(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ហួត ហាក់ បានដាក់ក្ដីរំពឹងខ្ពស់ចំពោះការកើនឡើងភ្ញៀវទេសចរមូស្លីមចូលមកលេងកម្សាន្តនៅកម្ពុជា ដែលអាចកើនឡើងដល់ទៅជាង៤០ម៉ឺននាក់ ខណៈដែលឆ្នាំនេះកម្ពុជាទទួល បានជាង៣០ម៉ឺននាក់។

ក្ដីរំពឹងនេះក្រោយពេលក្រុមការងារកាន់ផ្នែកទេសចរណ៍មូស្លីម នៃក្រសួងទេសចរណ៍ដឹកនាំដោយលោក កទើ មហាំម៉ាត់ណោស៊្រី ជារដ្ឋលេខាធិកា និងលោក មហាំម៉ាត់ យូណេះ ជាអនុរដ្ឋលេខា ព្រមទាំងក្រុមការងារទាំងអស់ បាននិងកំពុងខិតខំធ្វើការលើរឿងនេះបានយ៉ាងល្អបំផុត។

ជាមួយនឹងស្នាមញញឹមឡើងថ្លែងសន្ទរកថានៅក្នុងវេទិកា «ទេសចរណ៍មូស្លីមកម្ពុជាឆ្នាំ២០២៤» ក្រោមមូលបទ «ភាពស្រស់ស្អាត នៃសុខដុមនីយកម្ម និងគោលដៅទេសចរណ៍មូស្លីម» នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ បានបញ្ជាក់ថា «ផែនការ និងទិសដៅត្រូវបានកំណត់ និងអនុវត្តន៍ឲ្យកាន់តែល្អប្រសើរឡើង ដើម្បីឆ្ពោះទៅកាន់ការបម្រើដល់សេចក្ដីត្រូវការសម្រាប់ទេសចរណ៍មូស្លីម ពោលគឺអ្នកទេសចរមូស្លីមនៅឯបរទេស សម្បូរលុយកាក់ណាស់ គេចង់មកចាយវាយ ដើរលេងកម្សាន្តនៅកម្ពុជាយើង ដូច្នេះយើងជាម្ចាស់ផ្ទះចាំបាច់ណាស់ត្រូវធ្វើបដិសណ្ឋារកិច្ចឲ្យស្របទៅតាមសេចក្ដីត្រូវរបស់ភ្ញៀវមូស្លីមគ្រប់រូប»

លោករដ្ឋមន្ត្រី បានកោតសរសើរក្រុមការងារទេសចរណ៍មូស្លីមដែលបានខិតខំធ្វើការលើរឿងនេះបានយ៉ាងល្អនាពេលកន្លងទៅ ហើយលើកទឹកចិត្តឲ្យខិតខំបន្តទៀតឲ្យកាន់តែធំឡើងៗ ដើម្បីទាញភ្ញៀវទេសចរណ៍មូស្លីមអ្នកមានៗ នៅបរទេសមកលេងស្រុកយើងឲ្យកាន់តែច្រើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ។

ជាមួយគ្នានេះលោក កទើ មហាំម៉ាត់ណោស៊្រី បានផ្តល់បទសម្ភាសន៍ជាមួយលោក ស្លៃម៉ាន ហ្វាន់ទី អ្នកយកព័ត៌មានអង្គភាព Fresh News ដោយបានថ្លែងពន្យល់លម្អិតជាច្រើនពីរបៀបរបប នៃការរៀបចំការទទួលបដិសណ្ឋារ កិច្ចតាំងពីថ្នាក់មូលដ្ឋាន និងគ្រប់ទីតាំងទេសចរណ៍ ដើម្បីឆ្លើយតបនឹងសេចក្ដីត្រូវការរបស់ភ្ញៀវទេសចរណ៍មូស្លីមមកលេងកម្សាន្ត ពិសេសតំបន់ទេសចរណ៍វប្បធម៍យើង គឺ «ប្រាសាទអង្គរវត្ត»។

លោកសង្កត់ធ្ងន់លម្អិតលើពាក្យថា «ទេសចរណ៍មូស្លីម» មិនមែនសំដៅលើកិច្ចការសាសនាឥស្លាមទេ គឺចង់បញ្ជាក់ថា អ្នកមកលេងកម្សាន្តទាំងនោះ គឺជាជនមូស្លីម ដូច្នេះអ្នកមូស្លីមមានរបៀបរបបច្រើនតាំងពីការទទួលទានអាហារ ដែលមានស្លាកសញ្ញាហាឡាល់ ទីតាំងថ្វាយបង្គុំ បន្ទប់ទឹកដែលឆ្លើយតបដល់ការយកទឹកថ្វាយបង្គុំជាដើម។

លោកបានបញ្ជាក់ថា «បើសិនយើងរៀបចំបានគ្រប់ ហើយបានល្អ និងគ្រប់ទីតាំងថែមទៀតនោះ អ្នកទេសចរណ៍មូស្លីមប្រាកដជាមកលេងយើងកាន់តែច្រើនឡើងៗមិនខាន ដែលនេះពិតជាប្រសើរណាស់សម្រាប់ផលប្រយោជន៍ ប្រជាជាតិយើងទាំងមូលតែម្ដង ដូច្នេះតោងដល់គ្រប់វិស័យឯកជន និងពលរដ្ឋយើងទាំងអស់ ត្រូវរួមគ្នាផ្សព្វផ្សាយទីតាំងទេសចរណ៍យើងឲ្យបានច្រើន ពិសេសសារព័ត៌មានធំៗតួយ៉ាងដូចជា អង្គភាព Fresh News ពិតជាដើរ តួនាទីសំខាន់ខ្លាំងណាស់ ក្នុងការចូលរួមចំណែកធ្វើការផ្សព្វផ្សាយរឿងនេះ៕