(ព្រះសីហនុ)៖ ឆ្លៀតក្នុងឱកាសដឹកនាំអ្នកសារព័ត៌មានជាង៦០រូប ចុះផលិតព័ត៌មាន និងផ្សព្វផ្សាយពីខេត្តព្រះសីហនុ, លោក ពុយ គា បានផ្ដល់កិច្ចសម្ភាសដល់បណ្ដាញព័ត៌មាន Fresh News ពាក់ព័ន្ធនឹងការរីកចម្រើន នៃក្រុមអ្នកផលិតមាតិកាអនឡាញ-MMO ដោយលោកបានសម្តែងការព្រួយអំពីផលប៉ះពាល់ដល់ វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា នៅពេលម្ចាស់ពាណិជ្ជកម្មមួយចំនួន ងាកទៅលើកទឹកចិត្តចំពោះក្រុមនេះ។

សម្រាប់ លោក ពុយ គា, សារព័ត៌មានវិជ្ជាជីវៈ និងអ្នកផលិតមាតិកាអនឡាញ មានលក្ខណៈខុសគ្នា។ លោកថា អ្នកសារព័ត៌មានវិជ្ជាជីវៈ គឺមានទំនួលខុសត្រូវរបស់ខ្លួនក្នុងការធ្វើព័ត៌មាន ជាងអ្នកផលិតមាតិកាបែបកម្សាន្តអារម្មណ៍ដើម្បីទាក់ទាញអ្នកមើល។

ប្រធានក្លិបអ្នកកាសែតកម្ពុជារូបនេះ បានគូសបញ្ជាក់ថា អ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈត្រឹមត្រូវ មុននឹងផ្សព្វផ្សាយអ្វីមួយ គឺពួកគាត់មានការប្រយ័ត្នប្រយែងក្នុងការផ្សព្វផ្សាយ និងមានទំនួលខុសត្រូវលើព័ត៌មានដែលខ្លួនបានផ្សាយជានិច្ច ខណៈអ្នកផលិតមាតិកាធ្វើការផ្សព្វផ្សាយមាតិកាណាដែលនិយាយលេងសើច កំប្លែង ការសម្ដែង ឬរឿងដែលប៉ះពាល់ដល់សង្គម ដើម្បីទទួលបានការចាប់អារម្មណ៍ពីអ្នកមើល និងដើម្បីទទួលបានការផ្សាយពាណិជ្ជកម្មប៉ុណ្ណោះ។ លោកបានរិះគន់ អ្នកផលិតមាតិកា ឬក្រុម MMO មួយចំនួនទៀត ដែលមិនសូវបានគិតគូរពីក្រមសីលធម៌វិជ្ជាជីវៈអ្វីទាំងអស់ ដោយពួកគេយករឿងដែលមិនគួរផ្សព្វផ្សាយមកផ្សាយជាសាធារណៈ សូម្បីតែពេលខ្លះគេឈ្លោះគ្នាជាមួយសង្សារ ឬប្ដីប្រពន្ធ ក៏ក្រុមនេះធ្វើការផ្សព្វផ្សាយដែរ។

ទោះជាយ៉ាងនេះក្តី អ្នកសារព័ត៌មានជើងចាស់រូបនេះ កោតសរសើរចំពោះម្ចាស់ពាណិជ្ជកម្មធំៗជាច្រើននៅលើពិភពលោក រួមទាំងកម្ពុជាផងដែរ ដែលនៅតែបន្តគាំទ្រចំពោះសារព័ត៌មានវិជ្ជាជីវៈ តាមរយៈការផ្សព្វផ្សាយពាណិជ្ជកម្ម ដើម្បីរក្សាគុណតម្លៃរបស់ខ្លួន៕

សូមស្តាប់កិច្ចសម្ភាសរបស់កញ្ញា រួម ឆាដា ជាមួយ លោក ពុយ គា៖