(ភ្នំពេញ)៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន បានឱ្យដឹងថា ស្ថានភាពទូទៅនៃការប្រកបអាជីពសារព័ត៌មាន ក៏ដូចជាដំណើរការប្រព្រឹត្តទៅនៃការផ្សព្វផ្សាយព័ត៌មាន នៅប្រទេសកម្ពុជាមានស្ថានភាពល្អ។ ហើយបើគិតមកពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤នេះ ក្រសួងព័ត៌មាន បានទទួលពិនិត្យបណ្តឹងចំនួន ៤៣ករណី ដែលក្នុងនោះមានការពាក់ព័ន្ធនឹងការបំពានក្រមសីលធម៌ និងកំហុសវិជ្ជាជីវៈសារព័ត៌មាន។
ឆ្លៀតឱកាសនេះដែរ អ្នកនាំពាក្យក្រសួងព័ត៌មាន ក៏សូមអរគុណដល់អ្នកសារព័ត៌មានទាំងអស់ដែលបានបំពេញតួនាទីរបស់ខ្លួន ក្នុងការផ្តល់ព័ត៌មានពិត ត្រឹមត្រូវដោយប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ ជាស្នូលក្នុងការអនុវត្តការងាររបស់ខ្លួន ហើយចំណុចទាំងនេះគឺទទួលបាននូវជំនឿទុកចិត្តពីសំណាក់សាធារណជន និងសូមបញ្ជាក់ជូនថាអ្នកសារព័ត៌មាន គឺចាំបាច់ត្រូវតែប្រកាន់ជំហរស្មោះត្រង់ សុច្ចរិត និងមិនលំអៀងដើម្បីធានាភាពថ្លៃថ្នូរ លើកកម្ពស់គុណភាពតម្លៃវិជ្ជាជីវៈសារព័ត៌មាន ដោយមនសិកាការពារផលប្រយោជន៍សាធារណៈ។
លោក ទេព អស្នារិទ្ធ បានន្តថា៖ «បើទោះជាយ៉ាងណាក៏ដោយក៏មានអ្នកសារព័ត៌មានយើងមួយចំនួនតូចដែលបានប្រព្រឹត្តប្រាសចាកពីក្រមសីលធម៌វិជ្ជាជីវៈ ហើយក៏មានការផ្សព្វផ្សាយមួយចំនួនដែលបំពានលើក្រមសីលធម៌ក្នុងការផ្សព្វផ្សាយព័ត៌មាន ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងសេចក្តីថ្លៃថ្លូររបស់អ្នកដទៃ និងឯកជនភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីសាធារណៈ ហើយបានធ្វើឱ្យប៉ះពាល់ដល់ការថែរក្សាធានាស្ថិរភាព និងសុវត្ថិភាពក្នុងសង្គម ធានាភាពសុខសាន្តរបស់ប្រជាពលរដ្ឋទូទៅ។ បើគិតមកដល់ពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤នេះ ក្រសួងព័ត៌មាន បានទទួលពិនិត្យបណ្តឹងពាក់ព័ន្ធនឹងវិជ្ជាជីវៈចំនួន ៤៣ករណី ដែលក្នុងនោះមានការពាក់ព័ន្ធនឹងការបំពានក្រមសីលធម៌ និងកំហុសវិជ្ជាជីវៈសារព័ត៌មាន។
អ្នកនាំពាក្យក្រសួងព័ត៌មានរូបនេះ បានបន្ថែមថា សម្រាប់ករណីទាំងអស់នេះគឺក្រសួងបានពិនិត្យ និងកោះអញ្ជើញសាមីខ្លួនពាក់ព័ន្ធឱ្យចូលខ្លួនមកទទួលការតម្រង់ទិស និងជាពិសេសការអប់រំតម្រង់ទិសផ្នែកប្រតិបត្តិក្រមសីលធម៌វិជ្ជាជីវៈឱ្យបានត្រឹមត្រូវដោយសុំឱ្យសាមីជនចេញនូវអត្ថបទកែតម្រូវទៅលើកំហុសវិជ្ជាជីវៈដែលខ្លួនបានប្រព្រឹត្ត ហើយផ្សព្វផ្សាយពីការកែតម្រូវនោះ ក៏ដូចជាផ្សាយព័ត៌មានពិត ដើម្បីឱ្យប្រជាពលរដ្ឋបានទទួលព័ត៌មានពិតអស់មន្ទិលសង្ស័យ លែងមានការភ័ន្តច្រឡំបន្តទៀតចំពោះអ្វីដែលខ្លួនបានផ្សព្វផ្សាយខុសទៅនឹងវិជ្ជាជីវៈសារព័ត៌មាន។ ក្នុងនោះដែរ ក្រសួងព័ត៌មានបានចាត់វិធានការទៅលើករណីបំពានក្រមសីលធម៌ធ្ងន់ធ្ងរដែលឈានទៅលុបអាជ្ញាបណ្ណចំនួន៣ករណី ហើយមានចំនួន១០ករណីទៀត ដែលពាក់ព័ន្ធនឹងការល្មើសបំពានក្រមសីលធម៌ ហើយក៏ជាការបំពានលើការអនុវត្តកិច្ចសន្យាអាជីវកម្មផ្សព្វផ្សាយជាមួយក្រសួងព័ត៌មាន។ ចំពោះករណីទាំង១០នេះ ក្រសួងក៏បានចេញលិខិតព្រមានផងដែរ។
