(ភ្នំពេញ)៖ លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអំពាវនាវដល់គ្រប់ក្រសួងស្ថាប័ន វិស័យទាំងរដ្ឋ ឯកជន និងប្រជាពលរដ្ឋគ្រប់ស្រទាប់ទាំងអស់ ត្រូវចាត់ទុកបញ្ហាបរិស្ថាន គឺជាអាយុជីវិតរបស់យើងទាំងអស់គា្ន ដែលត្រូវតែចូលរួមក្នុងការថែរក្សាការពារ អភិរក្ស និងអភិវឌ្ឍដាំដុះបន្ថែម ដោយត្រូវចងចាំថា «ការងារបរិស្ថានមិនមែនតែជាសមត្ថកិច្ចរបស់មន្ត្រីបរិស្ថានតែមួយប៉ុណ្ណោះទេ ប៉ុន្តែគឺជាកាតព្វកិច្ចរួមរបស់ពលរដ្ឋទាំងអស់គ្នា»។

ការលើកឡើងរបស់លោកសន្តិបណ្ឌិត នេត សាវឿន បានធ្វើឡើងក្នុងឱកាសលោកអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បិទសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថាន ឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤នេះ។

លោកសន្តិបណ្ឌិត នេត សាវឿន បានគាំទ្រចំពោះការដាក់ចេញនូវផែនការអាទិភាពដ៏សំខាន់ៗរបស់ក្រសួងបរិស្ថានដែលត្រូវយកចិត្តទុកដាក់អនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដោយផ្តោតលើយុទ្ធសាស្ត្រស្នូលធំៗ គឺ«ភាពស្អាត ភាពបៃតង និងចីរភាព» ឱ្យមានដំណើរការរលូន និងប្រសិទ្ធភាព ដោយក្នុងនោះ ភាពស្អាត សំដៅលើស្ថានភាព របស់ ទឹក ដី ខ្យល់ ដែលត្រូវផ្តោតដំបូងលើការងារសម្អាត និងគ្រប់គ្រងសំរាម សំណល់រឹង រាវ និងត្រួតពិនិត្យគុណភាពខ្យល់ជាប្រចាំ។ ភាពបៃតង សំដៅទៅលើការគ្រប់គ្រងថែរក្សា ធនធានធម្មជាតិ និងការជំរុញអភិវឌ្ឍបរិស្ថានបៃតង។ និង ចីរភាព សំដៅលើយុទ្ធសាស្ត្រ ធ្វើយ៉ាងណាឱ្យវិស័យពាក់ព័ន្ធ និងថ្នាក់ក្រោមជាតិទាំងអស់បានយល់ដឹង និងចូលរួមផុសផុល សំដៅឲ្យមានចីរភាពនៃការអភិវឌ្ឍ។

លោកបានក៏សូមលើកទឹកចិត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវប្រើប្រាស់វិធានការ អប់រំជាគោល ចំពោះប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីជំរុញឱ្យពួកគាត់ទាំងអស់ចូលរួមសហការ ប៉ុន្តែជាមួយគ្នានោះ ក៏ត្រូវមានវិធានការរដ្ឋបាល និងអាចដល់វិធានការច្បាប់ចំពោះបុគ្គល ឬសហគ្រាស ក្រុមហ៊ុនទាំងឡាយណាដែលមិនសហការ និងបង្កឱ្យមានភាពកខ្វក់ប៉ះពាល់ដល់ភាពស្អាតនៃបរិស្ថានរបស់យើង។ រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ បន្តបំផុស ចលនាសម្អាតតាមដងផ្លូវជាតិ ធ្វើយ៉ាងណាឱ្យឆ្នាំ២០២៥ គ្មានសំរាម និងសំណល់ប្លាស្ទិក រាយប៉ាយតាមដងផ្លូវទូទាំងប្រទេស ក៏ដូចជាត្រូវបន្ត ជំរុញ និងលើកទឹកចិត្តការញែកនៅនឹងប្រភព និងការកែច្នៃសំណល់ ជាពិសេសសំណល់ប្លាស្ទិក តាមរយៈការរៀបចំឱ្យមាន «ធនាគារប្លាស្ទិក» នៅតាមសាលារៀន វត្តអារាម ការធ្វើជីកំប៉ុសតាមសហគមន៍ និងការរៀបចំឱ្យមានសហគមន៍គ្មានសំណល់ និងសំរាម។ អាជ្ញាធរមូលដ្ឋានត្រូវបន្តលើកកម្ពស់ ការទុកដាក់សំណល់ចុងក្រោយ តាមរយៈការកែសម្រួលទីលានដែលមានស្រាប់ទាំងផ្នែក ហេដ្ឋារចនាសម្ព័ន្ធ និងការគ្រប់គ្រង និងការរៀបចំទីលានថ្មី ឱ្យស្របតាមបទដ្ឋានបច្ចេកទេស។

