(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខគណបក្សប្រជាជនកម្ពុជា បាន​បង្ហាញការគាំទ្រចំពោះការធ្វើកំណែទម្រង់ទាំងឡាយដែលកំពុងតែអនុវត្តន៍ដោយរាជរដ្ឋាភិបាលកម្ពុជា។ សម្តេចតេជោ បានលើកទឹកចិត្តឱ្យបន្តការធ្វើ​កំណែ​ទម្រង់ទាំងឡាយទាំងក្នុងក្របខណ្ឌបក្ស និងរាជរដ្ឋាភិបាល។

សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចផងដែរថា ការធ្វើកំណែទម្រង់នេះ ត្រូវដើរទន្ទឹមគ្នាទាំងក្នុងបក្ស និងរដ្ឋ ទើបទទួលបានជោគជ័យ។

ការណែនាំរបស់សម្តេចតេជោ បានធ្វើឡើងក្នុងឱកាសអញ្ជើញ​បិទ​​សន្និ​បាត​បូកសរុប​លទ្ធផល​ការ​ងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារ​បន្តរបស់គណៈចលនាមហាជន​គណបក្ស​ប្រជា​ជនកម្ពុជា នាព្រឹកថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០២៤នេះ នៅវិមាន៧មករា។

ក្នុងពិធីបិទសន្និបាតនេះ សម្តេចតេជោ ក៏បានជំរុញឱ្យបន្ត​ការអនុវត្តកម្មវិធី​នយោបាយរបស់គណបក្ស និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ជាពិសេសពន្លឿនការដោះស្រាយវិស័យ​សេដ្ឋកិច្ច​សង្គម ដែលរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ-១៩ ដើម្បីលើកម្ពស់សេដ្ឋ​កិច្ច​គ្រួសារ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។

សូមបញ្ជាក់ការធ្វើកំណែទម្រង់អភិបាលកិច្ចជាកិច្ចការអាទិភាពមួយរបស់រាជរដ្ឋាភិបាលនីតិតកាលទី៧ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ា​ណែត។ តាមរយៈនយោបាយកំណែទម្រង់នេះ ការប្រឡងជ្រើសរើសមន្ត្រី​រាជ​ការត្រូវបានរឹតបន្តឹងក្រោមអភិក្រមអ្នកចេះ គឺជាប់។ បន្ថែមពីលើនោះ មន្ត្រីអសកម្ម មន្ត្រីប្រព្រឹត្តខុសនឹងច្បាប់ត្រូវបានចាត់វិធានការទៅតាមវិន័យ​រដ្ឋបាល និងច្បាប់របស់រដ្ឋផងដែរ។

ក្នុងសន្និបាតព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខបក្សកាន់អំណាច ក៏បានណែនាំឱ្យបន្តចូល​រួមពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការការទូតសន្តិភាព មិត្តភាព​ជា​មួយចលនាមហាជន ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន យុវជន និង​យុវជន នៃបណ្តាប្រទេសជិតខាង និងប្រទេសជាមិត្តនានា ដោយឈរលើ​គោលការណ៍សន្តិសហវិជ្ជមាន គោរពឯករាជ្យអធិបតេយ្យ បូរណភាពទឹកដី ស្មើភាព ស្មើសិទ្ធិ និងមានផលប្រយោជន៍ទៅវិញទៅមក៕