(ព្រះសីហនុ)៖ ក្រុមការងារក្រសួងបរិស្ថាន បានសហការជាមួយរដ្ឋបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅថ្ងៃទី១៨ខែធ្នូ ឆ្នាំ២០២៤ បានចុះត្រួតពិនិត្យករណីបំពុលទឹកព្រែកកំពង់ស្មាច់ក្នុងភូមិសាស្រ្ត ស្រុកព្រៃនប់ ដែលមានប្រភពចេញពីការបញ្ចេញសំណល់រាវរបស់រោងចក្រ KOBON (CAMBODIA) BIOTHECHNOLOGY CO .,LTD ស្ថិតនៅភូមិតាអោងធំ ឃុំសាមគ្គី ក្រោយមានករណីរាយការណ៍ថា ប្រភពទឹកក្នុងតំបន់ខាងលើ បណ្តាលឱ្យមានត្រីងាប់។

ក្រុមការងារពិនិត្យឃើញថា រោងចក្រខាងលើបានកំពុងដំណើរការកែច្នៃស្បែកគោ ដើម្បីផលិតចេញជាផលិតផលជេឡាទីន (Gelatin)។ រោងចក្រមានអាងប្រព្រឹត្តិកម្មសំណល់រាវ ប៉ុន្តែពុំមានការថែទាំ និងស្តារសម្អាតត្រឹមត្រូវ តាមគោលការណ៍បច្ចេកទេសឡើយ។

ក្រុមការងារក្រសួងបានរកឃើញថា នៅតាមដងអូរព្រែកផ្អាវ ស្ថិតនៅផ្នែកខាងត្បូង ទីតាំងក្រុមហ៊ុន ដែលលាតសន្ធឹងពីកើតទៅលិច ស្ថិតនៅចំណុចជាប់នឹងរបងដី នៃទីតាំងក្រុមហ៊ុន ឃើញមានទឹកពណ៌ខ្មៅដែលអាចជា ជាប្រភេទទឹកសំណល់បង្ហូរចេញពីក្រុមហ៊ុននាពេលកន្លងមកតាមរយៈប្រឡាយចំហរ។

ក្រុមការងារក៏បានរកឃើញមានបំពង់ទុយោបង្កប់ (ទំហំមុខកាត់ ៤០សម) ប្រវែងប្រមាណ២គីឡូម៉ែត្រ ពីទីតាំងក្រុមហ៊ុន សម្រាប់បង្ហូរសំណល់រាវចេញទៅព្រែកកំពង់ស្មាច់ ស្ថិតនៅភូមិជ្រលង ឃុំទឹកល្អក់ ស្រុកព្រៃនប់ផងដែរ។

សូមបញ្ជាក់ថា ការបំពុលទឹកធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ជីវៈចម្រុះ និងសុខភាពសាធារណៈ ជាល្មើសទៅនឹងមាត្រា២៨៧ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ និងល្មើសនឹងមាត្រា៤ និងមាត្រា៦ និងមាត្រា៩ថ្មី នៃអនុក្រឹត្យស្តីពីការត្រួតពិនិត្យការបំពុលទឹក។

ជាវិធានការចំពោះមុខ ក្រុមការងារបានណែនាំក្រុមហ៊ុនត្រូវអនុវត្តនូវវិធានការជាបន្ទាន់មួយចំនួន ដើម្បីទប់ស្កាត់ការបំពុលទឹកសាធារណៈ ដោយការបង្ហូរទឹកកខ្វក់ចេញដោយគ្មានការត្រួតពិនិត្យ និងស្របតាមបទដ្ឋាន បច្ចេកទេសត្រឹមត្រូវ។

ក្រុមការងារបានណែនាំឱ្យម្ចាស់ក្រុមហ៊ុន ត្រូវបញ្ឈប់ការបង្ហូរសំណល់រាវពីខ្សែចង្វាក់ផលិតកម្មពីទីតាំងក្រុមហ៊ុន ចូលព្រែកអូរផ្អាវជាបន្ទាន់ ដោយត្រូវធ្វើការបិទភ្ជិតប្រឡាយបង្ហូរសំណល់រាវចូលព្រែកផ្អាវទាំងអស់ និងពីទីតាំងក្រុមហ៊ុនឆ្ពោះទៅដល់ព្រែកកំពង់ស្មាច់ផងដែរ។

លើសពីនេះ ក្រុមហ៊ុនត្រូវធ្វើការកែសម្រួលអាងប្រព្រឹត្តិកម្មសំណល់រាវ និងដំណើរការឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងធានាគុណភាពសំណល់រាវ ដោយអនុលោមតាមស្តង់ដាបញ្ចេញ និងត្រូវធ្វើការបំពាក់ឧបករណ៍ តាមដានស្វ័យត្រួតពិនិត្យ លើការបញ្ចេញសំណល់រាវ ស្របតាមច្បាប់ និងបទដ្ឋានគតិយុត្ត។

លើសពីនេះក្រុមហ៊ុនត្រូវស្តារទឹកសំណល់ និងភក់នៅតាមដងអូរព្រែកផ្អាវ ដែលរងការបំពុល ចាប់ពីចំណុចទីតាំងក្រុមហ៊ុន រហូតដល់ព្រែកកំពង់ស្មាច់ ដើម្បីស្តារបរិស្ថានឱ្យបានស្អាតឡើងវិញ។ ជាមួយគ្នានេះក្រុមការងារកំពុងបន្ត ចុះជួបប្រជាពលរដ្ឋ ដើម្បីសិក្សាវាយតម្លៃពីផលប៉ះពាល់ផ្ទាល់ពីការបំពុលបរិស្ថានដោយរោងចក្រខាងលើបន្ថែមទៀត៕