(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាសហស្ថាបនិកនៃគម្រោងស្អាត បានអំពាវនាវឱ្យយុវជនបង្កើនការស្រលាញ់ ការជឿជាក់ទៅកាន់សង្គមជាតិ តាមរយៈការចូលរួមគ្រប់សកម្មភាពសង្គម។

ការលើកឡើងរបស់លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានធ្វើឡើងក្នុងពិធីបិទយុទ្ធនាការភ្នំពេញស្អាតឆ្នាំ២០២៤ នៅមជ្ឃមណ្ឌលមានី(KAMPUS) នៅយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ដែលកម្មវិធីនេះ មានការចូលរួមពីតំណាងក្រសួងស្ថាប័នមួយចំនួន ក្រុមហ៊ុនឯកជន សមាគមអង្គការសង្គមស៊ីវិល យុវជនសុច្ឆន្ទៈស្អាតជាច្រើនរូបផងដែរ។

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី មានប្រសាសន៍យ៉ាងដូច្នេះថា «សូមបង្កើនការស្រលាញ់ ការជឿជាក់ទៅកាន់សង្គមជាតិរបស់យើង»។ លោកបន្តថា ទន្ទឹមនេះ គ្រប់កម្មវិធីទាំងអស់ គឺជាការជួបជុំ និងបណ្ដុះការចូលរួមសហការគ្នា និងនាំមកនូវការទុកចិត្តការរៀនសូត្រ ការអនុវត្តការធ្វើការររួម ឈានទៅកាន់ចំណងមិត្តភាពដ៏រឹងមាំមួយ និងមានការរីកលូតលាស់តទៅមុខ។

ក្នុងឆ្នាំ២០២៤នេះ យុទ្ធនាការភ្នំពេញស្អាតបានសម្រេចនូវផែនការសកម្មភាពមួយចំនួនគួរជាទីមោទនៈក្រោមទិសស្លោក «ខ្មែរស្អាត» រួមមាន «ក្លិបយុវជនស្អាត» ជាការចូលរួមបង្កើតធនធានមនុស្សសម្រាប់កម្ពុជា ដោយបានរៀបចំជាកន្លែង ឬក្រុមមួយសម្រាប់យុវជនស្អាតទាំងឆ្នាំចាស់ និងឆ្នាំថ្មីអាចបន្តទំនាក់ទំនងចូលរួមផ្លាស់ប្តូរគំនិតយោបល់សម្រាប់បន្តអភិវឌ្ឍខ្លួន និងសង្គម។

ជាមួយគ្នានេះ «ចិត្តខ្ញុំស្អាត ខ្មែរស្អាត» ត្រូវបានរៀបចំឡើងដោយមានការសម្តែងធម៌ទេសនាពី ព្រះភិក្ខុ វជិរប្បញ្ញោ គូ សុភាព រួមទាំងបទបង្ហាញពីលោក នឹម ឈុន្នី និង លោក ហេង សុខវិសាល ជូនដល់យុវជនសិស្សនិស្សិតមកពីបណ្តាវិទ្យាល័យ សាកលវិទ្យាល័យ ក្នុងគោលបំណងបណ្តុះចិត្តគំនិត និងអាកប្បកិរិយា ដើម្បីទទួលបាននូវការគិតស្អាតមានចិត្តគំនិតស្អាតនាំឲ្យមានអាកប្បកិរិយាក្នុងការរស់នៅក៏ស្អាតដូចគ្នា។

សូមជម្រាបថា ក្នុងឆ្នាំ២០២៤នេះ «យុទ្ធនាការភ្នំពេញស្អាត» បានផ្លាស់ប្តូរទិសដៅពីការបញ្ជ្រាបសារអប់រំផ្នែកបរិស្ថានលើឥរិយាបថក្នុងការគ្រប់គ្រងសំរាម និងការកែច្នៃទៅជាការលើកកម្ពស់គំនិតថ្មីៗដោយផ្តោតលើគោលគំនិតសំខាន់ៗចំនួនបីគឺ៖ ចិត្តគំនិតស្អាត អាកប្បកិរិយាស្អាត និងប្រតិបត្តិស្អាតដែលស្របទៅនឹងយន្តការរបស់រាជរដ្ឋាភិបាលកំពុងអនុវត្តក្នុងការបញ្ជ្រាបសារអប់រំដើម្បីលើកតម្កើន វប្បធម៌ និងសីលធម៌សង្គម។

បន្ថែមពីនេះ «ធុរកិច្ចយើងស្អាត ខ្មែរស្អាត» ជាកម្មវិធីបញ្រ្ជាបសារក្រោមព្រឹត្តិការណ៍ចំនួនពីររួមមាន ១.ព្រឹត្តិការណ៍ «ព័រណ៌ស្អាត» ជាការបង្ហាញផលិតផល និងសេវាកម្មក្នុងស្រុកជាច្រើនសមស្របសម្រាប់គ្រួសារ ក៏ដូចជាផ្តោតលើការចងរួមសិល្បៈ ដើម្បីគាំទ្រផលិតផលក្នុងស្រុក និងជម្រុញការច្នៃប្រឌិតដែលជារបស់ខ្មែរ ២. ព្រឹត្តិការណ៍ «វេទិកាធុរកិច្ចស្អាត និងយុវជនស្អាត» ជាវេទិកាពិភាក្សា របស់ធុរកិច្ចជនទៅលើការប្រតិបត្តិការងារល្អ ការប្រកបការងារ ដោយមានក្រមសីលធម៌ វិជ្ជាជីវៈ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីយុវជនទទួលយកចំណេះដឹងថ្មីៗ និងស្វែងយល់អំពីដំណោះស្រាយបៃតងដោយភាពច្នៃប្រឌិត។

«យុទ្ធនាការភ្នំពេញស្អាត» បានទទួលការគាំទ្រយ៉ាងពេញទំហឹងពីគ្រប់មជ្ឈដ្ឋានជារៀងរាល់ឆ្នាំក៏ព្រោះតែសក្ដានុពលនៃការចូលរួមសកម្មភាពស្អាត ការថែរក្សាបរិស្ថាន និងការលើកស្ទួយសោភ័ណភាពទីក្រុង។ ការគាំទ្រដ៏ខ្លាំងក្លានេះជាសញ្ញាសម្គាល់ពីស្មារតីនៃការទទួលខុសត្រូវ សេចក្ដីស្រឡាញ់ និងការចូលរួមសម្អាត ថែរក្សា បរិស្ថាន ដែលបានបង្កើតក្តីសង្ឃឹមយ៉ាងមោះមុតក្នុងការឈានទៅរក «កម្ពុជាគ្មានសំរាមរាយប៉ាយ»។

ឆ្លៀតក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី បានថ្លែងអំណរគុណទៅកាន់ភាគីពាក់ព័ន្ធ យុវជនសុច្ឆន្ទៈស្អាត និងសង្ឃឹមយ៉ាងមុតមាំថា យុវជននៅតែបន្តចូលរួមបន្ថែមលើគ្រប់សកម្មភាព ជាពិសេសកម្មវិធីសាទរកម្ពុជាផងដែរ។ លោកបន្ថែមថា៖ បើគ្មានភាគីពាក់ព័ន្ធចូលរួមតាមរយៈ ស្មារតី និងសម្ភារៈទេ ប្រហែលជាគ្មានភាពជោគជ័យមកដល់ពេលនេះនោះទេ៕