(ភ្នំពេញ)៖ លោក តូច សារ៉េត រដ្ឋលេខាធិការក្រសួងព័ត៌មាន បានទទួលមរណភាព នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង២១:៤៥នាទីយប់ ក្នុងជន្មាយុ ៧៤ឆ្នាំ។ នេះយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
សពរបស់លោក តូច សារ៉េត ត្រូវបានក្រុមគ្រួសារ និងសាច់ញាតិរៀបចំតម្កល់ និងធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា ស្ថិតនៅគេហដ្ឋាននៃសព ដែលមានអាសយដ្ឋាន ផ្ទះលេខ៧១៧ ផ្លូវទន្លេសាប សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ដំណឹងមរណភាពនេះ ចាត់ទុកជាការជូនដំណឹង និងសូមអញ្ជើញថ្នាក់ដឹកនាំ ទីប្រឹក្សា មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់នៃក្រសួងព័ត៌មាន ដើម្បីចូលរួមពិធីបុណ្យសពដូចបានជម្រាបជូនខាងលើតាមការគួរ។
ដោយឡែកយោងតាមទំព័រ Faceook ផ្លូវការរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះថា៖ «នៅល្ងាចនេះ ក្រុមគ្រួសារនៃក្រសួងព័ត៌មានពិតជាមានសេចក្តីតក់ស្លុតសោកសង្រេងដែលបានបាត់បង់នូវថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូប គឺឯកឧត្តម តូច សារ៉េត រដ្ឋលេខាធិការ។ ឯកឧត្តម តូច សារ៉េត បានទទួលមរណភាពនៅល្ងាចថ្ងៃទី១៧ ខែធ្នូ នេះដោយរោគាពាធ។ ឯកឧត្តមបានលះបង់កម្លាំងកាយចិត្ត បញ្ញាក្នុងការបម្រើជាតិមាតុភូមិក្នុងវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា។ យើងខ្ញុំសូមចងចាំនូវគុណូបក្ការៈគុណដែលឯកឧត្តមបានចូលរួមចំណែកក្នុងការកសាងជាតិមាតុភូមិ និងបានផ្តល់នូវដំបូន្មានល្អៗដល់អ្នកបន្តវេន។ ខ្ញុំសូមបួងសួងសូមដួងវិញ្ញាណក្ខន្ធរបស់ឯកឧត្តម តូច សារ៉េត បានទៅកាន់សុគតិភព»៕