(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួអបរិស្ថាន បានឱ្យដឹងថា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងបរិស្ថាន បានពួតដៃគ្នាជាធ្លុងមួយក្នុងស្មារតីគ្រួសារបរិស្ថាន អនុវត្តការងារ សម្រេចបានសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់ ក្នុងឆ្នាំ២០២៤។

ការឱ្យដឹងរបស់លោករដ្ឋមន្ត្រី ធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងារបរិស្ថានឆ្នាំ២០២៤ និងទិដៅការងារឆ្នាំ២០២៥ ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ នាទីស្តីការក្រសួងបរិស្ថាន។

លោកបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ថា «ដើម្បីសម្រេចនូវបេសកកម្មតាមច្បាប់កំណត់ និងភារកិច្ចដែលរាជរដ្ឋាភិបាលប្រគល់ជូន ព្រមទាំងអនុលោមតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងបរិស្ថាន បានពួតដៃគ្នាជាធ្លុងមួយក្នុងស្មារតីគ្រួសារបរិស្ថាន អនុវត្តការងារ សម្រេចបានសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់ ឆ្លើយតបទៅនឹងអនុសាសន៍ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចកកម្ពុជា»

លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ក្រសួងបរិស្ថាន បានចូលរួមចំណែកអនុវត្តឱ្យសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នៅ២០៣០ និង២០៥០ ក្រោមការដឹកនាំដ៏ស្វាហាប ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ក្រសួងបានដាក់ចេញនូវ «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣ ២០២៨» ដែលមានយុទ្ធសាស្ត្រស្នូលធំៗចំនួន៣(បី) គឺភាពស្អាត ភាពបៃតង និងចីរភាព។

ក្នុងឱកាសបិទសន្និបាតបូកសរុបការងាររបស់ក្រសួងបរិស្ថាន ក្នុងនាមសម្តេចធិបតីនាយករដ្ឋមន្ត្រី, លោកសន្តិបណ្ឌិត នេត សាវឿន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា គាំទ្រចំពោះការដាក់ចេញ និងផែនការអាទិភាពរបស់ក្រសួងបរិស្ថាន លើយុទ្ធសាស្ត្រស្នូលធំៗ គឺ៖ ភាពស្អាត ភាពបៃតង និងចីរភាព។

លោកសន្តិបណ្ឌិត នេត សាវឿន បានបញ្ជាក់បន្ថែមថា សម្រាប់ការអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ក្នុងនោះ ចំពោះភាពស្អាតគឺសំដៅលើស្ថានភាពរបស់ទឹក ដី ខ្យល់ ដោយផ្តោតដំបូងលើការងារសម្អាត គ្រប់គ្រងសំរាម សំណល់រឹង រាវ និងត្រួតពិនិត្យគុណភាពខ្យល់ជាប្រចាំ, ភាពបៃតង សំដៅលើការគ្រប់គ្រងថែរក្សាធនធានធម្មជាតិ ការជំរុញបរិស្ថាននៃបៃតង និងចីរភាព សំដៅធ្វើយ៉ាងណាឱ្យវិស័យពាក់ព័ន្ធ និងថ្នាក់ក្រោមជាតិទាំងអស់បានយល់ដឹង និងចូលរួមផុសផុលសំដៅឱ្យមានចីរភាព និងអភិវឌ្ឍន៍៕