(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤នេះ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងប្រកាសស្តីពីលទ្ធកម្មតាមរយៈការផ្តល់ប្រព្រឹត្តិកម្មអនុគ្រោះ ​ដើម្បីពិគ្រោះយោបល់និងប្រមូលធាតុចូលបន្ថែមទៀត សម្រាប់ឱ្យការរៀបចំសេចក្តីព្រាងប្រកាសស្តីពីលទ្ធកម្មតាមរយៈការផ្តល់ប្រព្រឹត្តិកម្មអនុគ្រោះ កាន់តែមានសុក្រឹតភាព មានភាពគ្រប់ជ្រុងជ្រោយ និងមានសង្គតិភាពជាមួយលិខិតបទដ្ឋានគតិយុត្តជាធរមានដទៃទៀត ព្រមទាំងអាចផ្តល់នូវលទ្ធផលវិជ្ជមានចំពោះសេដ្ឋកិច្ចជាតិ ក៏ដូចជាសម្រាប់វិស័យឯកជននៅក្នុងប្រទេស។

​សិក្ខាសាលានេះ ដឹកនាំដោយលោក ហ៊ីវ សុវណ្ណ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោក ឈឹម សារ៉េត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ និងមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈរដ្ឋបាល ដៃគូអភិវឌ្ឍ វិស័យឯកជន អង្គការសង្គមស៊ីវិល អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយផ្ទាល់ចំនួន ២៦៦នាក់ និងតំណាងរដ្ឋបាលរាជធានី ខេត្ត និងមន្ទីរជំនាញរាជធានី ខេត្ត ចំនួន ៨០០នាក់ ដែលចូលរួមតាមប្រព័ន្ធអនឡាញ តាមរយៈកម្មវិធី ZOOM។

លោក ហ៊ីវ សុវណ្ណ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបាន​លើកឡើងថា កន្លងមក ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានរៀបចំបង្កើតថ្មី កែសម្រួល និងបំពេញបន្ថែមនូវលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងលទ្ធកម្មសាធារណៈ សម្រាប់គាំទ្រដល់ការអនុវត្តច្បាប់ស្តីពីលទ្ធកម្មសាធារណៈ (ឆ្នាំ២០២៣) ព្រមទាំងបានដាក់ឱ្យអនុវត្តនូវលិខិតបទដ្ឋានគតិយុត្តទាំងនេះជាបន្តបន្ទាប់។
ដើម្បីបន្តគាំទ្រដល់ការអនុវត្តច្បាប់ស្តីពីលទ្ធកម្មសាធារណៈ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានរៀបចំសេចក្តីព្រាងប្រកាសស្តីពីលទ្ធកម្មតាមរយៈការផ្តល់ប្រព្រឹត្តិកម្មអនុគ្រោះ ក្នុងគោលបំណងដើម្បីលើកស្ទួយសហគ្រាសធុនមីក្រូ សហគ្រាសធុនតូចនិងមធ្យម និងសហគ្រិនភាព ដែលរួមចំណែកដល់ការបង្កើតឱកាសការងារក្នុងស្រុក ការលើកកម្ពស់ផលិតភាព ការបង្កើតគំនិតច្នៃប្រឌិតនិងនាវានុវត្ត ការពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងទីផ្សារតំបន់និងសកល ជាពិសេស រួមចំណែកអភិវឌ្ឍវិស័យឯកជន និងការងារដែលជារបៀបវារៈគោលនយោបាយសំខាន់ សម្រាប់ជំរុញកំណើននៅក្នុងបរិការណ៍នៃដំណើរការបរិវត្តកម្មសង្គម-សេដ្ឋកិច្ចកម្ពុជា។

