(គូឡាឡាំពួ)៖ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Mohamad Hasan កាលពីដើមសប្ដាហ៍កន្លងទៅនេះ បានទទួលស្គាល់ថា លោកនាយករដ្ឋមន្ត្រី Anwar Ibrahim នឹងពិគ្រោះយោបល់ ជាមួយអតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមជាទីប្រឹក្សាផ្ទាល់ខ្លួនរបស់លោកស្ដីពីអាស៊ាន។
នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន South China Morning Post ។
កាលពីថ្ងៃចន្ទ ទី១៦ ខែធ្នូ លោក Anwar Ibrahim ក៏បានប្រកាសផងដែរអំពីការតែងតាំងអតីតនាយករដ្ឋមន្រ្តីនៃប្រទេសថៃ គឺលោក Thaksin Shinawatra ជាទីប្រឹក្សាផ្ទាល់ខ្លួនរបស់លោក នៅពេលដែលម៉ាឡេស៉ីក្លាយជាប្រធានប្តូរវេនរបស់អាស៊ាន នៅឆ្នាំក្រោយ។ ដោយលើកឡើងពីការតែងតាំងលោក Thaksin និងសម្ដេចតេជោ ហ៊ុន សែន លោក Mohamad Hasan បានគូសបញ្ជាក់ ដូច្នេះថា «ទីប្រឹក្សាទាំង២រូបគឺលើសពីមិត្តជិតស្និទ្ធរបស់លោកនាយករដ្ឋមន្ត្រី ដែលអាចចែករំលែកទស្សនយល់ឃើញនៅពេលចាំបាច់»។
គួរបញ្ជាក់ថា បើតាមលោក Mohamad Hasan លោក Thaksin និងសម្ដេចតេជោ ហ៊ុន សែន នឹងក្លាយជាទីប្រឹក្សាផ្ទាល់ខ្លួនរបស់លោក Anwar ហើយនឹងមិនមានតួនាទីផ្លូវការណាមួយ នៅក្រោមអាស៊ាននោះទេ៕