(ត្បូងឃ្មុំ)៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ចំការកៅស៊ូចំណាស់នៅខេត្តត្បូងឃ្មុំ គឺជាបេតិកភណ្ឌដ៏មានតម្លៃ ដែលត្រូវការពារថែរក្សា និងជាប្រភពធនធានយ៉ាងល្អប្រពៃបម្រើដល់ការស្រាវជ្រាវ។
ការលើកឡើងរបស់លោករដ្ឋមន្រ្ដី បានធ្វើឡើង នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីភាពប្រារព្ធ១០០ឆ្នាំ ចម្ការកៅស៊ូចាស់ជាងគេនៅកម្ពុជា និងសម្ពោធ «ឧទ្យានបេតិកភណ្ឌកៅស៊ូ តេជោ-ធិបតី» ដែលមានទីតាំងស្ថិតនៅឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
លោករដ្ឋមន្រ្តី ឌិត ទីណា បានពាំនាំការសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្ញើជូនបងប្អូនទាំងអស់ក្នុងការងារវិស័យកៅស៊ូកម្ពុជា។ លោកបានបន្ថែមថា «ចំការកៅស៊ូចំណាស់នេះ គឺជាបេតិកភណ្ឌដ៏មានតម្លៃ ដែលត្រូវការពារថែរក្សា និងជាប្រភពធនធានយ៉ាងល្អប្រពៃបម្រើដល់ការស្រាវជ្រាវ រហូតមកដល់នាពេលបច្ចុប្បន្ន ដែលកម្ពុជាសម្រេចបានក្លូនកៅស៊ូចំនួនពីរគឺ CRRI 12 និង CRRI 19 ដែលមានគុណភាពល្អ មានជ័រច្រើន និងមានទិន្នផលខ្ពស់សម្រាប់បងប្អូនយកទៅដាំដុះ និងជំរុញពូជក្លូននេះបន្ថែមទៀត»។
លោករដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីគោលយោបាយអាទិភាពក្នុងវិស័យកសិកម្មក្នុងការធានាឱ្យបាននូវសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ធ្វើយ៉ាងណាឱ្យប្រជាកសិករ មានហូប មានប្រើ មានបាន និងមានរហូត ដែលត្រូវការការចូលរួមពីបងប្អូនទាំងអស់គ្នាក្នុងការស្វែងយល់ពី និងយកចិត្តទុកដាក់ពីដំណាក់កាលនីមួយៗឱ្យបានស៊ីជម្រៅ និងបន្តការងារវិស័យកៅស៊ូ ប្រកបដោយគុណភាពល្អ មានតម្លៃបន្ថែមខ្ពស់ និងអាចបម្រើដល់ការកែច្នៃក្នុងស្រុក ដើម្បីនាំចេញផលិតផលសម្រេចទៅកាន់ទីផ្សារអន្តរជាតិ។
បន្ថែមពីនេះ លោករដ្ឋមន្រ្តី បានសម្តែងនូវក្តីសោមនស្សរីករាយជាអនេក ដែលកម្មវិធីនេះទទួលបានភាពជោគជ័យ និងមានការគាំទ្រយ៉ាងកុះករពី សំណាក់បងប្អូន ប្រជាពលរដ្ឋ ដោយកម្មវិធីនេះបានផ្តល់អត្ថប្រយោជន៍ជាច្រើនក្នុងការស្វែងយល់ពី លក្ខខណ្ឌការងារប្រចាំថ្ងៃរបស់កម្មករកម្មការនីចៀរជ័រកៅស៊ូ និងការបង្ហាញនូវស្នាដៃចៀរជ័រដ៏ពិនប្រសប់ពីបេក្ខជនតាមបណ្តាក្រុមហ៊ុននានា៕