(កណ្តាល)៖ បុរសជនជាតិចិនម្នាក់ ត្រូវបានក្រុមជនល្មើសជាជនជាតិចិនដូចគ្នាចំនួន៣នាក់ សម្លាប់ដោយជ្រមុជទឹកទន្លេបាសាក់ បណ្តាលឲ្យស្លាប់ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅច្រាំងទន្លេបាសាក់ ភូមិព្រែកកែវ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល នៅពេលនេះកម្លាំងនគរបាលតាមចាប់ខ្លួនជនល្មើសបានម្នាក់ ខណៈ២នាក់ទៀតកំពុងគេចខ្លួន។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា ករណីឃាតកម្មនេះជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែលជាង៣០ឆ្នាំ ជាជនជាតិចិន។ ដោយឡែកជនល្មើសម្នាក់ដែលចាប់ខ្លួនមានឈ្មោះ XU LIU MIN អាយុ២៩ឆ្នាំ ជនជាតិចិន មានទីលំនៅភូមិយ៉ាងជ័ង សង្កាត់យ៉ាងគូ ស្រុកឈី ខេត្តហឺណាន ប្រទេសចិន សព្វថ្ងៃស្នាក់នៅកាស៊ីណូកាន់ដាវ បន្ទប់លេខ៨៨ ជាន់ទី០៨ ភូមិលេខ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ជននេះធ្លាប់ជាប់ពន្ធនាគារនៅប្រទេសចិន រយៈពេល២ឆ្នាំ ពីបទហិង្សាដោយចេតនា។
សម្រាប់ជនល្មើស២នាក់ទៀត ដែលកំពុងរត់គេចខ្លួនមានឈ្មោះ OUYANG JIANKIN ហៅ (Da Jian) ភេទប្រុស អាយុជាង៥០ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EH5861290 មានស្រុកកំណើត ខេត្តហឺណាន ប្រទេសចិន ស្នាក់នៅក្នុងកាស៊ីកានដាវ ភូមិលេខ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងជនល្មើសម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណ។
ប្រតិបត្តិការនេះបានធ្វើឡើងក្រោមការបញ្ជាពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, លោក គួច ចំរើន អភិបាលខេត្តកណ្តាល និងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត ហើយដឹកនាំបញ្ជា ផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងនគរបាលខេត្តកណ្តាលទទួលផែនព្រហ្មទណ្ឌ ដោយសហការជាមួយកម្លាំងនគរបាលខណ្ឌចំការមន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជាក់ថា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោងជាង១១ ជនរងគ្រោះ និងជនសង្ស័យទាំង៣នាក់ បានជិះឡានម៉ាក TOYOTA ALPHARD ឡើងតែមម៉ាក Lexus LM350 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BW-8905 (ប្រភេទទេសចរណ៍) ជាមួយគ្នាចេញពីភូមិជ្រៃធំ ទៅខេត្តប៉ៃលិន ដើម្បីយកជនរងគ្រោះទៅធ្វើការនៅកាស៊ីណូនៅទីនោះ ដោយធ្វើដំណើរពីទិសខាងត្បូងទៅទិសខាងជើង។
ឈ្មោះ DA JAIN ជាអ្នកបើកឡាន ហើយពេលជិះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែជនល្មើសទាំង៣នាក់ បានឈប់រថយន្តវ៉ៃជនរងគ្រោះតែម្នាក់ឯង ពេលនោះជនរងគ្រោះបានបើកទ្វាររថយន្ត រត់ចូលផ្ទះប្រជាពលរដ្ឋ នៅជិតនោះឱ្យជួយ រួចបានពួនក្រោយបន្ទប់ទឹក។ ស្រាប់តែពេលនោះ មានជនល្មើសឈ្មោះ DA JIAN និងឈ្មោះ XU LIU MIN បានរត់តាមជនរងគ្រោះ ចំណែកជនល្មើសម្នាក់ទៀត បានឈប់រថយន្តនៅលើផ្លូវជាតិរង់ចាំ។
ពេលជនរងគ្រោះឃើញជនសង្ស័យទាំង២នាក់រត់តាម ខ្លួនក៏បានលោតចូលទៅក្នុងទឹកទន្លេបាសាក់ ហែលទឹកបានចម្ងាយប្រហែល០៥ម៉ែត្រ ពីច្រាំងទន្លេ ស្រាប់តែមានជនសង្ស័យឈ្មោះ DA JIAN បានលោតចូល ទៅទឹកទៅតាមដែរ ហែលទឹកតាមជនរងគ្រោះ រួចបានវ៉ៃ និងបោចសក់ចាប់ជនងគ្រោះជ្រមុជទឹកបណ្តាលឱ្យស្លាប់នៅក្នុងទឹកទន្លេតែម្តង រួចឈ្មោះ XU LIU MIN បានចាប់ទាញដៃឈ្មោះ DA JIAN ឡើងពីច្រាំងទន្លេ ឡើងជិះរថយន្តគេចខ្លួន ទៅទិសខាងជើងបាត់ទៅ។
ក្រោយមកមានប្រជាពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ច, ភ្លាមៗនោះកម្លាំងព្រហ្មទណ្ឌស្រុក សហការជាមួយផ្នែកអន្តោប្រវេសន៍ស្រុកស្អាង និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះខែល បានចុះទៅអន្តរាគមន៍ដល់កន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវកំណត់ភិនភាគមុខសញ្ញា និងរថយន្តដែរជនសង្ស័យជិះធ្វើសកម្មភាព។
លុះដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១២ថ្ងៃត្រង់ សមត្ថកិច្ចជំនាញព្រហ្មទណ្ឌខេត្តកណ្ដាល សហការជាមួយជំនាញព្រហ្មទណ្ឌស្រុកស្អាង និងសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឈ្មោះ XU LIU MIN យកមកធ្វើការសាកសួរ និងធ្វើការស្វែងរកបក្ខពួកជនសង្ស័យបង្កយកមកកសាងសំណុំរឿងតាមនីតិវិធី។
ជនសង្ស័យបានឆ្លើយថា ខ្លួន និងបក្ខពួក០២នាក់ទៀត បានចេញពីកាស៊ីណូឈ្មោះ កាន់ ដាវ ស្ថិតនៅខេត្តព្រះសីហនុ ដើម្បីទៅយកជនរងគ្រោះពីក្រុងសំពៅពូន យកទៅធ្វើការនៅកាសស៊ីណូនៅខេត្តប៉ៃលិន។ ពេលធ្វើដំណើរ ដឹកជនរងគ្រោះចេញពីជ្រៃធំ មកដល់ចំណុចកើតហេតុឈ្មោះ Da Jain និងជនរងគ្រោះបានឈ្លោះប្រកែកគ្នាលើឡាន រួចជនរងគ្រោះបានលោតចុះពីលើឡាន រួចរត់ចូលទឹក ខ្លួន និងឈ្មោះ Da Jain បានដេញ តាមពីក្រោយហើយឈ្មោះ Da Jain ក៏លោតចូលទឹកហែលតាម៨នាទីក្រោយ ទើបឈ្មោះនេះ ងើបពីទឹកក៏នាំគ្នាប្រញ៉ាប់ប្រញាល់រត់គេចខ្លួនទៅខេត្តព្រះសីហនុវិញ។
បច្ចុប្បន្នជនសង្ស័យរួមតាំងវត្ថុតាងទូរស័ព្ទ និងរថយន្ត បានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