(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ បានជួបពិភាក្សាការងារជាមួយនាយឧត្តមនាវី Samuel Paparo មេបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិក-អាមេរិក។

ក្នុងជំនួបនេះ ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន បានថ្លែងថា ការទស្សនកិច្ចរបស់នាយឧត្តមនាវី Samuel ពេលនេះ គឺដើម្បីពង្រឹងចំណងមិត្តភាពកងទ័ពទាំងពីរបន្ទាប់ពីទស្សនកិច្ចផ្លូវការរបស់លោក Lloyd Austin នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។ ទស្សនកិច្ចនាវាយោធាលើកទី១ ក្នុងរយៈពេលខកខាន៨ឆ្នាំនេះ ជាចំណុចចាប់ផ្តើមឡើងវិញ និងបន្តពិនិត្យលទ្ធភាពនៅសកម្មភាពនានា ដូចជា លំហាត់ Angkor Sentinel និងបណ្តុះបណ្តាលធនធានមនុស្ស។

ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន បានបន្តថា កម្ពុជាសូមស្វាគមន៍ក្នុងការជំនួយបណ្តុះបណ្តាលនៅ APCSS និងលំហាត់ Angkor Sentinel ដែលធ្លាប់បានធ្វើរួមគ្នាជាច្រើនដងមុនឆ្នាំ២០១៧មក។

នាយឧត្តមនាវី Samuel បានថ្លែងថា ភាគីអាមេរិកចង់ឃើញកម្ពុជាបន្តរក្សាអធិបតេយ្យភាព បន្តពង្រឹកកិច្ចសហប្រតិបត្តិការយោធាកម្ពុជា-អាមេរិក និងមិនមានបំណងស្នើសុំអ្វីពីកម្ពុជានោះទេ។ ទទ្ទឹមគ្នានេះ នាយឧត្តមនាវី Samuel ប្រគល់ភារកិច្ចជូនវរសេនីយ៍ទោ Kyle Saltzman ពិភាក្សា និងផ្លាស់ប្តូរយោបល់ជាមួយភាគីកម្ពុជាអំពីលទ្ធភាពធ្វើលំហាត់ Angkor Sentinel និងសកម្មភាពនានា។

ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន បានបន្ថែមថា ការចូលថតរបស់នាវា USS SAVANNAH គឺជាការបង្ហាញនូវទំព័រថ្មីនៃការទំនាក់ទំនងកម្ពុជា និងអាមេរិកកាន់តែល្អថែមទៀត។ ជាការឆ្លើយតបរបស់ភាគីអាមេរិក, នាយឧត្តមនាវី Samuel បានលើកឡើងថា ជំនួបនេះគឺដើម្បីពង្រឹងចំណងមិត្តភាពកងទ័ពទាំងពីរ និងបង្កើនកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងជាមួយគ្នាឱ្យកាន់តែល្អ។ ដោយឡែកចំពោះសមយុទ្ធ Angkor Sentinel ភាគីអាមេរិកនឹងជំរុញដើម្បីបង្កើតឡើងវិញ។

នាយឧត្តមនាវី Samuel បានបន្ថែមថា ភាគីអាមេរិកទទួលយកការស្នើសុំរបស់ភាគីកម្ពុជាឱ្យមានការផ្លាស់ប្ដូរទស្សនកិច្ចនាយទាហាន ជាន់ខ្ពស់ ដូចពេលនេះដែលភាគីអាមេរិកអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា។ ការចូលរួម របស់កម្ពុជាក្នុងអង្គការសហប្រជាជាតិ Peace Keeping គឺជាគំរូល្អក្នុងការចូលរួមការងារក្នុងតំបន់៕