(ភ្នំពេញ)៖ ភូមិដូនកុក គឺជាភូមិមួយស្ថិតនៅក្នុងសង្កាត់បឹងធំ ខណ្ឌពោសែនជ័យ និងជាភូមិមួយក្នុងចំណោម១១ភូមិ ដែលបាននិងកំពុងទទួលបានទឹកស្អាតប្រើប្រាស់ ផ្គត់ផ្គង់ដោយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនាពេលបច្ចុប្បន្ននេះ។ ​កាលពីមុនប្រជាពលរដ្ឋនៅតំបន់នេះមិនមានទឹកស្អាតប្រើប្រាស់ឡើយ ​ដោយការប្រើប្រាស់ប្រចាំថ្ងៃ គឺយកមកទឹកស្ទឹងព្រែក​ ដែលជាប្រភពទឹកមិនស្អាត ងាយធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។ ក្រោយមកតំបន់​នេះ ទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាតពីសេវាករទឹកស្អាតឯកជន ប៉ុន្តែការប្រើប្រាស់​ទឹកស្អាតពីសេវាករឯកជននេះ ​ហាក់មានភាពពិបាក​ច្រើន ដូចជា សម្ពាធទឹកខ្សោយ ​ដាច់បណ្តាញផ្គត់ផ្គង់ញឹកញាប់ និងមានតម្លៃថ្លៃជាដើមដែលធ្វើឱ្យប្រជាពលរដ្ឋមានការចំណាយច្រើន​។

តាមផែនការមេផ្គត់ផ្គង់ទឹកស្អាតដំណាក់កាលទី៣នៅរាជធានីភ្នំពេញ ​តំបន់នេះនឹងទទួលបានទឹកស្អាតប្រើប្រាស់រហូតឆ្នាំ២០៣០ ពោលគឺរយៈពេល៥ឆ្នាំទៀត ប៉ុន្តែតាមរយៈកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយឥតសំណង់សាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបឹងធំ កាលពីខែមីនា ឆ្នាំ២០២៣ ដែលធ្វើឱ្យប្រជាពលរដ្ឋក្នុងតំបន់នេះ ទទួលបានទឹកស្អាតប្រើប្រាស់នៅចុងឆ្នាំ២០២៤នេះ។

រោង​ចក្រប្រព្រឹត្តិកម្មទឹកស្អាតបឹងធំ ស្ថិតក្នុងភូមិបឹងធំ៣ សង្កាត់បឹងធំ ខណ្ឌកំបូល ប៉ែកនិរតីនៃរាជធានីភ្នំពេញ ដែលនៅឆ្ងាយដាច់ស្រយ៉ាលពីរោងចក្រទឹកស្អាតផ្សេងៗ​ សាងសង់ឡើងក្រោមហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំ​កម្ពុជា​ និងថវិកាបដិភាគរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងទំហំទឹកប្រាក់ប្រមាណ១.៥​លានដុល្លារអាមរិក ​បានបើកការដ្ឋាននៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ និងដាក់ឱ្យដំណើរការសាកល្បង នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤​ ព្រមទាំងដាក់ឱ្យដំណើរការជាផ្លូវការ កា​លពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។

រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបឹងធំនេះមានសមត្ថភាពផលិតទឹកស្អាតចំនួន ៦.០០០ម៣/ថ្ងៃ ដោយយកទឹកពីស្ទឹងព្រែកត្នោត ​។​ រោងចក្រនេះនឹងធ្វើការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ​ ក្នុងសង្កាត់បឹងធំ សង្កាត់ប្រទះឡាង និងសង្កាត់ពងទឹក ក្នុងខណ្ឌកំបូល សរុបប្រមាណជាង ៣.០០០ គ្រួសារ។

