(ភ្នំពេញ)៖ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បានមានព្ររាជបន្ទូលថា «ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី» ដែលព្រះរាជទានដោយព្រះមហាក្សត្រ នឹងផ្តល់សេវាជូនឡានសង្គ្រោះបន្ទាន់ សម្រាប់សម្រួលដឹកជញ្ជូនអ្នកជំងឺ ឬដឹកជញ្ជូនសាកសព ដែលគ្មានលទ្ធភាព ឬ មានជីវភាពខ្វះខាត។

សម្រាប់ប្រជាពលរដ្ឋទាំងអស់ដែលរស់នៅ ក្នុងភូមិសាស្រ្តសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងមកពីទីជិតឆ្ងាយនានា អាចទាក់ទងតាមលេខទូរស័ព្ទ 016434325 /070 406 668 ដើម្បីទទួលបានសេវានេះ។

សម្ដេចព្រះមហាសង្ឃរាជ ប្រធានប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី ក៏ធ្លាប់មានព្រះរាជបន្ទូលថា៖ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណា ព្រះមហាក្សត្រសីហមុនី ទទួលបានការប្រោសប្រទានព្រះរាជនាមដ៏ថ្លៃថ្លាបំផុតពីព្រះករុណា ព្រះមហាក្សត្សកម្ពុជា និងក្រោមព្រះរាជកិច្ច ដឹកនាំស្ថាបនិកដោយផ្ទាល់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងជាព្រះប្រធានប៉ុស្តិ៍សុខភាព ដោយទឹកព្រះទ័យមេត្តា សតិបញ្ញា និងគុណធម៌ដ៏ថ្លៃថ្លាជាទីបំផុត ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ផែនការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ បេសកកម្មដ៏ស្វាហាប់ ក្នុងការលើកកម្ពស់វិស័យអប់រំ និងសុខភាពសាធារណៈ ដើម្បីលើកតម្កើងនូវឧត្តមភាពជាតិ សាសនា ព្រះមហាក្សត្រ ក្នុងម្លប់តេជោសន្តិភាព វឌ្ឍនភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សូមរំលឹកជូនថា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានសព្វព្រះរាជហឫទ័យព្រះរាជទានប៉ុស្តិ៍មណ្ឌលសុខភាព ស្ថិតនៅបរិវេណវត្វស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ជា «ប៉ុស្តិ៍មណ្ឌលសុខភាព ព្រះរាជគ្រូ បួរ គ្រី ព្រះករុណា ព្រះមហាក្សត្រ សីហមុនី» នាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅនេះ៕