(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក វ៉ាង វិនពីន តាមរយៈសំណេរបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួន បានអះអាងថា ភាគីចិននៅតែបន្តគាំទ្រដល់កម្ពុជា ក្នុងការកសាងគម្រោងហេដ្ឋារចនាសម្ព័ន្ធ ហើយថា រាល់បំណងប៉ុនប៉ងលាបពណ៌ លើកិច្ចសហប្រតិបត្តិរវាងចិន និងកម្ពុជា គឺមិនអាចទៅរួចបានឡើយ។

ការចេញមកបញ្ជាក់របស់ភាគីចិន ធ្វើឡើងបន្ទាប់ពីមួយរយៈពេលចុងក្រោយនេះ មានប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ពិសេសអ្នកនយោបាយប្រឆាំង ដែលកំពុងនិរទេសខ្លួនរស់នៅក្រៅស្រុក បានផ្សព្វផ្សាយព័ត៌បំពុលថា «ចិនឈប់ផ្តល់កម្ចីដល់កម្ពុជា»

ឆ្លើយតបនឹងព័ត៌មានបំពុល បង្កើតឱ្យមានការភ័ន្តច្រឡំនោះ លោក វ៉ាង វិនពីន បានបង្ហោះសំណរដូច្នេះថា «ជំនួយរបស់ចិនមកកាន់កម្ពុជា ទទួលបានសមិទ្ធផលផ្លែផ្កាជាច្រើនអនេក គម្រោងជំនួយថ្មីៗក៏កំពុងតែដំណើរការ។ ភាគីចិននឹងបន្តគាំទ្រយ៉ាងមុតមាំ ដល់ភាគីកម្ពុជា ក្នុងការកសាងគម្រោងហេដ្ឋារចនាសម្ព័ន្ធ ពាក់ព័ន្ធនឹងផែនការជីវភាពរស់នៅ របស់ប្រជាជន។ រាល់បំណងប៉ុនប៉ងលាបពណ៌ លើកិច្ចសហប្រតិបត្តិរវាងចិន និងកម្ពុជា គឺមិនអាចទៅរួចបានឡើយ»

កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ លោក មាស សុខសេនសាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានចេញមកច្រានចោល ពាក់ព័ន្ធនឹងព័ត៌មានដែលចែកចាយថា «ចិនឈប់ផ្ដល់កម្ចីកម្ពុជា» ផងដែរ។

លោក មាស សុខសេនសាន បានបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺជាទំនាក់ទំនង ដែលបន្ដមានការស្អិតរមួត ត្រូវបានពង្រឹង តាមរយៈការវិនិយោគ និងតាមរយៈកិច្ចសហប្រតិបត្ដិការនានា ដែលមានជាធរមាន ហើយមានគម្រោងជាច្រើនរវាងប្រទេសទាំងពីរ ​ដែលបន្តពិនិត្យ និងចុះកិច្ចព្រមព្រៀង នៅក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការ និងក្របខណ្ឌ​នៃកិច្ច​ចុះព្រមព្រៀងហិរញ្ញប្បទានឥតសំណង រាប់ទាំងហិរញ្ញប្បទានសម្បទានជាច្រើន​ទៀត ដែលគ្រោងនឹងមានជាមួយគ្នា។

ត្រឹមត្រីមាសទី៣ ឆ្នាំ២០២៤នេះ ​កម្ពុជាមានបំណុលសាធារណៈសរុប ១១.៧៨ ប៊ីលានដុល្លារអាមេរិក ក្នុងនោះចិនបានផ្តល់កម្ចីដល់កម្ពុជាច្រើនជាងគេប្រមាណ ៤ពាន់លានដុល្លារ ស្មើនឹង៣៤%នៃបំណុលសរុប។

គិតមកដល់បច្ចុប្បន្ននេះ ចិនបានរួមចំណែកជួយដល់កម្ពុជាក្នុងការកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសរុបប្រមាណជាង ៣ពាន់លានដុល្លារ និងសាងសង់ខ្សែផ្លូវប្រវែងសរុបប្រមាណជិត ៤ពាន់គីឡូម៉ែត្រ រួមទាំងស្ពានធំៗសរុបប្រមាណ ១៦ស្ពាន ប្រវែងសរុបប្រមាណជាង ១៤ពាន់ម៉ែត្រ៕