(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឆ្លើយតបពីការលើកឡើង បែបអវិជ្ជមានតាមបណ្ដាញសារព័ត៌មាន និងបណ្តាញសង្គមនានា អំពីបញ្ហានៃបណ្ដាញ ខ្សែកាបលើអាកាស និងបញ្ហានៃគុណភាពសេវាទូរសព្ទចល័ត និងសេវាអ៊ីនធឺណិត ដែលមិនឆ្លុះបញ្ចាំងពីការពិត មានចរិកលក្ខណៈបំភ្លើស។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤។
សេចក្ដីជូនដំណឹង បានឲ្យដឹងថា កន្លងមក ដោយមានការលើកឡើងបែបអវិជ្ជមានតាមបណ្ដាញសារព័ត៌មាន និងបណ្តាញសង្គមនានា អំពីបញ្ហានៃបណ្ដាញខ្សែកាបលើអាកាស និងបញ្ហានៃគុណភាពសេវាទូរសព្ទចល័តនិងសេវាអ៊ីនធឺណិត ដែលមិនឆ្លុះបញ្ចាំងពីការពិត មានចរិកលក្ខណៈបំភ្លើស ផ្ទុយអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងស្ថាប័នពាក់ព័ន្ធ សូមជម្រាបជូនបណ្ដាញសារព័ត៌មាន និងសាធារណជនទាំងអស់ មេត្តាជ្រាបថា៖
១៖ ចំពោះបណ្ដាញខ្សែកាបលើអាកាស៖ បណ្ដាញខ្សែដែលរត់លើបង្គោលតាមដងផ្លូវសាធារណៈ ក្រៅពីបណ្តាញអគ្គិសនី គឺអាចមានជា ខ្សែកាបអុបទិក ខ្សែកាបទូរទស្សន៍ និងខ្សែបណ្ដាញផ្សេងទៀត ហើយពីមុនមក ត្រូវបានតភ្ជាប់ដោយពុំមានសណ្ដាប់ធ្នាប់តាមបណ្ដោយផ្លូវ ឬកាត់ទទឹងផ្លូវនានា ក្នុងរាជធានីភ្នំពេញ (ដែលសាធារណជនហៅថា សំបុកពីងពាង)។
កន្លងមកក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងអគ្គិសនីកម្ពុជា (EDC) បានសហការក្រោមការសម្របសម្រួលរបស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីកាត់ទម្លាក់ និងរៀបចំបណ្ដាញ ទាំងអស់នេះ ដាក់ក្នុងបំពង់ក្រោមដីជាបន្តបន្ទាប់ៗ។ ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានីភ្នំពេញ រួមជាមួយប្រតិបត្តិករទូរគមនាគមន៍ បានបញ្ចប់ការរៀបចំបណ្តាញដាក់ទៅក្នុងបំពង់ក្រោមដី នៅតាមផ្លូវចំនួន ១៦ ខ្សែ ក្នុងនោះមានផ្លូវធំៗ ដូចជា ព្រះនរោត្តម ព្រះមុនីវង្ស ព្រះសីហនុ សហព័ន្ធរុស្ស៊ី ម៉ៅសេទុង និងកម្ពុជាក្រោម ជាដើម។
ជាទិសដៅបន្ទាប់ ស្ថាប័នពាក់ព័ន្ធទាំងអស់បានរៀបចំផែនការសកម្មភាពក្នុងការកាត់ទម្លាក់និងរៀបចំបណ្ដាញទាំងអស់នេះ ដាក់ក្នុងបំពង់ក្រោមដី នៅតាមផ្លូវសំខាន់ៗចំនួន ៤០ ខ្សែទៀត ដែលបាននិងកំពុងអនុវត្ត ចាប់ពីខែធ្នូ ឆ្នាំ២០២៤ នេះតទៅ។ ការអនុវត្តការងារនេះ គឺទាមទារពេលវេលាយ៉ាងតិចចន្លោះពី៣ខែ ទៅ៦ ខែ ដោយក្នុងនោះ មានការរៀបចំផែនការ សកម្មភាពរួមគ្នារវាងស្ថាប័នពាក់ព័ន្ធទាំងអស់ ការគិតគូរអំពីដំណោះស្រាយដើម្បីបញ្ចៀសផលប៉ះពាល់ដល់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ការកំណត់ថ្ងៃចុះទៅអនុវត្តផ្ទាល់ ការជូនដំណឹងដល់ប្រជាពលរដ្ឋអំពីការកាត់ផ្តាច់បណ្តាញ និងការចុះអនុវត្តជាក់ស្តែង។
បច្ចុប្បន្ននេះ ការតភ្ជាប់បណ្ដាញខ្សែកាបអុបទិកលើអាកាសថ្មី សម្រាប់បម្រើដល់វិស័យទូរគមនាគមន៍ នៅទីតាំងដែលបានកាត់ទម្លាក់រួច ឬនៅទីតាំងដែលបានសាងសង់បំពង់ ក្រោមដីរួចរាល់ គឺមិនត្រូវបានអនុញ្ញាតទៀតឡើយ។ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមគូសបញ្ជាក់ផងដែរថា បញ្ហាសោភណភាពនៃបណ្ដាញខ្សែកាបលើអាកាសនេះ មិនមែនមានតែនៅកម្ពុជាទេ គឺបណ្តាប្រទេសក្នុងតំបន់មួយចំនួនក៏កំពុងជួបបញ្ហាប្រឈមដូចគ្នានេះដែរ ហើយក៏កំពុងគិតគូរអំពីដំណោះស្រាយដូចនៅកម្ពុជាដែរ។
