(ព្រះវិហារ)៖ ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ បានដឹកនាំប្រតិភូកងពលធំអន្តរាគមន៍លេខ៣ និងកងពលតូច អន្តរាគមន៍ចំណុះទាំង៣ នាំយកថវិកាចំនួន ១០០,០០០,០០០រៀល និងថវិកាពីសប្បុរសជនចំនួន ១៣,៤៨២,០០០រៀល ទៅបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ស្ថិតនៅក្នុងខេត្តសៀមរាប។
នៅក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ស្រី ឌឹក បានថ្លែងថា ថវិកាចំនួន ១១៣,៤៨២,០០០រៀល ដែលក្រុមការងារនាំយកមកប្រគល់ជូនដល់មន្ទីរពេទ្យទាំងពីរ គឺជាការចូលរួមវិភាគទានដ៏ស្មោះស្ម័គ្រអស់ពីដួងចិត្តរបស់នាយទាហាន នាយទាហានរង ពលទាហាន កងពលធំអន្តរាគមន៍លេខ៣ និងកងពលតូចអន្តរាគមន៍ចំណុះទាំង៣ ដើម្បីជាការឆ្លើយតបទៅតាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ។
ឧត្តមសេនីយ៍ឯក ស្រី ឌឹក បន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី បានបន្តអនុវត្តយ៉ាងសកម្មនូវកម្មវិធីគាំពារសង្គម ការពាររឹងមាំខឿនសុខភាពរបស់ប្រជាជន ជាពិសេសសកម្មភាពមនុស្សធម៌ រួមចំណែកគាំទ្រលើកស្ទួយកិច្ចដំណើរការគាំពារផ្នែកសុខភាព ប្រកបដោយគុណភាពជូនស្រ្តីសម្រាលកូន (មន្ទីពេទ្យគន្ធបុប្ផា) និងកុមារកម្ពុជា (មន្ទីពេទ្យទាំងពីរ) ដោយមិនគិតថ្លៃ។
លោកមេបញ្ជាការ បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកវេជ្ជបណ្ឌិតអគ្គនាយក មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា និងលោកវេជ្ជបណ្ឌិតអគ្គនាយក មន្ទីពេទ្យកុមារអង្គរ និងសហការីទាំងអស់ ដែលប្រកបដោយ កាយវិការមនុស្សធម៌ចំពោះប្រជាជនកម្ពុជា បានបង្កើតស្នាមញញឹម និងផ្តល់ក្ដីសង្ឃឹមជាទីទុកចិត្តដល់ប្រជាជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈ។ ដើម្បីរួមចំណែកបន្តរក្សានិរន្តរភាព នៃកិច្ចដំណើរការព្យាបាល របស់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ក្នុងគោលដៅជួយសង្រ្គោះ និងលើកកម្ពស់សុខុមាលភាពរបស់ទារក និងកុមារនៅកម្ពុជា។
ជាមួយគ្នានេះ មូលនិធិមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា និងមូលនិធិមន្ទីរពេទ្យកុមារអង្គរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឧត្តមសេនីយ៍ឯក ស្រី ឌឹក ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងកងពលធំ អន្តរាគមន៌លេខ៣ និងកងពលតូចអន្តរាគមន៍ចំណុះទាំង៣ ចំពោះទឹកចិត្តសប្បុរសធម៌ក្នុងការបរិច្ចាគនូវថវិកាផ្ទាល់ខ្លួន ដោយស្ម័គ្រចិត្ត ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការរក្សានិរន្តរភាពនៃកិច្ចដំណើរការ របស់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ក្នុងការបន្តផ្ដល់សេវាពិនិត្យ និងព្យាបាលជំងឺដល់ទារក និងកុមារ នៅកម្ពុជាដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើងចំពោះវណ្ណៈមនុស្សជាតិ ។
សូមបញ្ជាក់ថា ថវិកាសរុប ១១៣,៤៨២,០០០រៀល ត្រូវបានបែងចែកក្នុងនោះមន្ទីរពេទ្យគន្ធបុប្ផាទទួលបានថវិកាបរិច្ចាគចំនួន ៥០លានរៀល និងថវិកាសប្បុរសជនចំនួន ៨,៧១៦,០០០រៀល និងមន្ទីរពេទ្យកុមារអង្គរ ទទួលបានថវិកាបរិច្ចាគចំនួន ៥០លានរៀល និងថវិកាសប្បុរសជនចំនួន ៤,៧៦៦,០០០រៀល៕