(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារលិខិតរំលែកទុក្ខ ចំពោះមរណភាពលោក តូច សារ៉េត រដ្ឋលេខាធិការក្រសួងព័ត៌មាន។
សារលិខិតរបស់សម្តេចបវរធិបតីមានខ្លឹមសារថា៖ «ខ្ញុំ និងភរិយា ពិតជាមានសេចក្ដីក្ដុកក្ដួលរំជួលចិត្ត និងសោកស្តាយឥតឧបមា ដោយបានទទួលដំណឹងថា ឯកឧត្តម តូច សារ៉េត រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលជាស្វាមីរបស់ លោកជំទាវ លោកបានទទួល មរណភាព នៅថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ២១:៤៥នាទីយប់ ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយជរាពាធ។
ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមចូលរួមរំលែកទុក្ខជាមួយ លោកជំទាវ និងក្រុមគ្រួសារ ព្រមទាំងញាតិមិត្តជិតឆ្ងាយនៃសព ក៏ដូចជាថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ទាំងអស់ នៃក្រសួងព័ត៌មាន និងសូមសម្តែងនូវសេចក្តីសង្វេគ ប្រកបដោយអនិច្ចលក្ខណធម៌ដ៏ជ្រាលជ្រៅបំផុត ព្រោះថា ការបាត់បង់ ឯកឧត្តម តូច សារ៉េត គឺជាការបាត់បង់ស្វាមី ដែលប្រកបដោយសង្គហធម៌ដ៏ឧត្តុង្គឧត្តមចំពោះ ភរិយា និងជាការបាត់បង់ឪពុក ឪពុកក្មេក ជីតា ប្រកបដោយព្រហ្មវិហារធម៌ចំពោះកូនៗចៅៗ រួមនឹងសាច់ញាតិ ជិតឆ្ងាយទាំងអស់ ពិសេស គឺជាការបាត់បង់នូវឥស្សរជន ដែលជាធនធានមនុស្សដ៏ល្អឆ្នើមមួយរូប ពោរពេញ ដោយឆន្ទៈមនសិការដ៏មោះមុត ក្នុងបុព្វហេតុបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ ជារៀងរហូតមក។
ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម តូច សារ៉េត សូមឱ្យឆាប់បានយោនយកកំណើត កើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ»៕