(ត្បូងឃ្មុំ)៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា កម្មវិធីចៀរជ័ររៀបចំដោយក្រសួងកសិកម្មនាពេលនេះ នឹងបន្តធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីលើកទឹកចិត្តដល់កម្មករកម្មការនីចៀរជ័រ ឱ្យមានប្រសិទ្ធភាពខ្ពស់ ត្រឹមត្រូវតាមស្តង់ដារការងារ និងទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ព្រមទាំងអាចឱ្យពួកគេផ្លាស់ប្តូរពីបទពិសោធន៍បច្ចេកទេសជាមួយគ្នា។
លោករដ្ឋមន្រ្ដី លើកឡើងបែបនេះនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីភាពប្រារព្ធ១០០ឆ្នាំ ចម្ការកៅស៊ូចាស់ជាងគេនៅកម្ពុជា និងសម្ពោធ «ឧទ្យានបេតិកភណ្ឌកៅស៊ូ តេជោ-ធិបតី» ដែលមានទីតាំងស្ថិតនៅឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
លោករដ្ឋមន្រ្តី ឌិត ទីណា បានពាំនាំការសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្ញើជូនបងប្អូនទាំងអស់ក្នុងការងារវិស័យកៅស៊ូកម្ពុជា។
លោករដ្ឋមន្រ្តី បានសម្តែងនូវក្តីសោមនស្សរីករាយជាអនេក ដែលកម្មវិធីនេះទទួលបានភាពជោគជ័យ និងមានការគាំទ្រយ៉ាងកុះករពីសំណាក់ប្រជាពលរដ្ឋ ដោយកម្មវិធីនេះបានផ្តល់អត្ថប្រយោជន៍ជាច្រើនក្នុងការស្វែងយល់ពី លក្ខខណ្ឌការងារប្រចាំថ្ងៃរបស់កម្មករកម្មការនីចៀរជ័រកៅស៊ូ និងការបង្ហាញនូវស្នាដៃចៀរជ័រដ៏ពិនប្រសប់ពីបេក្ខជនតាមបណ្តាក្រុមហ៊ុននានា។
ជាមួយគ្នានេះដែរ អ្នកស្រី ពៅ ចិន្តា ទទួលជ័យលាភីលេខ២ នៅកម្មវិធីប្រឡងចៀរជ័រកៅស៊ូ បានបង្ហាញអារម្មណ៍សប្បាយរីករាយជាខ្លាំង ក្នុងការទទួលបានពាន់រង្វន់ម៉ូតូ១គ្រឿង និងថវិកាចំនួន២លានរៀន ដែលអាចជួយដល់ជីវភាពប្រចាំថ្ងៃបានច្រើន ប្រសិនបើមានការប្រឡងលើកក្រោយ អ្នកស្រីនឹងដាក់ពាក្យប្រឡងទៀត។ អ្នកស្រី ពៅ ចិន្តា បានបន្ដទៀតថា សម្រាប់បងប្អូនដែលមិនបានជាប់ក្នុងការប្រឡងនៅពេលនេះ សូមកុំបាក់ទឹកចិត្ដ ត្រូវតែស៊ូ ហើយសម្រាប់អ្នកស្រីមុននឹងទទួលបានជោគជ័យនេះ គឺមិនមែនប្រឡងតែម្ដងទេ គឺប្រឡង៣ ទៅ៤ ដងហើយ ដូច្នេះត្រូវតែតស៊ូ ថ្ងៃណាមួយយើងនឹងជោគជ័យ៕