(កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានគណ:កម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ អមដំណើរដោយលោកជុំ វិរៈ អភិបាលរងស្រុកសន្ទុក នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ បានដឹកនាំសហការីទៅពិនិត្យមើលការសាងសង់ផ្ទះថ្មី លើដីសម្បទានសង្គមកិច្ច ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងសាកសួរសុខទុក្ខក្រុមគ្រួសារអតីតយុទ្ធជន ដែលទើបមករស់នៅថ្មី នៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ដោយបានការយកចិត្តទុកដាក់ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា តាមរយៈនាយឧត្តមសេនីយ៍ គន់ គីម កន្លងមកនេះ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្ដល់ជូនអតីតយុទ្ធជនចំនួន១៤១គ្រួសារ ដែលមានជីវភាពលំបាកខ្វះខាត មានផ្ទះមួយខ្នង ទំហំ៥ម៉ែត្រ គុណនឹង ៧ម៉ែត្រ មានបង្គន់អនាម័យ ព្រមទាំងបានផ្ដល់ដីសម្បទានសង្គមកិច្ច ក្នុងមួយគ្រួសារចំនួន ១ហិកតាកន្លះ ជូនដល់បងប្អូនក្រុមគ្រួសារ អតីតយុទ្ធជន មានរយៈពេលជាង៣ ឆ្នាំកន្លងមកហើយ។
លោកបន្តថា បច្ចុប្បន្ននេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានផ្ដល់ផ្ទះចំនួន ៦៥ខ្នង និងដីសម្បទានសង្គមកិច្ច ក្នុងមួយគ្រួសារ ១ហិកតា ជូនដល់ក្រុមគ្រួសារតីតយុទ្ធជន ដែលមានជីវភាពលំបាក ខ្វះខាតចំនួន ៦៥គ្រួសារថ្មីទៀត ដែលកំពុងដំណើរការសាងសង់ ហើយបងប្អូនអតីតយុទ្ធជនបានមករស់នៅជាបន្តបន្ទាប់រួចមកហើយនៅថ្ងៃនេះ។
នៅក្នុងឱកាសំណេះសំណាលសាកសួរសុខទុក្ខ និងត្រួតពិនិត្យការសាងសង់ផ្ទះថ្មីនៅពេលនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវស្បៀងអាហារគ្រឿងឧបភោគបរិភោគ មួយចំនួនដែលជាអំណោយមនុស្សធម៌ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម្ភជូនដល់បងប្អូនក្រុមគ្រួសារអតីតយុទ្ធជនផងដែរ។
អតីតយុទ្ធជនដែលបានមករស់នៅថ្មីនៅលើដីសម្បទានសង្គមកិច្ច បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដែលបានជួយដោះស្រាយនូវរាល់ការលំបាកខ្វះខាតជូនពួកគាត់គ្រប់បែបយ៉ាងនាពេលកន្លងមក និងសូមគោរពជូនពរសម្ដេច និងលោកជំទាវ ព្រមទាំងឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ សូមទទួលបាននូវពុទ្ធពរទាំង ៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