២៖ ចំពោះការពង្រឹងគុណភាពសេវាទូរគមនាគមន៍៖ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដាក់ចេញនូវផែនការសកម្មភាពជាច្រើន ក្នុងការពង្រឹងគុណភាពសេវាទូរគមនាគមន៍ ជាអាទិ៍៖
* នៅតាមបុរី៖ ចាប់ពីឆ្នាំ២០២២ មក ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានជំរុញឱ្យមានការសាងសង់បង្គោលអង់តែនបន្ថែមនៅបុរីចំនួន ៦៨ គម្រោង ចំនួន ៧០ បង្គោល ដែលបង្គោលអង់តែនមួយអាចបំពាក់ស្ថានីយចំនួន ៣ ប្រតិបត្តិករ។ ដោយឡែក នៅបុរី ប៉េង ហួត បឹងស្នោរ ដែលជាបុរីធំជាងគេក្នុងរាជធានីភ្នំពេញ ហើយមានប្រជាពលរដ្ឋរស់នៅ ៧ ២០០ គ្រួសារ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានជំរុញឱ្យមានការសាងសង់បង្គោលអង់តែនបន្ថែមបានចំនួន ១៨ បង្គោល។
បន្ទាប់ពីបង្គោលអង់តែនសាងសង់រួច ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសហការជាមួយរដ្ឋបាលមូលដ្ឋាន និងក្រុមហ៊ុនបុរី រុះរើឧបករណ៍បង្កើនកម្លាំងសេវា/ពង្រីកសេវា (Booster/Repeater) ដែលបង្កការឆ្លងរំខានដល់សេវាទូរសព្ទចល័ត ហើយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចាត់ក្រុមការងារ ៣២៥ នាក់ ចុះទៅសាកសួរ និងស្ទង់មតិអំពីគុណភាពសេវាជាមួយប្រជាពលរដ្ឋដែលកំពុងរស់នៅជាក់ស្តែងក្នុងលំនៅដ្ឋានប្រមាណ ៥ ០០០ (២ ០០០ លំនៅដ្ឋានទៀត ក្រុមការងារពុំបានជួប) ដោយទទួលបានលទ្ធផលថា ៨៨% ទទួលស្គាល់ថា សេវាទូរសព្ទចល័តមានភាពល្អប្រសើរជាងមុន ចំណែក ១២% ទទួលស្គាល់ថា ល្អជាងមុន តែនៅពុំទាន់ពេញចិត្ត។
ក្នុងឆ្នាំ២០២២ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏បានសិក្សានិងរកឃើញថា នៅរាជធានីភ្នំពេញ ភាពមិនទាន់ល្អប្រសើរនេះ អាចបណ្តាលមកពីមូលហេតុមួយចំនួន ដូចជា ការសាងសង់ផ្ទះជាប់ៗគ្នាដែលធ្វើឱ្យសេវាទូរសព្ទចល័តមិនអាចចូលទៅដល់ ទីតាំងមិនអំណោយផលសម្រាប់ការសាងសង់និងការតវ៉ាពីប្រជាពលរដ្ឋមិនឱ្យសាងសង់បង្គោលអង់តែន ជាដើម។
* នៅតាមបណ្តាខណ្ឌក្នុងរាជធានីភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចាត់ក្រុមការងារចំនួន ៩ ឱ្យចុះត្រួតពិនិត្យតាមបណ្តាខណ្ឌទាំង ១៤ ក្នុងរាជធានីភ្នំពេញ ហើយបានជំរុញឱ្យប្រតិបត្តិករទូរគមនាគមន៍សាងសង់បង្គោលអង់តែនបន្ថែមរួចរាល់ចំនួន ៣១៦ បង្គោល ក្នុងចំណោម ៥៨៦ បង្គោលដែលមានក្នុងផែនការ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៤។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសិក្សានិងរកឃើញថា មានតម្រូវការសាងសង់បង្គោលអង់តែនប្រមាណ ១០០០ បង្គោលបន្ថែមទៀត ដើម្បីពង្រឹង និងពង្រីកសេវាទូរសព្ទចល័ត ឱ្យកាន់តែល្អប្រសើរ ប៉ុន្តែការងារនេះក៏នៅជួបបញ្ហាប្រឈមជាច្រើន ដូចជា ការប៉ះពាល់ដល់សោភណភាព ទីតាំងមិនអំណោយផលសម្រាប់ការសាងសង់ និងការតវ៉ាពីប្រជាពលរដ្ឋមិនឱ្យសាងសង់បង្គោលអង់តែន ជាដើម។
