(កំពង់ឆ្នាំង)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានថ្លែងបញ្ជាក់ថា ទិវាជាតិរំលឹកដល់ជនរងគ្រោ ដោយសារគ្រោះថ្នាក់ ចរាចរណ៍ផ្លូវគោកលើកទី១៩ គឺធ្វើឡើងក្នុងគោលបំណងដើម្បីរំលែកទុក្ខសោកដល់ក្រុមគ្រួសារ និងជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍។
ទិវានេះក៏ដើម្បីជួយពញ្ញាក់អារម្មណ៍ដល់ប្រជាពលរដ្ឋគ្រប់រូបឲ្យយល់ដឹងអំពីផលប៉ះពាល់ ដ៏សោកសៅនៃគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងដោយការបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព ការបើកបរហួសល្បឿនកំណត់ ការវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ការដឹកលើសទម្ងន់កំណត់ ឬសំពីងសំពោង និងការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។
លោកអភិសន្តិបណ្ឌិត ស សុខា បានបញ្ជាក់ដូចនេះនាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ នាឱកាសដែលលោកបានអញ្ជើញជាអធិបតី ដឹកនាំប្រារព្វទិវាជាតិរំលឹកដល់ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៩ ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តកំពង់ឆ្នាំង និងដោយមានការចូលរួមពីលោកស្រី មិន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងមានការនិមន្ត អញ្ជើញចូលរួមពីសំណាក់ ព្រះទេពមុនី សុខ ថាន ព្រះមេគណខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត សិស្សានុសិស្សាជាច្រើនរួមទាំងប្រជាពលរដ្ឋសរុប១,២០០នាក់។
បន្ថែមពីនេះលោកអភិសន្តិបណ្ឌិត ស សុខា បានអំពាវនាវប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវថ្នល់ទាំងអស់ ជាពិសេសអ្នកបើកបរយានយន្តនៅទូទាំងប្រទេសត្រូវស្វែងយល់ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានកា ដែលមានចែង ក្នុងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងសំណូមពរសុំឱ្យបងប្អូនទាំងអស់ជួយផ្សព្វផ្សាយសេចក្តីអំពាវនាវខាងលើនេះ ទៅដល់បងប្អូនមិត្តភ័ក្តិបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើដំណើរ ដើម្បីចូលរួមចំណែកជួយសង្គ្រោះជីវិតមនុស្ស នៅលើផ្លូវថ្នល់ផងដែរ។
លោក ស៊ុន សុវណ្ណារិទ្ធិ អនុប្រធានគណៈកម្មការសុវតិ្ថភាពចរាចរណ៍ផ្លូវគោកខេត្ត បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍បានកើតមាននៅខេត្តកំពង់ឆ្នាំងចំនួន៧៣លើក កើនឡើង ៣៧លើក ស្មើ១០៣% បណ្តាលឱ្យស្លាប់ចំនួន ៥៥នាក់ ស្រីចំនួន ១៣នាក់ កើនឡើង ១៥នាក់ ស្មើ ៣៨%។ ក្នុងចំណោមអ្នកស្លាប់ ៥៥នាក់ មានអ្នកបើកបរទោចក្រយានយន្ត ៣២នាក់ មិនពាក់មួក ១៦នាក់ ស្មើ ៥០% រួមដំណើរតាមទោចក្រយានយន្តចំនួន ៩នាក់ មិនពាក់មួក ៦នាក់ ស្មើ ៦៧%អ្នកបើកបររថយន្តចំនួន៥នាក់ អ្នកថ្មើរជើងចំនួន ៧នាក់ និងអ្នកជិះកង់ចំនួន២នាក់។
អភិបាលខេត្តបានបញ្ជាក់ទៀតថា ក្នុងឆ្នាំ២០២៤នេះ អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំង បានចេញសេចក្តីអំពាវនាវទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងបានរៀបចំយុទ្ធនាការពញ្ញាក់ស្មារតីដល់អ្នកបើកបរ យានយន្តគ្រប់ប្រភេទនៅលើដងផ្លូវ នៅមុនឱកាសបុណ្យជាតិសំខាន់ៗ ដោយបានចុះធ្វើការណែនាំ ផ្សព្វផ្សាយ ចែកខិតបណ្ណ និងចងបដាពាក្យស្លោកអប់រំអំពីសុវត្ថិភាពចរាច រណ៍នៅតាមដងផ្លូវជាតិ និងទីប្រជុំជននានាក្នុងខេត្ត ចុះធ្វើការផ្សព្វផ្សាយ អប់រំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ជូនដល់សហគមន៍ប្រជាពលរដ្ឋកងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្សបានសរុបចំនួន ៧៣លើក ពិសេសបានធ្វើការអប់រំ និងផ្សព្វផ្សាយច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោកដល់អ្នកបើកបររថយន្តដឹកកម្មកររោងចក្រជាច្រើនលើកផងដែរ។
សូមបញ្ជាក់ថា នៅក្នុងពិធីនេះ ក៏បាននិមន្តព្រះទេពមុនី សុខ ថាន ព្រះមេគណខេត្តនិងព្រះមន្រ្តីសង្ឃ ខេត្ត-ស្រុក ធ្វើពិធីសូត្រមន្តបង្សុកូលឧទ្ទិសកុសល ផលបុណ្យដល់អ្នកស្លាប់ដោយគ្រោះថ្នាក់ចរចរណ៍ និងបានផ្ដល់មួកសុវត្ថិភាព ជូនដល់កង កម្លាំងប្រដាប់អាវុធ មន្ត្រីរាជការសិស្សានុសិស្ស និងប្រជាពលរដ្ឋដែលបានអញ្ជើញមកចូលរួមក្នុងកម្មវិធីខាងលើនេះផងដែរ៕