(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកវេទិកាទេសចរណ៍មូស្លីមកម្ពុជាឆ្នាំ២០២៤ ជាទំព័រថ្មីមួយទៀតក្នុងការផ្សព្វផ្សាយកាន់តែទូលំទូលាយពីវប្បធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់បណ្តាប្រទេសឥស្លាម។

ការបញ្ជាក់នេះធ្វើឡើងពិធីបើកវេទិកាទេសចរណ៍មូស្លីម ឆ្នាំ២០២៤ ក្រោមមូលបទ «ភាពស្រស់ស្អាតនៃសុខដុមនីយកម្ម និងគោលដៅទេសចរណ៍មូស្លីម» នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារភ្នំពេញ ដោយមានការចូលរួមពីឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតនៃប្រទេសឥស្លាមប្រចាំប្រទេសកម្ពុជា ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងក្រសួង ស្ថាប័ន និងអភិបាលរងរាជធានី-ខេត្ត សរុបចំនួន២៧៧នាក់។

ការរៀបចំវេទិកាទេសចរណ៍មូស្លីមនេះឡើង គឺដើម្បីពិនិត្យពិភាក្សាលើបញ្ហាប្រឈម កាលានុវត្តភាព ទស្សនវិស័យ ការចែករំលែកបទពិសោធ ការត្រៀមលក្ខណៈសម្បត្តិ និងការដាក់ចេញនូវអនុសាសន៍នានាក្នុងការជំរុញកំណើនទេសចរមូស្លីមមកកម្ពុជាឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។

វេទិកាទេសចរណ៍មូស្លីមនេះ ត្រូវបានលោករដ្ឋមន្ត្រីមានជំនឿថានឹងក្លាយជាទំព័រថ្មីមួយទៀតក្នុងការជំរុញការផ្សព្វផ្សាយកាន់តែទូលំទូលាយអំពីវប្បធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់បណ្តាប្រទេសឥស្លាម ជាពិសេសចូលរួមដល់ការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ ការបង្កើនទំនាក់ទំនងលើវិស័យទេសចរណ៍រវាងកម្ពុជា និងបណ្តាប្រទេសឥស្លាម។

លោករដ្ឋមន្ត្រីបានគូសរំលេចថា ភ្ញៀវទេសចរមូស្លីមមានតម្រូវការខុសពីទេសចរដទៃទៀត ដោយទាមទារឱ្យវិស័យសាធារណៈ និងវិស័យឯកជន ព្រមទាំងភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ ត្រូវយកចិត្តទុកដាក់ និងរួមគ្នាគិតគូរអំពីតម្រូវការទាំងអស់នេះ រួមមាន៖ ម្ហូបអាហារហាឡាល បន្ទប់ ឬកន្លែងថ្វាយបង្គំ សេវាកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ចមួយចំនួនទៀតនៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍នានា។

លោករដ្ឋមន្ត្រីបានគូសរំលេចបន្ថែមថា ការណ៍នេះទាមទារឱ្យក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ ត្រូវមានបុរេសកម្ម អន្តរសកម្ម និងសកម្ម ដើម្បីទទួលបដិសណ្ឋារកិច្ចឱ្យបានល្អប្រសើរស្របនឹងកិត្តិនាមកម្ពុជាថា «កម្ពុជាជាគោលដៅទេសចរណ៍ ដែលផ្តល់ភាពកក់ក្តៅ និងទទួលស្វាគមន៍គ្រប់ទេសចរទាំងអស់»។

លោករដ្ឋមន្ត្រីបន្តទៀតថា ផែនការអភិវឌ្ឍន៍ទេសចរណ៍មូស្លីម ផ្តោតលើផែនការយុទ្ធសាស្រ្តចំនួន ៥ រួមមាន៖ ១-ពង្រឹងនិងពង្រីកគុណភាពផលិតផល និងសេវាកម្មទេសចរណ៍មូស្លីម ២-ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សម្រួលការធ្វើដំណើរ និងការតភ្ជាប់ ៣-បង្កើនការផ្សព្វផ្សាយទៅកាន់គោលដៅទីផ្សារទេសចរណ៍មូស្លីម ៤-ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្រប់ភាគីពាក់ព័ន្ធ និង៥-ការអភិវឌ្ឍធនធានមនុស្ស និងការបញ្ជ្រាបការយល់ដឹងដល់វិស័យឯកជន និងភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍។

លោករដ្ឋមន្ត្រីបានបន្ថែមថា កិច្ចការទាំងនេះគឺដើម្បីរួមចំណែកក្នុងការសម្រេចឱ្យបាននូវផែនការអភិវឌ្ឍន៍ទេសចរណ៍មូស្លីម (២០២៣-២០២៧) សំដៅទាក់ទាញទេសចរមូស្លីមមកកាន់គោលដៅទេសចរណ៍កម្ពុជាឱ្យបានកាន់តែច្រើនឡើងបន្ថែមទៀត។

លោករដ្ឋមន្ត្រីក៏បានចែករំលែកនូវចំណុចគន្លឹះ និងអនុសាសន៍សំខាន់ៗក្នុងការរៀបចំឱ្យមានជំនួបផ្លាស់ប្តូរពាណិជ្ជកម្ម (Business Matching) រវាងវិស័យឯកជនពីបណ្តាប្រទេសឥស្លាមយ៉ាងតិចម្ដងក្នុងមួយឆ្នាំ និងត្រូវមានកិច្ចសហការជិតស្និទ្ធ រវាងក្រសួងទេសចរណ៍ជាមួយនឹងបណ្តាស្ថានទូត នៃបណ្តាប្រទេសឥស្លាម និងរវាងផ្នែកឯកជនកម្ពុជា និងផ្នែកឯកជនប្រទេសឥស្លាម ដើម្បីជំរុញការផ្សព្វផ្សាយកិច្ចសហប្រតិបត្តិការនានាក្នុងវិស័យទេសចរណ៍ ក៏ដូចជាជំរុញការរៀបចំកញ្ចប់ទស្សនកិច្ចរួមគ្នា សំដៅជំរុញរំហូរទេសចរ និងការផ្លាស់ប្តូរប្រជាជននិងប្រជាជនទៅវិញទៅមក៕