(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បន្តយកចិត្តទុកដាក់យ៉ាងខ្លាំង​លើការជំរុញទាក់ទាញវិនិយោគ​ក្នុងវិស័យអាទិភាព ដើម្បីជំរុញការធ្វើពិពិធកម្មមូលដ្ឋានឧស្សាហកម្មនិងសេដ្ឋកិច្ចកម្ពុជា ព្រមទាំងបង្កើនឱកាសការងារជូនប្រជាពលរដ្ឋខ្មែរ។

លោក ស៊ុន ចាន់ថុល បានលើកឡើងយ៉ាងដូចនេះ នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ នាឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំការរៀបចំយុទ្ធសាស្ត្រជំរុញវិនិយោគរយៈពេល៣ឆ្នាំ និងផែនការសកម្មភាព ដោយមានការអញ្ជើញចូលរួមពីលោកស្រី Bridget Collier ឯកអគ្គរដ្ឋទូតរងអូស្រា្តលីប្រចាំកម្ពុជា និងសហការី, តំណាងកម្មវិធីភាពជាដៃគូកម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញសរុបប្រមាណ ៤០រូប។

កិច្ចប្រជុំខាងលើនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សា និងសម្រេចជ្រើសរើសវិស័យអាទិភាពចម្បង សម្រាប់ការរៀបចំយុទ្ធសាស្រ្តជំរុញវិនិយោគ ក្រោមជំនួយបច្ចេកទេសរបស់អូស្រ្តាលី តាមរយៈកម្មវិធី CAPRED។ យុទ្ធសាស្ត្រជំរុញវិនិយោគ នឹងដាក់ចេញសកម្មភាពជាក់លាក់ដែលអាចអនុវត្តបាន ដោយផ្តោតជាចម្បងលើការកំណត់វិស័យអាទិភាព, ការគាំទ្រនិងកិច្ចសម្រួលដល់វិនិយោគិន, ព្រមទាំងការកំណត់គុណតម្លៃច្បាស់លាស់ក្នុងវិស័យអាទិភាពដែលបានកំណត់ ដើម្បីជំរុញទាក់ទាញវិនិយោគ និងទាញយកជាអតិបរមានូវកាលានុវត្តភាព​ពីនិន្នាការដែលបាននិងកំពុងលេចឡើងទាំងក្នុងតំបន់ និងសកល។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូរបស់ស្ថានទូតអូស្រា្តលី ព្រមទាំងបានបង្ហាញពីចំណាប់អារម្មណ៍​លើការសហការរៀបចំយុទ្ធសាស្រ្តនេះ​ជាមួយកម្មវិធី CAPRED ដោយហេតុថាឯកសារយុទ្ធសាស្ត្រនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់បេសកកម្មជំរុញទាក់ទាញវិនិយោគ។

លោកឧបនាយករដ្ឋមន្ត្រី បានផ្ដល់នូវអនុសាសន៍ដល់កម្មវិធី CAPRED ឱ្យផ្តល់អាទិភាពស្វែងរកព័ត៌មានអំពីក្រុមហ៊ុនសក្ដានុពល ដែលមានបំណងចង់ផ្លាស់ប្ដូរមូលដ្ឋានផលិតកម្មមក​កាន់តំបន់អាស៊ាន, ព្រមទាំងសិក្សាស៊ីជម្រៅលើយុទ្ធសាស្រ្តគាំទ្រដល់វិស័យកសិឧស្សាហកម្មកម្ពុជា, និងសាកល្បងសិក្សាសមិទ្ធិលទ្ធភាពក្នុងការកំណត់យកវិស័យភស្ដុភារកម្ម ជាវិស័យអាទិភាពមួយបន្ថែមទៀត​សម្រាប់យុទ្ធសាស្ត្រជំរុញ​វិនិយោគរយៈពេល៣ឆ្នាំ។ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអូស្រ្តាលីដែលបាននិងកំពុងបន្តផ្ដល់នូវហិរញ្ញប្បទាន និងជំនួយបច្ចេកទេសនានា សម្រាប់កិច្ចអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា។

លោកស្រី Bridget Collier បានសម្តែងនូវសេចក្តីសោមនស្ស និងការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលអូស្រ្តាលី និងរាជរដ្ឋាភិបាលកម្ពុជាកន្លងមក ជាពិសេសកិច្ចសហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ លោកស្រីឯកអគ្គរដ្ឋទូតរង មានសង្ឃឹមយ៉ាងមុតមាំថា យុទ្ធសាស្រ្តវិនិយោគរយៈពេល៣ឆ្នាំ នឹងក្លាយឯកសារផ្ទៃក្នុងយ៉ាងសំខាន់​សម្រាប់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អាចតម្រង់ទិសការទាក់ទាញវិនិយោគដែលមានគុណភាព និងតម្លៃបន្ថែមខ្ពស់សម្រាប់កម្ពុជា៕