣ដំណាក់កាល៖

*ដំណាក់កាលទី១ ចាប់ពីអំឡុងខែមិថុនា ឆ្នាំ២០២៣ បានចុះទប់ស្កាត់ បង្ក្រាបបទល្មើស និងឃ្លុំដកហូតដី បានចំនួន២៩,៩១៤ហិកតា។
*ដំណាក់កាលទី២ ចាប់ពីអំឡុងខែមីនា ឆ្នាំ២០២៤ ដោយមានការគាំទ្រពីថ្នាក់ជាតិ ដឹកនាំដោយនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងរបស់ក្រសួងបរិស្ថាន ដឹកនាំដោយលោករដ្ឋមន្ត្រី អ៊ាង សុផល្លែត និងកម្លាំងរបស់អគ្គស្នងការនគរបាលជាតិ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានរៀបចំអនុគណៈកម្មការ ចំនួន១០ក្រុម ប្រើកម្លាំងសរុប មធ្យោបាយសរុប ចុះទប់ស្កាត់បង្ក្រាបបទល្មើស និងឃ្លុំដកហូតដីទុកជាសម្បត្តិរដ្ឋ បានចំនួន​៩,៥៩៣ហិកតា។
*ដំណាក់កាលទី៣ ក្រោយពេលកម្លាំងថ្នាក់ជាតិដកចេញ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបង្រួមមកត្រឹម០៦ក្រុមវិញ ដើម្បីសន្សំសំចៃថវិកាដែលមាន និងងាយស្រួលគ្រប់គ្រងភូមិសាស្ត្រ ដែលបានឃ្លុំដកហូតបាន៣៩,៥០៧ហិកតា ប្រកបដោយការទទួលខុសត្រូវ និងធ្វើយ៉ាងណាកុំឱ្យជនល្មើសវិលត្រឡប់ចូលវិញបាន រួមនឹងការបន្តបង្ក្រាបនិងឃ្លុំដកហូត ទីតាំងបទល្មើសដែលនៅសេសសល់។

លោក ខូយ រីដា បានបន្តថា ដោយមានការឧបត្ថម្ភគាំទ្រថវិកាពីរាជរដ្ឋាភិបាល ដោយបានប្រើប្រាស់កម្លាំងសរុប ចំនួន៣១៦នាក់ ប្រចាំការល្បាត ទប់ស្កាត់បង្ក្រាប និងឃ្លុំដកហូតដីទុកជាសម្បត្តិរដ្ឋវិញ បានចំនួន៤,៣៨២ហិកតាបន្ថែមទៀត គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៤។ សរុបការឃ្លុំដកហូតដីទុកជាសម្បត្តិរដ្ឋ ទាំង០៣ដំណាក់កាល មានចំនួន៤៣.៨៨៩ហិកតា។ ក្នុងនាមរដ្ឋបាលខេត្ត និងអាជ្ញាធរដែនដី សំណូមពរដីដែលត្រូវអភិរក្ស ក្នុងតំបន់ការពារធម្មជាតិ គឺត្រូវអភិរក្សឱ្យបានដាច់ខាត ហើយប្រជាពលរដ្ឋដែលបានរស់នៅ និងអាស្រ័យផល ក្រៅពីដីដែលបានឃ្លុំ ដកហូត គួរទទួលបានភាពស្របច្បាប់។

បន្ទាប់ពីការលើកឡើង របស់នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ និងលោកបណ្ឌិត អ៊ាង សុផល្លែត ទាក់ទិននឹងការបង្ក្រាបបទល្មើសធនធានធម្មជាតិ និងការដាំដើមឈើឡើងវិញរួចមក, លោករដ្ឋមន្ត្រី កែវ រតនៈ បានថ្លែងថា កិច្ចប្រជុំថ្ងៃនេះ គឺដើម្បីពិនិត្យមើលវឌ្ឍនភាពមួយជ្រុង និងមួយជ្រុងទៀត គឺយើងឈានទៅមើលការប្រឈម និងបទពិសោធន៍ដែលយើងដកស្រង់បាន ហើយស្នើសុំគំនិតរួម ដើម្បីសាកល្បង ក្រែងអាចឈានទៅដល់ការកំណត់ នូវត្រីវិស័យ និងផ្លូវទៅមុខ ដើម្បីពន្លត់ភ្លើងកុំឱ្យអង្គុយបក់ផ្សែង ព្រោះថាទាំងកងកម្លាំងប្រដាប់អាវុធ ទាំងអាជ្ញាធរ ជាពិសេសថ្នាក់កណ្ដាលតែម្ដង គឺមានភារកិច្ចច្រើនដែលត្រូវធ្វើ ដើម្បីប្រជាពលរដ្ឋទូទាំងប្រទេស។ ថ្ងៃនេះមានការចូលរួមទាំងថ្នាក់ជាតិ ថ្នាក់មូលដ្ឋានគ្រប់លំដាប់ថ្នាក់ ព្រមទាំងស្ថាប័នតុលាការ មកជួបជុំគ្នាដើម្បីប្រមូលធាតុចូល ឈានទៅបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ឱ្យខាងតែបាន៕