(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ជ័យជម្នះក្នុងការបោះឆ្នោតជាបន្តបន្ទាប់ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជានៅតែជាគណបក្សតែមួយគត់ ដែលប្រជាជនជឿជាក់ និងគាំទ្រលើការដឹកនាំដ៏ត្រឹមត្រូវ ឆ្លើយតបតម្រូវការ និងសំណូមពររបស់ប្រជាជន ពិសេសការធានាបាននូវសន្តិភាព ប្រជាធិបតេយ្យនិងនីតិរដ្ឋ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការលើកស្ទួយជីវភាពប្រជាជន និងការបន្តកែទម្រង់លើគ្រប់វិស័យ។
ការបញ្ជាក់បែបនេះធ្វើឡើងក្នុងឱកាសសម្ដេចតេជោ ហ៊ុន សែន អញ្ជើញក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តរបស់គណៈចលនាមហាជនគណបក្សប្រជាជនកម្ពុជា
ដែលនាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ នៅវិមាន៧មករា រាជធានីភ្នំពេញ។
នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «ជ័យជម្នះរបស់គណបក្សនៅក្នុងការបោះឆ្នោតជាបន្តបន្ទាប់ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជានៅតែជាគណបក្សតែមួយគត់ដែលប្រជាជនជឿជាក់និងគាំទ្រ លើការដឹកនាំដ៏ត្រឹមត្រូវ ឆ្លើយតបតម្រូវការ និងសំណូមពររបស់ប្រជាជន ពិសេសការធានាបាននូវសន្តិភាព ប្រជាធិបតេយ្យនិងនីតិរដ្ឋ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការលើកស្ទួយជីវភាពប្រជាជន និងការបន្តកែទម្រង់លើគ្រប់វិស័យ»។
សម្ដេចប្រធានបានបន្តថា យើងត្រូវចងចាំថា បុព្វហេតុរបស់ប្រជាជនក្នុងការកសាង និងការពារប្រទេសជាតិ គឺជាបុព្វហេតុរបស់គណបក្សយើង ហើយទាល់តែប្រជាជនចូលរួមនិងគាំទ្រ ទើបបុព្វហេតុនេះសម្រេចបានជោគជ័យ។ ក្នុងន័យនេះ ជ័យជម្នះនាពេលកន្លងមក មិនត្រឹមតែជាជ័យជម្នះរបស់គណបក្សនោះទេ តែជាជ័យជម្នះរបស់ប្រជាជនកម្ពុជាទាំងមូល។
សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា នាវាកម្ពុជា ក្រោមការដឹកនាំរបស់គណបក្ស បានច្បាមយកមកវិញនូវសន្តិភាពពេញលេញជូនប្រជាជន ដែលជាគុណតម្លៃស្នូលនៃការចាប់ផ្តើមឡើងវិញក្នុងការកសាង និងអភិវឌ្ឍន៍មាតុភូមិដ៏បវរនៃយើងទាំងអស់គ្នារហូតមកដល់បច្ចុប្បន្ន។ ដោយសារកត្តាសន្តិភាពនេះហើយ សេដ្ឋកិច្ចកម្ពុជាបានឆ្លងកាត់ការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ដោយបានវិវត្តទៅជាសេដ្ឋកិច្ចទំនើប និងអាចបន្សំខ្លួនក្នុងសមាហរណកម្មសេដ្ឋកិច្ចសកល ហើយសេដ្ឋកិច្ចកម្ពុជាក៏បានបង្ហាញពីភាពធន់គួរឱ្យកត់សម្គាល់ផងដែរ៕