* នៅតាមបណ្តាខេត្ត៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចាត់ក្រុមការងារបច្ចេកទេសឱ្យចុះវាស់ស្ទង់សេវាទូរគមនាគមន៍ និងបានជំរុញឱ្យប្រតិបត្តិករទូរគមនាគមន៍ សាងសង់បង្គោលអង់តែននៅតាមទីរួមខេត្ត ទីរួមស្រុក និងតំបន់ប្រជុំជន ដោយចាប់ផ្តើមចេញពីខេត្តតាកែវ ខេត្តកណ្តាល និងខេត្តសៀមរាប ដែលមកដល់បច្ចុប្បន្ន មានបង្គោលអង់តែនប្រមាណ ១៧៥ បង្គោល ក្នុងចំណោម ៣៩៩ បង្គោលដែលនៅក្នុងផែនការ។
* ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមគូសបញ្ជាក់ឡើងវិញថា ផ្អែកតាមការសិក្សារបស់អង្គការសុខភាពពិភពលោក (WHO) គឺ ពុំមានភស្តុតាងវិទ្យាសាស្ត្រណា ដែលបង្ហាញថា បង្គោលអង់តែនទូរគមនាគមន៍ អាចបង្កផលប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋដែលរស់នៅជុំវិញបង្គោលនោះទេ។
៣៖ ចំពោះការហៅទូរសព្ទចល័តឆ្លងប្រព័ន្ធ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ផ្អែកតាមផែនការសកម្មភាពខាងលើ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានជំរុញឱ្យប្រតិបត្តិករទូរសព្ទចល័តទាំងអស់ ដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការហៅឆ្លងប្រព័ន្ធ ឱ្យមានភាពល្អប្រសើរជាងមុន និងសម្រួលដល់ការទំនាក់ទំនងរបស់ប្រជាពលរដ្ឋ។ ទោះបីជាយ៉ាងនេះក្តី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កត់សម្គាល់ឃើញថា ការប្រាស្រ័យទាក់ទងរបស់ប្រជាពលរដ្ឋ នាពេលបច្ចុប្បន្ន បានងាកមកប្រើបណ្ដាញសង្គម Telegram, WhatsApp, និង Facebook Messenger ជាដើម ជំនួសឱ្យការទាក់ទងតាមលេខទូរសព្ទចល័តដោយផ្ទាល់។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាននិងកំពុងបន្តខិតខំដោះស្រាយបញ្ហានិងពង្រឹងគុណភាពសេវាទូរគមនាគមន៍ឱ្យបានល្អប្រសើរ ដើម្បីជាប្រយោជន៍ដល់អ្នកប្រើប្រាស់ទាំងអស់ តាមរយៈការជំរុញឱ្យប្រតិបត្តិករទូរសព្ទវិនិយោគលើការសាងសង់បង្គោលអង់តែនបន្ថែម ការប្រើប្រាស់ថវិកាមូលនិធិកាតព្វកិច្ច សេវាសកលដើម្បីសាងសង់បង្គោលអង់តែន នៅតំបន់ដាច់ស្រយាល ការចុះដោះស្រាយផលប៉ះពាល់ផ្ទាល់នៅហ្នឹងកន្លែង និងការចាត់វិធានការចំពោះសកម្មភាពណាដែលមិនស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងក្នុងពេលតែមួយ ក៏ចូលរួមដោះស្រាយបញ្ហាសោភណភាព ដោយថ្លឹងថ្លែងនិងបញ្ចៀសផលប៉ះពាល់ជាអតិបរមាដល់អ្នកប្រើប្រាស់ផងដែរ។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងសាធារណជនទាំងអស់ សូមចូលរួមផ្តល់កិច្ចសហការរួមគ្នា ដើម្បីលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍ឱ្យបានល្អប្រសើរ ក្នុងគោលដៅបម្រើដល់ផលប្រយោជន៍រួមរបស់សង្គមជាតិទាំងមូល។
ក្នុងករណីសាធារណជនជួបប្រទះបញ្ហាពាក់ព័ន្ធនឹងគុណភាពសេវាទូរគមនាគមន៍ អាចទាក់ទងមក និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) តាមរយៈលេខទូរសព្ទ ៦៧៨៩ រៀងរាល់ម៉ោងធ្វើការ ឬផ្ញើសារមកកាន់អ៊ីម៉ែល [email protected] ឬតាមរយៈ កម្មវិធីទូរសព្ទចល័ត MPTC Speed Test ដែលអាចទាញយក (Download) មកប្រើដោយឥតគិតថ្លៃ ដោយស្វែងរកលើ App Store https://go.gov.kh/mptc/mptcspeedtestios និង Play Store https://go.gov.kh/mptc/mptcspeedtestandriod ឬ ស្កេន QR Code ខាងក្រោម ជាការស្រេច៕