(ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានគូសបញ្ជាក់ថា កម្ពុជាមានកសិផលសក្តានុពលជាច្រើនដូចជា​ ស្រូវអង្ករ​ ស្វាយ​ ស្វាយចន្ទី​ និងដំឡូងមី​ ដែលមានគុណភាពល្អ​ រសជាតិឆ្ងាញ់​ ហើយកំពុងត្រូវការការវិនិយោគលើការកែច្នៃ​ វេចខ្ចប់​ ដើម្បីនាំឆ្ពោះទៅកាន់ទីផ្សារអន្តរជាតិ។

ការបញ្ជាក់បែបនេះរបស់ លោករដ្ឋមន្រ្តី ឌិត ទីណា បានធ្វើឡើងនៅល្ងាចថ្ងៃទី១៧​ ខែធ្នូ​ ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទបញ្ចប់គម្រោង មជ្ឈមណ្ឌលកសិកម្មអន្តរជាតិកូរ៉េ (KOPIA)ប្រចាំកម្ពុជា និងកិច្ចប្រជុំប្រចាំឆ្នាំសមាគមកសិកម្ម-ឧស្សាហកម្មកូរ៉េ (K-Agro)នៅសណ្ឋាគារ Oakwood Premier។

លោករដ្ឋមន្រ្តី ឌិត ទីណា បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «កម្ពុជាមានកសិផលសក្តានុពលជាច្រើនដូចជា​ ស្រូវអង្ករ​ ស្វាយ​ ស្វាយចន្ទី​ និងដំឡូងមី​ ដែលមានគុណភាពល្អ​ រសជាតិឆ្ងាញ់​ ដោយត្រូវការការវិនិយោគលើការកែច្នៃ​ វេចខ្ចប់​ និងអាចបាញ់ឆ្ពោះទៅកាន់ទីផ្សារអន្តរជាតិបានពិត​ប្រាកដ​ ព្រមទាំងទទួលបានតម្លៃបន្ថែមខ្ពស់សម្រាប់អ្នកវិនិយោគ​ និងផ្តល់ផលប្រយោជន៍ដល់ប្រជាជនទាំងពីរ​ចំគោលដៅ»

លោករដ្ឋមន្រ្តី​ ក៏បានថ្លែងអំណរគុណស្ថានទូតនៃសាធារណរដ្ឋកូរ៉េ ដែលបានផ្តល់ការគាំទ្រ ក្នុងកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការស្រាវជ្រាវ អភិវឌ្ឍ និងចែករំលែកបច្ចេកវិទ្យាក្នុងវិស័យកសិកម្មកម្ពុជា។

លោករដ្ឋមន្រ្តី បានបន្ថែមថា ក្រសួងកសិកម្មស្វាគមន៍នូវកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀត ជាមួយសាធារណរដ្ឋកូរ៉េ និងសមាគមកសិកម្មឧស្សាហកម្មកូរ៉េ (K-Agro) ក្នុងការរៀបចំគម្រោងថ្មីៗ ជួយដល់ការវិនិយោគឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់​ និងជោគជ័យ។

លោករដ្ឋមន្រ្តី ឌិត ទីណា មានសង្ឃឹមយ៉ាងមុតមាំក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការនេះ ឱ្យកាន់តែមានលទ្ធផលផ្លែផ្កាបន្ថែមទៀត​ និងជូនពរដល់អង្គពិធីទទួលបានជោគជ័យ​ និងសុភមង្គល់ក្នុងគ្រួសារក្រោមម្លប់សុខសន្តិភាព៕