(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ បានរៀបចំវេទិកាទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៤ ក្រោមមូលបទ «ភាពស្រស់ស្អាតនៃសុខដុមនីយកម្ម និងគោលដៅទេសចរណ៍មូស្លីម» ជាលើកដំបូងរបស់ខ្លួន នៅសណ្ឋាគារភ្នំពេញ។ វេទិកានេះក៏មានការចូលរួមតាំងពិព័រណ៌ដូចជា សិប្បកម្ម សេវាកម្មនិងអាជីវកម្មផ្សេងៗ។
គម្រោង «សូត្រចាម» ឬ «ពណ៌នៃការចងចាំ» របស់មជ្ឈមណ្ឌលឯកសារកម្ពុជាត្បាញសូត្រដោយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមជនជាតិចាមរស់នៅស្រុកកោះសូទីន ខេត្តកំពង់ចាម ក៏បានចូលរួមដាក់តាំងបង្ហាញផលិតផលរបស់ខ្លួនផងដែរ។
វេទិកានេះប្រារព្ធឡើងក្នុងគោលបំណងដើម្បីបង្ហាញពីភាពចម្រុះនៃវប្បធម៌របស់ប្រទេសកម្ពុជា ចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍សម្រាប់ទីផ្សារទេសចរមូស្លីម, ស្វែងរកឱកាសសម្រាប់ការវិនិយោគក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចដើម្បីភាពងាយស្រួលដល់ទេសចរមូស្លីម, ពិនិត្យលទ្ធភាពរបស់ភាគីពាក់ព័ន្ធដើម្បីត្រៀមខ្លួនបំពេញនូវតម្រូវការដែលកំពុងកើនឡើងសម្រាប់ទីផ្សារទេសចរមូស្លីម, និងលើកទឹកចិត្តឲ្យមានកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធដើម្បីបង្កើត និងអនុវត្តយុទ្ធសាស្រ្តសម្រាប់ជំរុញកំណើនទេសចរណ៍ប្រកបដោយបរិយាប័ន្ន និងនិរន្តរភាពនៅកម្ពុជា។
វេទិកាទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៤ ក្រោមមូលបទ «ភាពស្រស់ស្អាតនៃសុខដុនីយកម្ម និងគោលដៅទេសចរណ៍មូស្លីម» ប្រារព្ធឡើងក្រោមអធិបតីភាពរបស់លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ។
លោកបានថ្លែងសុន្ទរកថាបើកអង្គវេទិកាដោយគូសបញ្ជាក់ថា ភ្ញៀវទេសចរមូស្លីមជាគោលដៅអត្ថិភាពមួយក្នុងចំណោមគោលដៅភ្ញៀវទេសចរដទៃៗទៀតសម្រាប់ក្រសួង។ លោកបានរំឭកថា ក្នុងឆ្នាំ២០២៣ ភ្ញៀវទេសចរអន្តរជាតិដែលបានមកទស្សនាកម្ពុជាមានចំនួនប្រមាណជាង៥លាននាក់ ក្នុងនោះភ្ញៀវទេសចរមូស្លីមមានចំនួនប្រមាណជាង៣៦ម៉ឺននាក់។
លោកថ្លែងបន្តថា ភ្ញៀវទេសចរមូស្លីមតម្រូវឲ្យមានការគិតគូរដោយយកចិត្តទុកដាក់លើបញ្ហាផ្សេងៗ ដូចជា អាហារដ្ឋានហាឡាល កន្លែងថ្វាយបង្គំ និងកន្លែងស្នាក់នៅជាដើម។ លោកក៏បានលើកឡើងពីផែនការអភិវឌ្ឍន៍ទេសចរមូស្លីម៥ឆ្នាំ (២០២៣-២០២៧) ដែលសំដៅទៅដល់ការផ្សព្វផ្សាយ និងលើកកម្ពស់វិស័យទេសចរមូស្លីមឲ្យកាន់តែទូលំទូលាយបន្ថែមទៀត។
ប្រធានបទសំខាន់ៗ រួមមាន៖ ការយល់ដឹងអំពីទីផ្សារទេសចរមូស្លីម និន្នាការ និងតម្រូវការទីផ្សារទេសចរមូស្លីមពិភពលោក, បេតិកភណ្ឌវប្បធម៌ និងពហុវប្បធម៌, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសេវាអាហារហាឡាល, កន្លែងថ្វាយបង្គំ និងកន្លែងស្នាក់នៅ ត្រូវបានលើកយកមកពិភាក្សាពីសំណាក់វាគ្មិនល្បីៗដែលអញ្ជើញមកពីក្រសួងទេសចរណ៍ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ សមាគមន៍មូស្លីមកម្ពុជា និងវិស័យឯកជននានា ដើម្បីស្វែងរកធាតុចូលបន្ថែមទៀតក្នុងការធ្វើឲ្យប្រសើរឡើងចំពោះទេសចរមូស្លីម។ វេទិកានេះក៏មានការចូលរួមពីប្រធានមន្ទីរទេសចរណ៍ រាជធានី-ខេត្ត ភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ និស្សិតជំនាញទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធវិស័យទេសចរណ៍ជាច្រើនរយនាក់។
បន្ទាប់ពីកិច្ចពិភាក្សាត្រូវបានបញ្ចប់អ្នកចូលរួមបានទស្សនាស្តង់ពិព័រណ៍ជាច្រើន ដូចជា ស្តង់ពិព័រណ៍ម្ហូបអាហារ ផលិតផលក្នុងស្រុក សិប្បកម្ម សេវាកម្ម អាជីវកម្ម និងស្តង់ពិព័រណ៍ផលិតផលតម្បាញ«សូត្រចាម» ឬ «ពណ៌នៃការចងចាំ»។
គួររំឭកផងដែរថាគម្រោង «សូត្រចាម» ឬ «ពណ៌នៃការចងចាំ» ត្រូវបានបង្កើតឡើងដោយមជ្ឈ មណ្ឌលឯកសារកម្ពុជា នៅក្នុងឆ្នាំ២០២១ ដែលគាំទ្រផ្នែកហិរញ្ញវត្ថុដោយទីភ្នាក់ងារសហប្រតិបត្តិការ និងសម្របសម្រួលរបស់ប្រទេសតួកគី (TIKA) តាមរយៈស្ថានទូតតួកគីប្រចាំកម្ពុជា។ គោលបំណងនៃគម្រោងនេះគឺដើម្បីថែរក្សាស្នាដៃត្បាញសូត្រ ការប្រើប្រាស់ពណ៌ និងគោម តាមរយៈការចងចាំរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងអាចបង្កើតប្រាក់ចំណូលសម្រាប់សហគមន៍។ គោលដៅគម្រោងសូត្រចាមនេះ គឺធ្វើយ៉ាងណាឱ្យមានការរំឭកឡើងវិញ និងទទួលស្គាល់អំពីស្នាដៃតម្បាញនេះ ទាំងក្នុងនិងក្រៅប្រទេស៕