​លោក ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានគូសបញ្ជាក់ថា ក្នុងសង្កាត់បឹងធំមានភូមិចំនួន១៦ ហើយបច្ចុប្បន្ននេះ ការផ្គត់ផ្គង់ទឹកស្អាតសម្រេចបាន១១ភូមិ។ ដោយឡែក៥ភូមិទៀត នឹងទទួលបានទឹកស្អាតប្រើប្រាស់ចាប់ពីដើមឆ្នាំ២០២៥ បន្ទាប់ពីតបំពង់មេចែកចាយទឹករួច។

​លោកបានឱ្យដឹងផងដែរថា ការណែនាំរបស់រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ហែម វណ្ណឌី បានជំរុញការតភ្ជាប់ទឹកស្អាតឱ្យដល់ប្រជាជនគ្រប់ខ្នងផ្ទះទាំងអស់ ហេតុដូច្នេះហើយសម្រាប់ប្រជាពលរដ្ឋដែលខ្វះលទ្ធភាពតបណ្តាញទឹកស្អាតប្រើប្រាស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងប្រើប្រាស់មូលនិធិសង្គមរបស់រដ្ឋាករទឹក ដើម្បីភ្ជាប់តបណ្តាញជូនដោយឥតគិតថ្លៃ។

លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងពីសារៈសំខាន់នៃរោងចក្រផលិតទឹកស្អាតបឹងធំនេះ ក្នុងការរួមចំណែកដល់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលកំណត់យកទឹក ជាអាទិភាពគន្លឹះទីបី។

លោកបន្តថា ការដាក់ឱ្យដំណើរការរោងចក្រនេះ នឹងជំរុញឱ្យប្រជាពលរដ្ឋនៅតំបន់ជាយក្រុងទទួលបានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ ដើម្បីធានាសុខុមាលភាពអ្នកប្រើប្រាស់ និងជួយសន្សំសំចៃការចំណាយរបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោកបានស្នើឱ្យភាគីពាក់ព័ន្ធ រួមទាំងក្រសួង-ស្ថាប័ន អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ចូលរួមការពារ និងថែទាំហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត ពង្រីកបណ្តាញចែកចាយ និងរក្សាស្ទឹងព្រែកត្នោត ជាប្រភពទឹកសម្រាប់រយៈពេលវែង។

លោក AMAKAWA Hirofumi អនុរដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន ​សម្តែងក្តីរីករាយចំពោះការដាក់ដំណើរការរោងចក្រផលិតទឹកស្អាតបឹងធំ ដែលនឹងជួយបង្កើនសមត្ថភាពផលិតទឹកស្អាតរបស់រដ្ឋាករទឹក សម្រាប់ផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋក្នុងក្រុងភ្នំពេញ និងតំបន់ជាយក្រុង។ លោកបន្តថា ជប៉ុននឹងបន្តជួយកម្ពុជាបន្ថែមទៀត ក្នុងវិស័យទឹកស្អាតនេះ។

​រោងចក្រផលិតទឹកស្អាតបឹងធំ គឺជាសមិទ្ធផលទី២ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលបានធ្វើការសិក្សា និងសាងសង់ដោយខ្លួនឯង បន្ទាប់ពីរោងចក្រប្រព្រឹត្តិកម្មទឹកស្អាត «មេ្លច» នៅខេត្តកំពត។ រោងចក្រថ្មីនេះផ្គត់ផ្គង់ទឹកស្អាតដែលមានគុណភាពស្របតាមស្តង់ដារគុណភាពទឹកស្អាតថ្នាក់ជាតិ និងស្តង់ដារគុណភាពទឹកស្អាតរបស់អង្គការសុខភាពពិភពលោក។

យោងតាមផែនការមេវិស័យទឹកស្អាត ដំណាក់កាលទី៣ ឆ្នាំ២០២១-២០៣០ បានព្យាករណ៍ថា តម្រូវការទឹកស្អាតនៅរាជធានីភ្នំពេញនឹងកើនឡើងដល់ប្រមាណជាង១.៨ លានម៉ែត្រគូបក្នុងមួយថ្ងៃ នៅត្រឹមដំណាច់ឆ្នាំ២០៣០​៕