លោក ឈឹម សារ៉េត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ មានប្រសាសន៍ថា ច្បាប់ស្ដីពីលទ្ធកម្មសាធារណៈ ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥២៣/០០៥ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ គឺគោលបំណងដើម្បីធានាបាននូវភាពជឿទុកចិត្ត តម្លាភាព ប្រសិទ្ធភាព ការប្រកួតប្រជែង និងការសន្សំសំចៃ ព្រមទាំងស្របតាមឧត្តមានុវត្តន៍អន្តរជាតិ ដោយប្រែក្លាយតួនាទីរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទៅជានិយ័តករនិងជាអ្នកធ្វើសវនកម្មកិច្ចលទ្ធកម្ម ចំណែកក្រសួង ស្ថាប័ន នឹងត្រូវបានផ្តល់សិទ្ធិអំណាចនិងការទទួលខុសត្រូវ ជាមួយនឹងគណនេយ្យភាពពេញលេញក្នុងការអនុវត្តកិច្ចលទ្ធកម្មរបស់ខ្លួន។

លោកបន្ថែមថា ច្បាប់ស្តីពីលទ្ធកម្មសាធារណៈ បានកំណត់នូវគោលការណ៍សំខាន់ៗជាច្រើន ដែលក្នុងនោះក៏មានការផ្តល់ប្រព្រឹត្តិកម្មអនុគ្រោះ ចំពោះផលិតផលក្នុងស្រុក និង/ឬអ្នកដេញថ្លៃក្នុងស្រុកផងដែរ។
ដើម្បីគាំទ្រដល់ការអនុវត្តច្បាប់ស្ដីពីលទ្ធកម្មសាធារណៈ និងអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​កម្ពុជា អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ ក្នុងនាមជាសេនាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំសេចក្តីព្រាងប្រកាសស្តីពីលទ្ធកម្មតាមរយៈការផ្តល់ប្រព្រឹត្តិកម្មអនុគ្រោះ។ ប្រកាសនេះមានកំណត់អំពីលក្ខខណ្ឌ និងនីតិវិធីវាយតម្លៃ សម្រាប់ការផ្តល់ប្រព្រឹត្តិកម្មអនុគ្រោះចំពោះផលិតផលក្នុងស្រុក និង/ឬអ្នកដេញថ្លៃក្នុងស្រុក ក្នុងគោលបំណងដើម្បីគាំទ្រដល់ការអភិវឌ្ឍនិងពង្រីកវិស័យឧស្សាហកម្ម​នៅកម្ពុជា ដោយលើកទឹកចិត្តដល់ក្រុមហ៊ុន/សហគ្រាស ឬរូបវន្តបុគ្គលក្នុងស្រុកឱ្យចូលរួមដេញថ្លៃ ដើម្បីផ្គត់ផ្គង់ទំនិញ អនុវត្តការងារសំណង់ ផ្តល់សេវាកម្ម ឬផ្តល់សេវាទីប្រឹក្សា ជូនស្ថាប័នអនុវត្តលទ្ធកម្ម។

សេចក្តីព្រាងប្រកាសស្តីពីលទ្ធកម្មតាមរយៈការផ្តល់ប្រព្រឹត្តិកម្មអនុគ្រោះ ចែកចេញជា ៧ជំពូក មាន ៣៧មាត្រា និងឧបសម្ព័ន្ធចំនួន៨។

អង្គសិក្ខាសាលាបានចូលរួមជាមតិយោបល់ ផ្តល់ការពិគ្រោះយោបល់យ៉ាងផុសផុល លើកជាសំណួរ និងលើកជាអនុសាសន៍ល្អៗ។ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានបូកសរុបលទ្ធផលដែលទទួលបានពីអង្គសិក្ខាសាលានាព្រឹកនេះ ដើម្បីពិនិត្យពិចារណាកែលម្អសេចក្តីព្រាងប្រកាសស្តីពីលទ្ធកម្មតាមរយៈការផ្តល់ប្រព្រឹត្តិកម្មអនុគ្រោះខាងលើ ក៏ដូចជាការៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធលទ្ធកម្មសាធារណៈដទៃទៀត ដើម្បីគាំទ្រនិងជំរុញដល់ការអនុវត្តច្បាប់ស្តីពីលទ្ធកម្មសាធារណៈ សំដៅធានាបាននូវភាពជឿទុកចិត្ត តម្លាភាព ប្រសិទ្ធភាព ការប្រកួតប្រជែង និងការសន្សំសំចៃ ព្រមទាំងស្របតាមឧត្តមានុវត្តន៍អន្តរជាតិ៕