(ភ្នំពេញ)៖ ក្រសួងព័ត៌មាន បានសហការជាមួយអង្គការយូណេស្កូ (UNESCO) នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ បានរៀបចំសន្និសីទស្ដីពីការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយលើកទី២ ក្រោមប្រធានបទ «លើកកម្ពស់សេរីភាពក្នុងការបញ្ចេញមតិ ក្នុងយុគសម័យឌីជីថល»។
សន្និសីទស្តីពីការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយលើកទី២នេះនឹងរៀបចំឡើងក្នុងគោលបំណងបង្កើតជាវេទិកាមួយសម្រាប់តួអង្គពាក់ព័ន្ធទាំងអស់ក្នុងប្រព័ន្ធផ្សព្វផ្សាយ ជជែកពិភាក្សា ផ្លាស់ប្តូរយោបល់ ចែករំលែក បទពិសោធន៍ និងការអនុវត្តល្អៗ ក៏ដូចជាលើកឡើងពីកាលានុវត្តភាព និងបញ្ហាប្រឈមដែលបាននិងកំពុង កើតមានឡើងក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងយុគសម័យឌីជីថលនេះ សំដៅរួមគ្នាស្វែងរកដំណោះស្រាយសបស្រម ដើម្បីបន្តលើកកម្ពស់ការអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, លោក Sardar Almar តំណាងប្រចាំប្រទេសអង្គការយូណេស្កូ (UNESCO) និងតំណាស្ថានទូតស៊ុយអែត។ សន្និសីទនេះធ្វើឡើងរយៈពេល១ថ្ងៃពេញ ដោយមានកិច្ចពិភាក្សាក្រោមប្រធានបទសំខាន់ៗចំនួន៣ រួមមានទី១៖ ការគ្រប់គ្រងលំហព័ត៌មានប្រកបដោយប្រសិទ្ធភាព, ទី២៖ ការលើកកម្ពស់ និងពង្រឹងគុណភាពសារព័ត៌មាន និងទី៣៖ និរន្តរភាពប្រព័ន្ធផ្សព្វផ្សាយ និងបរិវិត្តកម្មឌីជីថល៖ បញ្ហាប្រឈម និងកាលានុវត្តភាពនៃភាពរីកចម្រើនផ្នែកបច្ចេកវិទ្យា។
សន្និសីទខាងលើនេះ នឹងមានការអញ្ជើញចូលរួមពីតួអង្គពាក់ព័ន្ធទាំងអស់ក្នុងប្រព័ន្ធផ្សព្វផ្សាយ រាប់បញ្ចូលទាំងមន្ត្រីក្រសួងព័ត៌មាន មន្ទីរព័ត៌មានរាជធានី-ខេត្ត អង្គការមិនមែនរដ្ឋាភិបាលដែលអនុវត្តការងារ លើប្រព័ន្ធផ្សព្វផ្សាយ សមាគមសារព័ត៌មាន អ្នកសារព័ត៌មាន អ្នកស្រាវជ្រាវ អង្គការសង្គមស៊ីវិល គ្រឹះស្ថាន អប់រំ វិស័យឯកជន ដៃគូអភិវឌ្ឍន៍នានា និងសិស្ស-និស្សិតប្រមាណ២០០នាក់។
វិស័យប្រព័ន្ធផ្សព្វផ្សាយ ដែលសេរី មានភាពចម្រុះ ពហុនិយម និងឯករាជ្យ គឺជាកត្តាសំខាន់សម្រាប់ការសម្រេចបាននូវអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងជាតម្រូវការមុនជាចម្បងសម្រាប់ការជំរុញសង្គមបើកចំហ បរិយាប័ន្ន យុត្តិធម៌ និងសន្តិភាព ដូចដែលបានទទួលស្គាល់ដោយគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី១៦ (សន្តិភាព យុត្តិធម៌ និងស្ថាប័នរឹងមាំ)។ តាមរយៈជ្រុងមួយនេះការធានាបាននូវបរិយាកាសអំណោយផលដល់សេរីភាពនៃការបញ្ចេញមតិ ការទទួលបានព័ត៌មាន និងសុវត្ថិភាពរបស់អ្នកសារព័ត៌មាន និងការលើកកម្ពស់ប្រព័ន្ធផ្សព្វផ្សាយប្រកបដោយវិជ្ជាជីវៈ និងសីលធម៌ ត្រូវតែដើរទន្ទឹមគ្នា។
យោងតាមរបាយការណ៍របស់អង្គការយូណេស្កូ វិស័យសារព័ត៌មានឯករាជ្យនៅទូទាំងពិភពលោក កំពុងស្ថិតនៅក្រោមការគំរាមកំហែង នៅក្នុងយុគសម័យឌីជីថលនេះ ដែលផ្សំឡើងដោយការកើនឡើងយ៉ាងខ្លាំងនៃការបង្ក្រាបលើប្រព័ន្ធផ្សព្វផ្សាយ ដោយអ្នកសារព័ត៌មានជាស្រ្តី ចំនួន៣០% បានរាយការណ៍ពីបទពិសោធន៍ក្នុងការដាក់ពិរុទ្ធខ្លួនឯង, ការរីករាលដាលនៃព័ត៌មានមិនពិតព័ត៌មានក្លែងបន្លំ និងពាក្យស្អប់តាមអ៊ីនធឺណិតកាន់តែធ្ងន់ធ្ងរ ដោយសារ
កង្វះ អក្ខរកម្មឌីជីថល និងប្រព័ន្ធផ្សព្វផ្សាយរួមជាមួយ និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដោយអសីលធម៌ រួមមានការប្រើប្រាស់បញ្ញាសិប្បនិមិត្តការបាត់បង់ជំនឿទុកចិត្តរបស់សាធារណជនទៅលើប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន និងការធ្លាក់ចុះនៃនិរន្តភាពរបស់វិស័យសារព័ត៌មាន៕