(ភ្នំពេញ)៖ ជនជាតិវៀតណាម២នាក់ ត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ ខណ្ឌច្បារអំពៅ សហការជាមួយកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ក្រាបបាន ក្រោយលួចដោះផ្លាកលេខរថយន្តរបស់អាជីវករ កាលពីរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុច​មុខផ្ទះ១៩៩ ផ្លូវP-១៥ (បុរីប៉េងហួត) ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានឱ្យដឹងនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ថា ប្រតិបត្តិការចាប់ជនជាតិវៀតណាម២នាក់នេះ បានធ្វើឡើងតាមបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល​រាជធានីភ្នំពេញ, លោកឧត្តមសេនីយ៍ទោ ប៊ុន សត្យា ស្នងការរងនគរបាលទទួលផែន និងលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងនគរបាល។

លោកអធិការនគរបាលខណ្ឌ បានបញ្ជាក់ថា ក្រោយទទួលបានព័ត៌មានពីជនរងគ្រោះឈ្មោះ សុខ ដារ៉ាថា មានករណីមានជនសង្ស័យមិនស្គាល់មុខ បានមកលួច​ដោះផ្លាកលេខរថយន្ត កម្លាំងនគរបាលមូលដ្ឋានបានចុះ ស្រាវជ្រាវភ្លាមៗ។ លុះដល់ម៉ោង ៣៖៤០នាទីរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងនគរបាលបានឈានដល់ការឃាត់ជនសង្ស័យ២នាក់ រួមមាន៖

*ទី១​៖ ឈ្មោះ NGUYEN VAN NGHIEP អាយុ៣៤ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកក្លឹប ECL
*ទី២៖ ឈ្មោះ HOANG VAN THE អាយុ៣២ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកក្លឹប ECL។ ជនល្មើសទាំង២នាក់ ស្នាក់នៅផ្ទះជួល៤៦ ផ្លូវD-០៤ (បុរីប៉េងហួត) ភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។

នៅចំពោះមុខនគរបាល, ជនល្មើសទាំង២នាក់ បានសារភាពថា មុនពេលកើតហេតុ ពួកគេបានជនរងគ្រោះទុករថយន្តម៉ាក TOYOTA PRIUS ពណ៌ស ផ្លាកលេខភ្នំពេញ 2BN-6595 នៅមុខផ្ទះ ហើយពួកគេក៏បានជិះរថយន្តម៉ាក LEXUS-GS ពណ៌ស ផ្លាកលេខព្រះសីហនុ 2D-8699 មកឈប់ក្បែរផ្ទះជនរងគ្រោះ រួចយកទួរណឺវ៉ីស លួចដោះផ្លាកលេខរថយន្តគេចខ្លួនតែម្តង។

លោក ម៉ៅ សឿត បានបញ្ជាក់ថា ក្រោយចាប់ខ្លួនជនល្មើសទាំង២នាក់ កម្លាំងនគរបាលបានដកហូត វត្ថុតាងផ្លាកលេខរថយន្តរបស់ជនរងគ្រោះមកវិញ គឺភ្នំពេញ 2BN-6595 និងដកហូតរថយន្ត១គ្រឿង ម៉ាក LEXUS-GS ពណ៌ស ដែលពួកគេជិះធ្វើសកម្មភាព, ទូរស័ព្ទ៣គ្រឿង, កាបូបពណ៌ខ្មៅ១, អត្តសញ្ញាណបណ្ណសញ្ជាតិវៀតណាម១សន្លឹក, បណ្ណបើកបររថយន្តវៀតណាម១សន្លឹក, បណ្ណសំគាល់យានជំនិះ១សន្លឹក, ទួរណឺវ៉ីស១, លិខិតឆ្លដែន១ក្បាល, ប្រាក់ ១,៤០០ដុល្លារ, ប្រាក់រៀល៥ម៉ឺនរៀល, ប្រាក់វៀតណាម១២០,០០០ដុង និងលិខិតទិញលក់ម៉ូតូ១សន្លឹក។ សម្រាប់ជនល្មើសទាំង២នាក់ ក្រោយការធ្វើតេស្តទឹកនោម ក៏រកឃើញមានសារធាតុញៀនផងដែរ។

បច្ចុប្បន្ន ជនល្មើសទាំង២នាក់ ត្រូវបានសួរនាំ នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការបន្តតាមច្បាប់៕