ទន្ទឹមនឹងនេះដែរ ឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានលើកឡើងថា ត្រូវប្រើប្រាស់យន្តការរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការត្រួតពិនិត្យតាមដានដោះស្រាយ និងឆ្លើយតបបន្ទាន់លើការងារទប់ស្កាត់ការបំពុលបរិស្ថានក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងត្រូវជំរុញការអនុវត្តច្បាប់តឹងរ៉ឹង និងគ្រប់ជ្រុងជ្រោយលើកិច្ចគាំពារបរិស្ថាននៅតាមប្រភព បំពុលដើម្បីលើកកម្ពស់កិច្ចគាំពារបរិស្ថាន និងការអភិរក្សជីវចម្រុះ។ ការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងទិន្នន័យ និងដំឡើងបន្ថែមស្ថានីយតាមដាន គុណភាពទឹកស្វ័យប្រវត្តិនៅតាមប្រភពទឹកសាធារណៈសំខាន់ៗទូទាំងប្រទេស ព្រមទាំងជំរុញមន្ទីរពិសោធន៍ឱ្យក្លាយជាមជ្ឈមណ្ឌលការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្របរិស្ថានជាតិ ដែលមានសមត្ថភាពធ្វើការវិភាគភស្តុតាងវិទ្យាសាស្ត្រ ដើម្បីឆ្លើយតបនឹងកិច្ចគាំពារបរិស្ថាន និងអភិរក្សជីវចម្រុះ។

ចំពោះការជំរុញលើកកម្ពស់ ភាពបៃតង លោកឧបនាយករដ្ឋមន្ត្រី សូមអំពាវនាវក្រសួងបន្តអនុវត្តវិធានការគន្លឹះទាំង៤ចំណុច ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដោយបន្តជំរុញអនុវត្តច្បាប់ ជាធរមាន បង្កើនកិច្ចសហប្រតិបត្តិការ និងគាំទ្រក្នុងការផ្តល់ផែនទីផ្កាយរណបជាប្រចាំជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គភាពប្រឆាំងអំពើពុករលួយ កងរាជអាវុធហត្ថ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីទទួលបានព័ត៌មាន និងអន្តរាគមន៍ទាន់ពេលវេលា អំពីទីតាំងបទល្មើសធនធានធម្មជាតិដែលកើតមានក្នុងតំបន់ការពារធម្មជាតិ។ លើសពីនេះទៀត ត្រូវ បន្តផ្សព្វផ្សាយអនុវត្តក្រមបរិស្ថាននិងធនធានធម្មជាតិ និងកសាងប្រព័ន្ធទិន្នន័យលើការគ្រប់គ្រង ត្រួតពិនិត្យ តាមដាន និងរាយការណ៍អំពីបទល្មើសធនធានធម្មជាតិ និងការអនុវត្តច្បាប់ ក្នុងតំបន់ការពារធម្មជាតិ និងធ្វើទំនើបកម្មការគ្រប់គ្រងតំបន់ការពារធម្មជាតិ ទិន្នន័យជីវចម្រុះ និងទិន្នន័យព័ត៌មានភូមិសាស្ត្រតាមតំបន់ការពារធម្មជាតិ។

ឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានបន្ថែមថា បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងការកៀរគរធនធាន កៀរគរការគាំទ្រ ពីដៃគូអភិវឌ្ឍន៍ជាតិ អន្តរជាតិ វិស័យឯកជន គ្រឹះស្ថានបណ្តុះបណ្តាល និងមហាជននានាធានាឱ្យបាននូវនិរន្តរភាពថវិកា ដើម្បីគ្រប់គ្រងតំបន់ការពារធម្មជាតិឱ្យកាន់តែមានប្រសិទ្ធភាព និងលើកកម្ពស់ជីវភាពប្រជាសហគមន៍ ព្រមទាំងជាកម្លាំងចលកររុញច្រានធ្វើឱ្យភាពស្អាត និងភាពបៃតង នៅប្រទេសកម្ពុជាមានចីរភាពតរៀងទៅ៕