(កោះកុង)៖ លោកឧត្តមសេនីយ៍ឯក មាស ប៊ុនឡី អគ្គនាយករង នៃអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស នៃក្រសួងការពារជាតិ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំអណ្ដូងទឹក ស្រុកបទុមសាគរ ខេត្តកោះកុង តំណាងឧត្តមសេនីយ៍ឯក​ ចៅ​ ភិរិទ្ធ​ អគ្គនាយក នៃអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស នៅថ្ងៃទី១៨ ខែធ្នូឆ្នាំ២០២៤ បានអញ្ជើញបញ្ចុះបឋមសិលាសាងសង់កុដិ និងកាត់ខ្សែបូសម្ពោធឆ្លងខ្លោងទ្វារវត្តគិរីបុទុមហៅវត្តតាអុក នៅឃុំអណ្ដូងទឹក ស្រុកបទុមសាគរ ខេត្តកោះកុង។

ពិធីនេះមានការចូលរួមលោកស្រី ហ៊ឹម ច្រឹប និងលោក លោកស្រី ដែលជាក្រុមការងារ ព្រមទាំងអាជ្ញាធរដែនដី ប្រជាពុទ្ធបរិស័ទក្នុង និងក្រៅប្រទេសជាង៥០០នាក់ផងដែរ។

ក្នុងឱកាសនោះលោក មាស ប៊ុន ឡី សូមអរគុណសន្តិភាព! អរគុណនយោបាយឈ្នះឈ្នះ, ដឹងគុណជានិច្ចមគ្គទេសក៍ឯក គឺសម្តេចតេជោ ហ៊ុន សែន និងប្រតិបត្តិករ នៃនយោបាយឈ្នះឈ្នះ ដែលបានបញ្ចប់សង្រ្គាម ស៊ីវិលនៅ កម្ពុជា ព្រមទាំងបង្កើតបានសន្តិភាព និងការបង្រួបបង្រួមទឹកដីពេញលេញនៅកម្ពុជា។ លោកឧត្តមសេនីយ៍ បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់រួមគ្នាការពារសុខសន្តិភាពឲ្យបានដាច់ខាត ស​ម្រាប់កូនចៅជំនាន់ក្រោយរបស់យើង។

ឧត្តមសេនីយ៍ឯក មាស ប៊ុនឡី បានគូសបញ្ជាក់ថា ការចូលរួមយ៉ាងច្រើនកុះករពីសំណាក់បងប្អូនប្រជាពលរដ្ឋ នៅក្នុងពិធីនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីស្មារតីសាមគ្គីជាប្រពៃណី ការស្រឡាញ់ និងគោរពប្រណិប័តន៍ ព្រះពុទ្ធ សាសនា ព្រមទាំងបង្ហាញឱ្យឃើញពីការគាំទ្ររបស់បងប្អូនចំពោះគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ច កាលតែងតែគិតគូរយកចិត្តទុកដាក់ និងខិតខំស្វែងរកគ្រប់មធ្យោបាយ ដើម្បីដោះស្រាយរាល់ការលំបាកគ្រប់បែបយ៉ាងជូនប្រជាជន នៅទូទាំងប្រទេសដូចជា៖ វត្តអារាម ព្រះវិហារ សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ ផ្លូវគមនាគមន៍ខ្វាត់ខ្វែង ប្រព័ន្ធធារាសាស្ត្រ ទឹកស្អាត អគ្គិសនី និងការពង្រីកទីផ្សារផលិតផលកសិកម្មជូនប្រជាជនទូទាំងប្រទេស។

លោក មាស ប៊ុនឡី បានបន្តថា ជាក់ស្តែងសមិទ្ធផលកុដិ និងខ្លោងទ្វារថ្មីនេះ ព្រមទាំងសមិទ្ធិផលនានាក្នុងវត្តគិរីបុទុម អាចកើតមានឡើង ក៏ដោយសារតែប្រទេសជាតិយើងមានសុខសន្តិភាព មានការយកចិត្តទុកដាក់ពីសំណាក់ ថ្នាក់ដឹកនាំកំពូលរបស់ជាតិ លើវិស័យព្រះពុទ្ធសាសនា ហើយបានបន្តជំរុញឱ្យមានការអភិវឌ្ឍ ដើរទន្ទឹមគ្នារវាងអាណាចក្រ និងពុទ្ធចក្រ ព្រោះព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ដែលប្រជាពលរដ្ឋទូទាំងប្រទេសគោរព ប្រណិប័តន៍ ក្នុងនោះការចូលរួមពីសប្បុរសជន ញាតិមិត្តជិតឆ្ងាយ បានរួមគ្នាសាងសង់សមិទ្ធផលនេះ និងសមិទ្ធផលនានាក្នុងវត្តគិរីបុទុម ដើម្បីទុកជាប្រយោជន៍រួម របស់ប្រជាពលរដ្ឋនៅមូលដ្ឋានឃុំអណ្ដូងទឹក ស្រុកបទុមសាគរ ខេត្តកោះកុងផងដែរ៕