ពាក់ព័ន្ធការងារគាំពារផ្នែកច្បាប់, ត្រូវបានលោក ទេព អស្នារិទ្ធ បានបញ្ជាក់ថា ក្រសួងព័ត៌មាន បានផ្តល់ការគាំពារផ្នែកច្បាប់ដល់អ្នកសារព័ត៌មាន ដែលចុះបញ្ជីត្រឹមត្រូវហើយអនុវត្តន៍ការងារដោយប្រតិបត្តិគោរពតាមក្រមសីលធម៌ វិជ្ជាជីវៈត្រឹមត្រូវ ខណៈពេលដែលគាត់បានជួបប្រទះក្នុងពេលបំពេញការងារ ហើយក្នុងឆមាសទី១ ឆ្នាំ២០២៤ ក្រសួងបានសម្របសម្រួលស្វែងរកដំណោះស្រាយចំពោះវិវាទនានា សម្រាប់ជួយដល់អ្នកសារព័ត៌មានចំនួន២០ករណី ហើយក៏កំពុងជួយជ្រោមជ្រែងដល់ដំណើរការផ្តល់មេធាវីការពារក្តីក្នុងនីតិវិធីតុលាការលើករណីវិវាទមួយចំនួនទៀតនាពេលបច្ចុប្បន្ន។ នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ ក្រសួងព័ត៌មាន ក៏បានសម្របសម្រួលដោះស្រាយបណ្តឹងពាក់ព័ន្ធនឹងកំហុសវិជ្ជាជីវៈចំនួន១៧ករណីទៀត ដោយក្នុងនោះគឺក្រសួងបានអញ្ជើញសាមីខ្លួនពាក់ព័ន្ធដើម្បីទទួលបានការអប់រំតម្រង់ទិសបន្ថែមទៀតលើក្រមប្រតិបត្តិ ក្រមសីលធម៌ និងនិយាមវិជ្ជាជីវៈសារព័ត៌មាន។
លោកបានឱ្យដឹងថា ក្នុងទិសដៅការងារទៅមុខក្រសួងព័ត៌មាន ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល គឺបន្តការយកចិត្តទុកដាក់ខ្ពស់ក្នុងការធានានូវបរិយាកាសល្អ សម្រាប់ការប្រកបវិជ្ជាជីវៈសារព័ត៌មាន សោតទស្សន៍នៅកម្ពុជា ហើយប្រកាន់គោលជំហរម៉ឹងមាត់ បន្តលើកស្ទួយសេរីភាពសារព័ត៌មានដោយស្មើភាព គ្មានការរើសអើង និងមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។
ជាមួយគ្នានេះ លោក ទេព អស្នារិទ្ធ បានអំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់បង្កើនការពិភាក្សា ក៏ដូចជាការស្វែងយល់បន្ថែមឱ្យបានស៉ីជម្រៅអំពីសិទ្ធិ និងករណីកិច្ចរបស់ខ្លួនជាអ្នកសារព័ត៌មាន ដោយយកធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា ជាគោល ជាមូលដ្ឋានគ្រឹះសម្រាប់ការតម្រង់ទិស ការអនុវត្ត និងពង្រឹងគុណភាពការងារ ហើយអ្នកសារព័ត៌មានត្រូវចូលរួមទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិត ការបំភ្លៃ ការក្រឡៃព័ត៌មានដោយចេតនាអាក្រក់បង្កឱ្យមានការរើសអើង ស្អប់ខ្ពើម បង្កភាពចលាចល ឬបង្កឱ្យមានការបែកបាក់ក្នុងសង្គមដែលជាការដើរហួសគន្លងនៃវិជ្ជាជីវៈ និងក្រមខណ្ឌច្បាប់ជាធរមាន។
លោកក៏បានលើកទឹកចិត្តដល់អ្នកសារព័ត៌មានទាំងអស់ ឱ្យគោរពតាមក្រមសីលធម៌វិជ្ជាជីវៈ ឱ្យបានត្រឹមត្រូវហើយអនុវត្តន៍តួនាទី ភារកិច្ចនៅក្នុងក្របខណ្ឌនៃច្បាប់បានកំណត់ ហើយអ្នកសារព័ត៌មានត្រូវប្រើប្រាស់បណ្ណសម្គាល់អ្នកសារព័ត៌មាន ដែលចេញដោយក្រសួងព័ត៌មាន ដោយការទទួលខុសត្រូវខ្ពស់ ហើយកុំដើរហួសដែនកំណត់ដែលច្បាប់បានកំណត់ និងសិទ្ធិដែលខ្លួនមានក្នុងនាមជាអ្នកសារព័ត៌មាន ពីព្រោះអ្នកសារព័ត៌មានមិនជាសមត្ថកិច្ច ឬតុលាការឡើយ។
ក្នុងរយៈពេលពីរខែចុងក្រោយគឺខែតុលា និងខែវិច្ឆិកា ឆ្នាំ២០២៤ ក្រសួងព័ត៌មាន បានកត់ត្រាទុកករណីព័ត៌មានក្លែងចំនួន៦៥១។ ក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ ក្រសួងបានកត់ត្រាករណីព័ត៌មានក្លែងក្លាយចំនួន៩៨៥ករណី ហើយបើធៀបនឹងត្រីមាសទី២ គឺបានកើនចំនួន១១% ដែលមានចំនួនត្រឹម ៨៨១ករណីព័ត៌មានក្លែងក្លាយ៕